(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកម្មវិធីបញ្ជ្រាបការយល់ដឹងស្តីពី “នីតិវិធីអនុវត្តការងារសម្រាប់គ្រប់មុខសញ្ញាកិច្ចលទ្ធកម្មសាធារណៈតាម FMIS” សម្រាប់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួងបរិស្ថាន ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី ដែលជាថ្នាក់ដឹកនាំ និង មន្ត្រីជំនាញ នៃអង្គភាពលទ្ធកម្ម និង ក្រុមលទ្ធកម្មនៃអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញថ្នាក់កណ្តាល នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួងបរិស្ថាន ចំនួនប្រមាណ ២០០ រូប។

កម្មវិធីនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ និង បញ្ជ្រាបការយល់ដឹងអំពីសមិទ្ធផលថ្មីៗ ដែលត្រូវបានអភិវឌ្ឍដោយក្រុមការងារគ្រប់គ្រងគម្រោង FMIS ជាពិសេស “នីតិវិធីអនុវត្តការងារសម្រាប់គ្រប់មុខសញ្ញាកិច្ចលទ្ធកម្មសាធារណៈតាម FMIS” ដែលត្រូវបានរៀបចំរួចរាល់ និង ត្រៀមដាក់ឱ្យអនុវត្តសម្រាប់អង្គភាពលទ្ធកម្ម និង ក្រុមលទ្ធកម្មនៃអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញថ្នាក់កណ្តាល នៃក្រសួងទាំង ២ ព្រមទាំងត្រៀមរៀបចំវគ្គបណ្តុះបណ្តាល ជូនថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធ ដើម្បីមានសមត្ថភាពពេញលេញ សម្រាប់ការអនុវត្តនៅក្នុងឆ្នាំ ២០២៤ នេះ ។

ថ្លែងក្នុងពិធីនោះ លោកបណ្ឌិតសភាចារ្យ បានជម្រាបជូនអង្គពិធីថា ដើម្បីកសាងមូលដ្ឋានគ្រឹះសម្រាប់ការអនុវត្តថវិកាព័ត៌មានសមិទ្ធកម្ម ដែលធានាឱ្យបាននូវការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ, វត្តមានរបស់ FMIS គឺពិតជាពុំអាចខ្វះបានសម្រាប់ការជួយត្រួតពិនិត្យ តាមដាន និង វាយតម្លៃលើការអនុវត្តថវិកាសមិទ្ធកម្មនេះ ។ ទន្ទឹមនឹងនេះ, FMIS បានចូលរួមចំណែកយ៉ាងខ្លាំងក្នុងការគាំទ្រ និង ជំរុញដល់ការធ្វើប្រតិភូកម្មសិទ្ធិអំណាចដល់អង្គភាពថវិកាក្រោមឱវាទក្រសួង-ស្ថាប័ន ទៅជាអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ ផងដែរ។

លោកបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់បន្ថែមថា កាលពីថ្ងៃទី ២ ខែ មករា ឆ្នាំ ២០២៤ កន្លងទៅថ្មីៗនេះ, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានប្រកាសដាក់ឱ្យអនុវត្តនីតិវិធីបង្កើត ឬ កែសម្រួលរជ្ជទេយ្យបុរេប្រទាន និង ចលនាឥណទានថវិកាចរន្តតាម FMIS ទាំងស្រុង នៅក្រសួង-ស្ថាប័នចំនួន ៨ ដើម្បីសម្រួលដល់ការធ្វើប្រតិបត្តិការដែលបានអនុវត្តនៅក្រៅប្រព័ន្ធ និង មាននីតិវិធីស្មុគស្មាញ ជាមួយនឹងការប្រើប្រាស់ឯកសារក្រដាស, ហើយ “នីតិវិធីអនុវត្តការងារសម្រាប់គ្រប់មុខសញ្ញាកិច្ចលទ្ធកម្មសាធារណៈតាម FMIS” ដែលកំពុងផ្សព្វផ្សាយនាពេលនេះ ក៏ជាសមិទ្ធផលថ្មីមួយទៀត បន្ថែមលើសមិទ្ធផលថ្មីៗជាច្រើនទៀត ដែលត្រូវបានអភិវឌ្ឍដោយក្រុមការងារគ្រប់គ្រងគម្រោង FMIS។

ក្នុងស្មារតីជំរុញឱ្យការអនុវត្តនីតិវិធីថ្មី ដែលគ្រោងនឹងដាក់ឱ្យប្រើប្រាស់នៅក្នុងឆ្នាំ ២០២៤ នេះ ដំណើការទៅដោយរលូន និង មានប្រសិទ្ធភាព, លោកបណ្ឌិតសភាចារ្យ បានផ្តល់អនុសាសន៍ណែនាំជូនដល់អ្នកប្រើប្រាស់ នៃអង្គភាពលទ្ធកម្ម និង ក្រុមលទ្ធកម្មរបស់អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញថ្នាក់កណ្តាល នៃក្រសួងទាំង ២ ដូចតទៅ៖

១៖ ពង្រឹងសមត្ថភាពរបស់ខ្លួន ប្រសិនបើពុំយល់ច្បាស់ពីអ្វីមួយពាក់ព័ន្ធនឹងនីតិវិធីថ្មីនេះ សូមធ្វើការសាកសួរ និង បើមានសំណូមពរ ឬ បញ្ហាប្រឈមណាមួយ សូមទំនាក់ទំនងមកកាន់ក្រុមការងារនៃលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ដែលតែងតែរង់ចាំដោះស្រាយជូន ទាំងនៅក្នុងកម្មវិធីនេះ និង នៅពេលក្រោយ តាមរយៈ Hot Line និង យន្តការប្រព័ន្ធ PK-The Helper ។

២៖ ត្រៀមរៀបចំបញ្ជីឈ្មោះថ្នាក់ដឹកនាំ និង មន្រ្តីជំនាញ នៃអង្គភាពលទ្ធកម្ម និង ក្រុមលទ្ធកម្ម ទៅតាមតួនាទី និង ការទទួលខុសត្រូវជាក់ស្តែង ព្រោះថាការអនុវត្តនីតិវិធីថ្មីនេះ មិនមានការចុះហត្ថលេខាលើឯកសារជាក្រដាសទៀតនោះទេ ចំពោះដំណាក់កាលស្នើសុំទិដ្ឋាការដេញថ្លៃ វាយតម្លៃ និង កិច្ចសន្យា ដោយសារការអនុម័តក្នុងប្រព័ន្ធត្រូវបានទទួលស្គាល់ជាផ្លូវការ តាមរយៈគណនីសម្ងាត់របស់អ្នកប្រើប្រាស់នីមួយៗ។

៣៖ ត្រៀមខ្លួនចូលរួមវគ្គបណ្តុះបណ្តាល ដែលនឹងត្រូវរៀបចំឡើងនាពេលដ៏ខ្លីខាងមុខតាមប្រព័ន្ធអនឡាញ និង ដោយផ្ទាល់សម្រាប់ថ្នាក់ដឹកនាំ ដើម្បីឈានទៅអនុវត្តតាម FMIS ប្រកបដោយភាពរលូន និង ប្រសិទ្ធភាព។

៤៖ សូមយកចិត្តទុកដាក់ប្រកបដោយស្មារតីទទួលត្រូវខ្ពស់ នៅពេលអនុវត្តនីតិវិធីអនុវត្តការងារសម្រាប់គ្រប់មុខសញ្ញាកិច្ចលទ្ធកម្មសាធារណៈនេះ ព្រោះថាការអនុវត្តដែលពុំស្របទៅតាមសេចក្តីណែនាំដែលក្រុមការងាររៀបចំជូន នឹងប្រឈមទៅនឹងការធ្វើសវនកម្ម និង អធិការកិច្ច នាពេលក្រោយ ៕