(កំពង់ធំ)៖ លោក ចាន់ តារា អភិបាលរងខេត្តកំពង់ធំ បានណែនាំឱ្យអាជ្ញាធរក្រុងស្រុកទាំងអស់ ផ្សព្វផ្សាយឱ្យបានឆាប់រហ័ស នៃការកែសម្រួលទំហំប្រាក់ឧបត្ថម្ភជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩។

លោក ចាន់ តារា បានថ្លែងបើកកិច្ចប្រជុំផ្សព្វផ្សាយ ការកែសម្រួលទំហំប្រាក់ឧបត្ថម្ភ សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ ដោយមានការចូលរួមពីអភិបាលក្រុង ស្រុក និងលោក លោកស្រី មេឃុំ ចៅសង្កាត់ រួមទាំងអង្គភាពស្ថាប័នពាក់ព័ន្ធប្រមាណជាង ១៨០នាក់ នៅសាលប្រជុំខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤។

លោកបានលើកឡើងពីគោលបំណងនៃកិច្ចប្រជុំផ្សព្វផ្សាយពីទំហំឧបត្ថម្ភថ្មី និងការបើកផ្តល់របស់កម្មវិធី នៃមន្ត្រីប្រតិបត្តិខេត្តទៅដល់តួអង្គប្រតិបត្តិករមន្រ្តីទទួលបន្ទុកកម្មវិធីឃុំ សង្កាត់ ក្នុងក្របខណ្ឌទូ ទាំងខេត្ត សម្រាប់បន្តផ្សព្វផ្សាយតាមខ្នងផ្ទះគ្រួសារកំពុងទទួលផលឱ្យយល់ច្បាស់ពីទំហំប្រាក់ឧបត្ថម្ភថ្មីនេះជៀសវាង មានការយល់ច្រឡំណាមួយ។

លោក ចាន់ តារា បានបន្តថា ដោយផ្អែកលើភាពប្រសើរឡើងនូវស្ថានភាពនៃជំងឺកូវីដ១៩ និងការដាក់ឱ្យអនុវត្តកម្មវិធីជាតិជំនួយសង្គម ក្នុងកញ្ចប់គ្រួសារ ដែលជាកម្មវិធីជំនួយសង្គមមានលក្ខណៈអចិន្រ្តៃយ៍ និងប្រក្រតី ហើយគ្រោងនឹងដាក់ឱ្យអនុវត្តនៅក្នុងខែមេសា ឆ្នាំ២០២៤ ដើម្បីបន្តការគាំទ្រដល់គ្រួសារមានបណ្ណសមធម៌ និងដើម្បីអនុវត្តយុទ្ធសាស្ត្រចាកចេញ រាជរដ្ឋាភិបាលបានដាក់ចេញអនុក្រឹត្យលេខ៣៧១ អនក្រ.បក ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ ស្តីពីការកែសម្រួលអនុក្រឹត្យលេខ៨៨ អនក្រ.បក ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ ស្តីពីការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ ដោយផ្តល់ប្រាក់ឧបត្ថម្ភ ចាប់ពីខែមករា រហូតដល់ខែមីនា ឆ្នាំ២០២៤ តាមទំហំប្រាក់ឧបត្ថម្ភថ្មី ដែលប្រាក់ឧបត្ថម្ភក្នុងទំហំថ្មីនេះ គឺត្រូវបានបែង ចែកទៅតាមប្រភេទបណ្ណសមធម៌ និងកម្រិតនៃភាពក្រីក្រដដែល ប៉ុន្តែបានបញ្ឈប់ការឧបត្ថម្ភលើចំនួនសមាជិកគ្រួសារ ដោយរក្សាទុកនូវអត្រាឧបត្ថម្ភសម្រាប់លក្ខខណ្ឌផ្សេងទៀតឱ្យនៅដដែល ។

លោក ចាន់ តារា បានផ្តល់ការគាំទ្រ និងការបង្កលក្ខណៈដល់ដំណើរការនៃការផ្សព្វផ្សាយដល់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ដែលជាអ្នកសម្របសម្រួលផ្សព្វផ្សាយបន្តដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងក្រោយពីទទួលបានការផ្សព្វផ្សាយនេះរួច សូមរដ្ឋបាលឃុំ សង្កាត់ ដោយមានការសម្របសម្រួលពីរ ដ្ឋបាលក្រុង ស្រុក កំណត់យកថ្ងៃណាមួយ ដើម្បីធ្វើការផ្សព្វផ្សាយដល់មេភូមិ អនុភូមិ និងសមាជិកភូមិ បន្តធ្វើការផ្សព្វផ្សាយ និងចែកបណ្ណផ្សព្វផ្សាយ តាមខ្នងផ្ទះអ្នកទទួលផលឱ្យបានរួចរាល់មុនថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ដែលជា ថ្ងៃចាប់អនុវត្តទំហំប្រាក់ឧបត្ថម្ភថ្មីនេះ៕