(ភ្នំពេញ)៖ ពិព័រណ៍​បេតិកភណ្ឌវប្បធម៌អរូបីកម្ពុជា-ចិន ត្រូវបានរៀបចំឡើង នៅរាជធានីភ្នំពេញ រយៈពេល១៥ថ្ងៃ ក្រោមប្រធានបទ «សម្រស់នៃបេតិកភណ្ឌអរូបី» ដើម្បីគាំទ្រដល់ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ២០២៤។

ពិព័រណនេះ រៀបចំឡើងដោយ នាយកដ្ឋានវប្បធម៌និងទេសចរណ៍ខេត្តក្វាងស៊ី កាសែត Guangxi Daily សារមន្ទីរទីក្រុងលីវចូវ សមាគមសម្ព័ន្ធខ្មែរចិន សារព័ត៌មានពាណិជ្ជកម្ម និងសារព័ត៌មាន​ស៊ីស៊ីថាមស៍ ដែលពិធីបើកពិព័រណ៍​ បានធ្វើឡើងនៅសមាគមសម្ព័ន្ធកម្ពុជា-ចិន ដោយមានការចូលរួម លោក ជួន ចាន់ភារុណ អគ្គនាយករង នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍, លោក Liu Ri Gang ( លាវ ស៊ី កាង )សមាជិកគណៈកម្មាធិការនៃកាសែត Guangxi Daily, លោក Zhang Peng ប្រធានការិយាល័យព័ត៌មាននៃស្ថានទូតចិនប្រចាំកម្ពុជា រួមទាំងភ្ញៀវកិត្តិយស អ្នកសិល្បៈ អ្នកសារព័ត៌មានកម្ពុជា-ចិនជាច្រើននាក់។

ថ្លែងក្នុងពិធីបើកពិព័រណ៍​បេតិកភណ្ឌវប្បធម៌អរូបីកម្ពុជា-ចិន លោក ជួន ចាន់ភារុណ អគ្គនាយករង នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន បានលើកឡើងថា ការតាំងពិព័រណ៍វប្បធម៌នេះ មានសារសំខាន់ណាស់ ដែលជាកសាងស្ពានសម្រាប់ការផ្លាស់ប្តូរវប្បធម៌ និងដើរតួនាទីយ៉ាងសកម្ម ក្នុងការជំរុញការផ្លាស់ប្តូរប្រជាជន និងប្រជាជននៃកម្ពុជា-ចិន និងចំណងមិត្តភាពរវាងប្រទេសទាំងពីរ។ លោកបន្តថា តាមរយៈពិព័រណ៍នេះ ប្រទេសកម្ពុជានឹងអាចរៀនសូត្រពីបទពិសោធន៍ របស់ប្រទេសចិនក្នុងការការពារ និងទទួលស្នងមរតកវប្បធម៌អរូបី។ លោកសង្ឃឹមថា អ្នកសារព័ត៌មាននៃប្រទេសទាំងពីរ នឹងរៀបចំព្រឹត្តិការណ៍បែបនេះកាន់តែច្រើន និងតាមរយៈឥទ្ធិពលនៃប្រព័ន្ធផ្សព្វផ្សាយ ពង្រឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរកាន់តែខ្លាំងឡើង។

ចំណែក លោក Liu Ri Gang សមាជិកគណៈកម្មាធិការនៃកាសែត Guangxi Daily បានលើកឡើងដែរថា ពិព័រណ៍នេះ គឺជាសក្ខីភាពដ៏មានអានុភាពនៃការផ្លាស់ប្តូរវប្បធម៌ ទៅវិញទៅមករវាងចិននិងកម្ពុជា ហើយក៏ជាសក្ខីភាពដ៏មានអានុភាពចំពោះការបន្តធ្វើឱ្យកាន់តែស៊ីជម្រៅនៃទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពរវាងប្រជាជនទាំងពីរ។

លោកបានបន្ថែមថា ប្រទេសចិន និងកម្ពុជា មានប្រវត្តិសាស្ត្រនិងវប្បធម៌ដ៏យូរអង្វែងនិងត្រចះត្រចង់ ហើយបេតិកភណ្ឌវប្បធម៌អរូបីដ៏សម្បូរបែប ជាសក្ខីភាពបង្ហាញពីប្រាជ្ញាឆ្លាតវៃ និងគំនិតច្នៃប្រឌិត របស់ប្រជាជនប្រទេសទាំងពីរ។ លោកបន្តទៀតថា ចាប់តាំងពីល្ខោនអូប៉េរ៉ាប៉េកាំង អក្សរផ្ចង់ ការដេរប៉ាក់ និង តម្បាញជនជាតិជាំងរបស់ប្រទេសចិន រហូតដល់ល្ខោនខោល ចម្លាក់នៅតាមប្រាសាទ និងតម្បាញសូត្ររបស់ប្រទេសកម្ពុជា រាល់បេតិកភណ្ឌអរូបីទាំងនេះមិនត្រឹមតែជាមោទនភាព របស់ប្រជាជនទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកំណប់ទ្រព្យនៃអរិយធម៌របស់មនុស្សជាតិផងដែរ។

ពិព័រណ៍​បេតិកភណ្ឌវប្បធម៌អរូបីកម្ពុជា-ចិន ធ្វើឡើងបានរៀបចំឡើង១សប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីកម្ពុជា-ចិន ប្រារព្ធពិធី «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ២០២៤» នៅខេត្តសៀមរាប។ ឆ្នាំនេះ បានក្លាយជាចលករយ៉ាងសំខាន់ក្នុងការបង្កើនតភ្ជាប់វិស័យទេសចរណ៍ វប្បធម៌ និងទំនាក់ទំនងរវាងប្រជាជននៃប្រជាជាតិទាំងពីរ និងជាមូលដ្ឋានមិនអាចខ្វះបាន ក្នុងការសម្រេចឱ្យបាននូវការកសាងសហគមន៍ជោគវាសនារួមគ្នា រវាងប្រជាជាតិយើងទាំងពីរ កម្ពុជា-ចិន។

រហូតមកដល់ពេលនេះទំនាក់ទំនងការទូត ប្រទេសទាំងពីរ កម្ពុជា-ចិន មានរយៈពេល៦៥ឆ្នាំមកហើយ ដោយបានក្លាយទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងកំពុងកសាងសហគមន៍រួមវាសនាតែមួយ៕