(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា ក្រសួងនឹងខិតខំធ្វើយ៉ាងណាគ្រប់គ្រងសន្តិសុខព័ត៌មានឱ្យបានល្អដើម្បីកុំឱ្យប្រជាពលរដ្ឋ ពុលព័ត៌មានក្លែងក្លាយដែលធ្វើឱ្យមានការយល់ច្រឡំ។ 

ការគូសបញ្ជាក់បែបនេះរបស់លោករដ្ឋមន្ត្រី បានធ្វើឡើងនៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៤ របស់ក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង

លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្នុងក្របខ័ណ្ឌនេះ ក្រសួងព័ត៌មានដាក់ចុះការពង្រឹងសន្តិសុខព័ត៌មាន ដែលសន្តិសុខព័ត៌មានខុសពីព័ត៌មានសន្តិសុខ (និយាយពីព័ត៌មានពាក់ព័ន្ធគ្រោះថ្នាក់ចរាចរណ៍) ប៉ុន្តែសន្តិសុខព័ត៌មាន គឺសំដៅដូចគ្នាទៅនឹងសន្តិសុខស្បៀង សន្តិសុខថាមពល...!»។ 

លោករដ្ឋមន្ត្រីក៏បានរំលេចពីសន្តិសុខព័ត៌មានថា ក្រសួងបានផ្តោតសំខាន់៣ចំណុចគឺទី១៖ ការទទួលបានព័ត៌មានរបស់ប្រជពលរដ្ឋ, ទី២៖ ព័ត៌មានដែលមានគុណភាព (គុណភាព អ្នកកាសែត) និងទី៣៖ សុវត្ថិភាពសារព័ត៌មាន ដែលសំដៅលើព័ត៌មានដែលបង្កើតឡើង បញ្ចេញ ផ្សព្វផ្សាយ គឺជាព័ត៌មាន មានភាពត្រឹមត្រូវ ពិតប្រាកដ មិនពុល។ 

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្ថែមថា៖ «បើសិនប្រជាពលរដ្ឋពុលដោយសារព័ត៌មាននោះនឹងពិបាក ដូ ច្នេះហើយក្នុងនាមជាក្រសួងដែលអ្នកផ្សព្វផ្សាយរដ្ឋផង វិធានការច្បាប់ផង គឺចាំបាច់ត្រូវគ្រប់គ្រងសន្តិសុខព័ត៌មានឱ្យបានពេញលេញ»។ 

លោករដ្ឋមន្ត្រីបានបន្ថែមថា សន្តិសុខព័ត៌មានផ្នែកមួយក្នុងការជួយពង្រឹងសន្តិសុខសម្រាប់ជាតិ សណ្តាប់ធ្នាប់ និងស្ថេរភាពសម្រាប់ប្រទេសផងដែរ។ 

លោកបានបន្ថែមថា៖ «នៅពេលខាងមុខនេះ ក្រសួងនឹងដាក់ចេញនូវគោលនយោបាយជាតិពីផ្សាយព័ត៌មានពីអាណូឡូកទៅឌីជីថល ដែលគោលនយោបាយនេះមានការពាក់ព័ន្ធច្រើនរួមទាំងការនាំចូលនូវឧបករណ៍សម្ភារសោតទស្សន៍ចូលមកក្នុងប្រទេសថាតើ យើងត្រូវអនុញ្ញាតឱ្យមានការនាំចូលឧបករណ៍សោតទស្សន៍អាណូឡូកមកឬទេ? អ៊ីចឹងបានជាយើងចាំបាច់គោលនយោបាយជាតិមួយស្តីពីការផ្លាស់ប្តូរពីអាណូឡូក ទៅជាឌីជីថលដោយត្រូវធ្វើកិច្ចការងារយ៉ាងច្រើន»។ 

លោក នេត្រ ភក្ត្រា បានលើកឡើងថា ក្នុងនាមជាក្រសួងរបស់រាជរដ្ឋាភិបាលយើងមិនអាចដើរក្រោយគេនោះទេ គឺយើងត្រូវតែពង្រឹងទៅមុខធ្វើយ៉ាងណាឱ្យដើរមុនគេ។ នៅក្នុងបរិបទឌីជីថលព័ត៌មានពិត និងព័ត៌មានមិនពិតនៅលាយឡំជាមួយគ្នា។ ចំណុចនេះយើងត្រូវធ្វើយ៉ាងម៉េចដើម្បី ផ្តល់ព័ត៌មានពិតជូនប្រជាពលរដ្ឋ។ 

លោកបានបន្តថា នៅក្នុងឆ្នាំ២០២៤នេះ ក្រសួងនឹងពិនិត្យស្ថានភាពមន្ត្រីចំនួន៣ចំណុច គឺទី១៖ មន្ត្រីដែលជាទ្រព្យ, ទី២៖ មន្ត្រីបំណុល និងទី៣៖ មន្ត្រីជើងច្រើន។ ស្ថានភាពនេះយើង ត្រូវធ្វើការវិភាគឡើងវិញនូវមុខងារ និងធ្វើការបណ្តុះបណ្តាលតម្រង់ទិសមន្ត្រីទាំងនោះឱ្យទៅបំពេញការងារនៅតាមផ្នែកផ្សេងៗ ដោយមិនទុកនៅស្ងៀមនោះទេ»។

ជាមួយគ្នានោះដែរ លោករដ្ឋមន្ត្រីក៏បានលើកឡើងថា ក្រសួងបានកំណត់នូវសូរចនាករចំនួន៥សំខាន់រួមមាន៖

ទី១៖ ការផ្លាស់ប្តូរប្រព័ន្ធទូរទស្សន៍ អាណូឡូកទៅឌីជីថល ដើម្បីសម្របតាមវិវត្តន៍នៃបច្ចេកវិទ្យានិងអាស៊ាន ដែលអាស៊ានកំណត់បិទការផ្សាយតាមប្រព័ន្ធអាណូឡូកនៅចុងឆ្នាំ២០២៥
ទី២៖ ការអភិវឌ្ឍវិស័យព័ត៌មាន ដោយបន្តការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាលើប្រពន្ធផ្សព្វផ្សាយ ទាំងបែបប្រពៃណី និងបែបទំនើប។ នេះជាការងារសំខាន់ ដែលយើងត្រូវគ្រប់គ្រង
ទី៣៖ ការបណ្តុះបណ្តាលបច្ចេកវិទ្យា វិជ្ជាជីវៈសារព័ត៌មាន
ទី៤៖ ការប្រយុទ្ធប្រ ឆាំងព័ត៌មានក្លែងក្លាយ
និងទី៥៖ កសាងលិខិតបទដ្ឋានគតិយុត្តសម្រាប់ការពង្រឹងការអនុវត្តច្បាប់។

ក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រីបានលើកឡើងថា ក្នុងរយៈកន្លងមកនេះការបណ្តុះបណ្តាលផ្នែកសារព័ត៌មានការធ្លាក់ចុះដែលជាហេតុធ្វើឱ្យមានការកើនឡើងនៃការផ្សាយព័ត៌មានតាមអនឡាញយ៉ាងគំហុកហើយបានដើរបញ្ចាស់នូវក្របខ័ណ្ឌគរុកោសល្យ។ មានន័យថា កាលពីមុនគឺមុននឹងក្លាយជាអ្នកសារព័ត៌មានទាល់តែឆ្លងកាត់ការបណ្តុះបណ្តាលជំនាញសារព័ត៌មានសិន តែឥឡូវនេះអត់ទេ។ ដោយស្នើសុំអាជ្ញាបណ្ណសារព័ត៌មានសិន ទើបរៀនជំនាញជាក្រោយ។ ចំណុចនេះជាបញ្ហា គឺមិនចេះជំនាញកាសែតសោះ បែរជាសរសេព័ត៌មានឱ្យគេអាន ឬស្តាប់។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់បន្ថែមថា៖ «នេះជាចំណុចដែលដើរបញ្ច្រាសធ្វើឱ្យកំណើន ការផ្សាយព័ត៌មានតាមអនឡាញច្រើន រហូតដល់ពេលនេះប្រព័ន្ធផ្សព្វផ្សាយដែលទទួលចុះបញ្ជិកានៅក្រសួងព័ត៌មានជាង២ពាន់ នៅក្នុងនោះគេហទំព័រ TV អនឡាញ ចំនួន៩៣៣ កាសែតបោះពុម្ភ ទូរទស្សន៍ចំនួន ១៩កាណាល់ និងបណ្តាញផ្សាយផ្សេងៗទៀត រួមទាំងវិទ្យុជាច្រើនទៀត»