(កំពង់ចាម)៖ លោកបណ្ឌិត ម៉ា ឈឿន តំណាងរាស្ត្រមណ្ឌលកំពង់ចាម និងលោកស្រីកិត្តិបណ្ឌិត អ៊ុក ម៉ាលី ព្រមទាំងបុត្រ និងប្រជាជននៅស្រុកបាធាយ ខេត្ដកំពង់ចាម បានប្រារព្ធពិធីរាប់បាត្រព្រះសង្ឃ ១០៨អង្គ ដែលមានចូលរួមពីពុទ្ធបរិស័ទជិតឆ្ងាយជាច្រើន នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤។

ក្នុងឱកាសនោះលោកបណ្ឌិត ម៉ាឈឿន បានថ្លែងទៅកាន់ប្រជាជនដែលបានចូលរួមថា បើប្រទេសយើងគ្មានសន្ដិភាពទេ ក៏មិនមានការអភិវឌ្ឍន៍ដែរ ហើយបើមិនមានសន្ដិភាពទេ ក៏មិនមានអ្វីទាំងអស់ដូចបច្ចុប្បន្ននេះដែរ ជាក់ស្ដែងគឺវិស័យព្រះពុទ្ធសាសនា ទំនៀមទំលាប់ប្រពៃ ដែលយើងកំពុងតែប្រារព្ធធ្វើនៅពេលនេះ។

លោកបណ្ឌិតបានថ្លែងបន្ដថា​ «យើងបានរស់រានមានជីវិតមកវិញនេះ គឺដោយសារថ្ងៃជ័យជម្នះ៧មករា ហើយថ្ងៃជ័យជម្នះ៧មករានេះ កើតឡើងដោយសារតែថ្នាក់ដឹកនាំកំពូល ជាពិសេសសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីរំដោះប្រជាជនយើងផុតពីរបបប្រល័យពូជសាសន៍ ។ចឹងហើយយើងមិនត្រូវភ្លេចគុណទេ ក្នុងនាមកាន់ព្រះពុទ្ធសាសនា ត្រូវតែដឹងគុណសម្ដេចតេជោ ដែលជាអតីតនាយករដ្ឋមន្ដ្រីកម្ពុជា និងបច្ចុប្បន្នជាប្រធានគណបក្សប្រជាជនកម្ពុជា ជារាងរហូត ហើយត្រូវតែដឹងគុណគណបក្សប្រជាជនកម្ពុជា គឺមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលបានរំដោះយើងហើយ នាំឱ្យប្រទេសជាតិមានការអភិវឌ្ឍ ធ្វើឱ្យជីវភាពរបស់ប្រជាជនយើងធូរធារ»

តំណាងរាស្ដ្រមណ្ឌលកំពង់ចាមគូសបញ្ជាក់ទៀតថា «សម្ដេចតេជោ ជាវីរៈបុរសនៅក្នុងដួងចិត្ដរបស់ប្រជាជនគ្រប់ៗគ្នា។ ហើយយើងក៏បានប្ដេជ្ញាគាំទ្រសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជានាពេលបច្ចុប្បន្ន​ ដែលជាបរុសដ៏អង់អាចក្លាហាន ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត ក្នុងការបន្ដវេន ដឹកនាំប្រទេសបន្ដពី សម្ដេចតេជោ ហ៊ុន សែន ដើម្បីរក្សាប្រទេសជាតិបាននូវសុខសន្ដិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ»

ក្នុងពិធីបែបព្រះពុទ្ធសាសនានេះ លោកបណ្ឌិត ម៉ា ឈឿន ក៏បានឧទ្ទិសកុសលផលបុណ្យ ជូនដល់ប្រជាជនទូទាំងប្រទេសកម្ពុជា ទាំងក្នុង និងក្រៅប្រទេស​ សូមជួបតែសំណាងល្អ ជួបតែសេចក្ដីសុខចម្រើន មានសុភមង្គលក្នុងក្រុមគ្រួសារ និងអំពាវនាវឱ្យប្រជាពលរដ្ឋរួមចំណែកជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីអភិវឌ្ឍប្រទេសជាតិកម្ពុជាកាន់តែរីកចម្រើនបន្ដទៅមុខទៀត។

ជាមួយគ្នានោះដែរ លោកបណ្ឌិត ម៉ា ឈឿន តំណាងរាស្ដ្រមណ្ឌលកំពង់ចាម ក៏បានឧទ្ទិសមហាកុសលផលបុណ្យជូនចំពោះវិញ្ញាណក្ខន្ធ មាតា បិតាបង្កើត និងមាតា បិតាក្មេក បងប្អូនសាច់ញាតិដែលបានចែកឋាន បានទៅកាន់សុគតិភព និងសូមឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធ័បុព្វបុរស និងប្រជាជន ស្លូតត្រង់ដែលបានបាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត រយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃផងដែរ។

សូមជម្រាបថា ពិធីបុណ្យរាប់បាត្រព្រះសង្ឃ ១០៨ ដែលបានធ្វើឡើងនៅភូមិកំណើត លោកបណ្ឌិត ម៉ា ឈឿន និងលោកស្រីកិត្ដិបណ្ឌិត អ៊ុក ម៉ាលី ស្ថិតនៅភូមិជើងឆ្នុក ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្ដកំពង់ចាម ដែលប្រព្រឹត្ដទៅចំនួន ២ថ្ងៃទី២០-២១ ខែមករា​ ឆ្នាំ២០២៤ ដោយមានពិធីសែនក្រុងពាលី សុំម្ចាស់ទឹកដី ពិធីធ្វើបទនមស្សការ ព្រះរតនត្រ័យ សមាទានសីល ចម្រើនព្រះបរិត្ដ​ និងនិមន្ដធម្មកឋិកសម្ដែងធម៌ទេសនា បន្ដមកពិសារអាហារពេលល្ងាច ។លុះព្រឹកឡើងមានប្រគេនយាគូរដល់ព្រះសង្ឃ នមស្សការ សមាទានសីល វេរភត្ដាហារ និងរាប់បាត្រព្រះសង្ឃ ១០៨អង្គ និងពិសាអាហារថ្ងៃត្រង់ជុំគ្នា ពោរពេញដោយភាពសប្បាយរីករាយ។

ដោយឡែកលោកតា លោកយាយ ពុទ្ធបរិស័ទ ដែលបានចូលរួមពិធីបុណ្យរាប់បាត្រនេះ លោកបណ្ឌិត ម៉ា ឈឿន និងភរិយា ព្រមទាំបុត្រា បុត្រា និងចៅៗ ក៏បានជូនថវិកាក្នុងម្នាក់ ២ម៉ឺនរៀល និងក្រណាត់ស ១ដុំផងដែរ៕