(ភ្នំពេញ)៖ យុវសិស្សកម្ពុជា៧រូប ក្នុងចំណោម១៤រូប ដែលបានទៅចូលរួមប្រឡងគណិតវិទ្យាអន្តរជាតិ FMO វគ្គផ្តាច់ព្រ័តនៅប្រទេសវៀតណាម បាននាំយកពាន និងមេដាយត្រឡប់មកមាតុប្រទេសវិញហើយ បន្ទាប់ពីពួកគេបានទៅចូលប្រឡងកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤។
ការប្រកូត FMO វគ្គផ្តាច់ព្រ័ត បានធ្វើឡើងចំនួនពីរដង ដែលលើកទី១ ជាការឱ្យសិស្សប្រឡងសាកល្បងរយៈពេល១ម៉ោង និង៣០នាទី សម្រាប់ថ្នាក់បឋមសិក្សា និង២ម៉ោងសម្រាប់ថ្នាក់អនុវិទ្យាល័យនិងវិទ្យាល័យ និងលើកទី២ជាការប្រឡងផ្លូវការ ដែលមានរយៈពេលដូចការប្រឡងសាកល្បងដែរ។ ក្នុងការប្រឡងគណិតវិទ្យាអន្តរជាតិ FMO វគ្គផ្តាច់ព្រ័តនៅប្រទេសវៀតណាម មានបេក្ខជនចួលរួមសរុបមានចំនួន៣១២ នាក់មកពីប្រទេសចំនួន១១។
វិញ្ញាសារប្រឡងត្រូវបានត្រូវបានធ្វើឡើងជាភាសាអង់គ្លេស ដែលបានបែងចែកជាបួនវគ្គរួមមាន៖ Warm up ១០ សំណួរ, Speed-up ៥ សំណួរ, Challenging ៥សំណួរ, Star of hope១ សំណួរ សរុបមាន ២១សំណួរ។
ជាលទ្ធផលការប្រឡងគណិតវិទ្យាអន្តរជាតិ FMO វគ្គផ្តាច់ព្រ័តនៅកោះ Phu Quoc ប្រទេសវៀតណាម ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ ក្នុងចំណោមបេក្ខជនទាំង១៤រូបតំណាងឱ្យប្រទេសកម្ពុជា ក្នុងបេក្ខជនចំនួន៧រូបទទួលបានពាន និងមេដាយត្រឡប់មកមាតុប្រទេសវិញ។
បេក្ខជនទាំង៧រូប ដែលទទួលបានពាន និងមេដាយរួមមាន៖
១-Heng PanhaVathanak ទទួលបានមេដាយមាស និងពានជើងឯកគណិតវិទ្យាអន្តរជាតិ
២-Ly Thean ទទួលបានមេដាយប្រាក់
៣-Heng Panha Vatey ទទួលបានមេដាយសំរឹទ្ធ
៤-Lor Hunvissasak ទទួលបានមេដាយសំរឹទ្ធ
៥-Seng Sok Vathanak ទទួលបានមេដាយសំរឹទ្ធ
៦-Thou Thearayu ទទួលបានមេដាយសំរឹទ្ធ
៧-Hy Channima ទទួលបាន មេដាយសំរឹទ្ធ ។រីឯសិស្សចំនួន៧នាក់ផ្សេងទៀត ទទួលបាន Merit Awards៕