(ព្រះសីហនុ)៖ ស្របពេលដែលខេត្តព្រះសីហនុកំពុងមានកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍយ៉ាងឆាប់រហ័ស ខេត្តនាភាគនារតីនៃប្រទេសកម្ពុជាមួយនេះ កំពុងទាក់ទាញវិនិយោគិនជាតិ និងអន្តរជាតិ មកបណ្តាក់ទុនយ៉ាងច្រើនលើវិស័យសំខាន់ៗរបស់ខេត្ត ដែលធ្វើឱ្យតម្រូវការផ្នែកច្បាប់ ជាពិសេសសេវាកម្មមេធាវី មានការកើនឡើងជាបន្តបន្ទាប់។

ជាក់ស្តែង នៅថ្ងៃអាទិត្យ ទី២១ ខែមករា ឆ្នាំ២០២៤ម្សិលមិញ ក្រុមមេធាវី ស៉ីភីអេច (CPH LAW GROUP) សាខាខេត្តព្រះសីហនុ បានផ្លាស់ប្តូរទីតាំងការិយាល័យសាខាខេត្តព្រះសីហនុ មកទីតាំងថ្មីជាទីតាំងផ្ទាល់ខ្លួន ដែលស្ថិតនៅកណ្តាលទីក្រុង និងទីប្រជុំជន ហើយបានសម្ពោធដាក់ឱ្យដំណើរការការិយាល័យថ្មីជាផ្លូវការ ដោយមានការចូលរួមពីសំណាក់លោកមេធាវី ចេង ប៉េងហាប់ ប្រធានក្រុមមេធាវី និងសមាជិកទាំងអស់នៃក្រុមមេធាវី ក្រោយបើកដំណើរការក្រុមមេធាវី ស៉ីភីអេច សាខាខេត្តព្រះសីហនុ អស់រយៈពេលប្រមាណ ៤ឆ្នាំ។

ការិយាល័យថ្មីនៃក្រុមមេធាវី ស៉ីភីអេច សាខាខេត្តព្រះសីហនុ ត្រូវបានដឹកនាំប្រចាំការដោយលោកមេធាវី លី សុវណ្ណបញ្ញា មានអាសយដ្ឋាន ផ្លូវជាតិលេខ៤ ភូមិ៣ សង្កាត់លេខ ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលមានទីតាំងធំទូលាយ មានសណ្តាប់ធ្នាប់ល្អ ផាសុកភាពខ្ពស់ និងបានបំពាក់នូវសម្ភារទំនើបៗ ដែលធ្វើឱ្យការបម្រើសេវាផ្លូវច្បាប់ជូនអតិថិជនកាន់តែមានភាពងាយស្រួល និងប្រកបដោយប្រសិទ្ធភាពខ្ពស់។

គួរបញ្ជាក់ផងដែរថា ក្រុមមេធាវី ស៉ីភីអេច ត្រូវបានបង្កើតឡើង ក្នុងអំឡុងឆ្នាំ២០១៣ ដោយលោកមេធាវី ចេង ប៉េងហាប់ ហើយបានផ្តល់សេវាកម្មផ្នែកច្បាប់យ៉ាងទូលំទូលាយជូនអតិថិជនជាតិ និងអន្តរជាតិ និងបានទទួលការកោតសរសើរ ក្នុងនាមជាក្រុមមេធាវីដែលឈានមុខមួយ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ គិតមកទល់ពេលនេះ ក្រុមមេធាវី ស៉ីភីអេច មានការិយាល័យចំនួន ២ ដោយការិយាល័យកណ្តាល ស្ថិតនៅរាជធានីភ្នំពេញ មានអាសយដ្ឋាន អគារ C7 The Fortune Tower គម្រោង ដឺ អូឡាំព្យា ស៉ីធី ជាន់ទី១៩ បន្ទប់លេខ ១៩០៥ ផ្លូវលេខ ១៨២ កែវផ្លូវលេខ ១៦១ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ និងការិយាល័យសាខា ស្ថិតនៅខេត្តព្រះសីហនុ ដែលទើបសម្ភោធដាក់ឱ្យដំណើរការការិយាល័យថ្មីជាផ្លូវការនៅពេលថ្មីៗនេះ៕