កម្លាំងអាវុធហត្ថចុះបង្ក្រាបទីតាំងជល់មាន់ ដុះស្លែមួយកន្លែង នៅស្រុកព្រះស្តេច ដកហូតម៉ូតូ១១គ្រឿង ខណ:អ្នកលេងរត់ព្រោងព្រាត
28-08-2016 08:45
(ព្រៃវែង)៖ កម្លាំងជំនាញមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថ ខេត្តព្រៃវែង នៅល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦ បានចុះបង្រ្កាបករណីលេងល្បែងជល់មាន់ ដុះស្លែមួយកន្លែង ស្ថិតនៅចំណុចភូមិប្របុះ ឃុំរាជ្យឧត្តម ស្រុកព្រះស្តេច។
មេបញ្ជាការអាវុធហត្ថខេត្តព្រៃវែង លោកឧត្តមសេនីយ៍ត្រី ម៉ែន សីុប៊ន បានបញ្ជាក់នៅព្រឹកថ្ងៃនេះថា សម្រាប់ប្រតិបត្តិការបង្ក្រាបទីតាំងជល់មានមួយនេះ កម្លាំងរបស់លោក បានដកហូតមាន់ ចំនួន០១ក្បាល កន្រ្តកដាក់មាន់ចំនួន០៥ ទ្រុងក្រុងមាន់ចំនួន០២ បង្គោលឬស្សីសម្រាប់ធ្វើសៃវៀនសម្រាប់ជល់ចំនួន១២កំណាត់ (ប្រវែង១ម៉ែត្រ) តង់កៅស៊ូសម្រាប់ប្រក់រោងចំនួន០១តង់ និងម៉ូតូចំនួន១១គ្រឿងផងដែរ។ ប៉ុន្តែអ្នកញៀនល្បែងជល់មាន់ទាំងនេះ បាននាំគ្នារត់ព្រោងព្រាត នៅពេលឃើញកម្លាំងសមត្ថកិច្ច ចុះទៅបង្ក្រាបនោះ។
បច្ចុប្បន្នវត្ថុតាងយកមករក្សាទុក នៅកងរាជអាវុធស្រុកព្រះស្តេច ដើម្បីចាត់ការតាមផ្លូវច្បាប់៕