(ភ្នំពេញ)៖ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៤ ក្រោមកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា តំណាងដោយក្រសួងអប់រំ យុវជន និងកីឡា និងរដ្ឋាភិបាលជប៉ុន តំណាងដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ដែលជាភ្នាក់ងារផ្តល់ជំនួយបច្ចេកទេស និងថវិកា។

អគារមជ្ឈមណ្ឌលត្រូវបានចាប់ផ្តើមសាងសង់នៅក្នុងខែមិថុនា ឆ្នាំ២០០៤ ហើយបានបញ្ចប់ និងធ្វើពិធីប្រគល់ឱ្យក្រសួងអប់រំ យុវជន និងកីឡា នៅទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥ ដោយការចំណាយថវិកាសរុបចំនួនប្រមាណ ៤,៤៥៥,០០០លានដុល្លាសហរដ្ឋអាមេរិក។ អគារនេះត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០០៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា។

មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុនត្រូវបានបង្កើតឡើងក្នុងគោលដៅសំខាន់២ទី គឺ១៖ លើកកម្ពស់អភិវឌ្ឍសមត្ថភាពមូលធានមនុស្សក្នុងផ្នែកសហគ្រិនភាព និងគ្រប់គ្រងធុរកិច្ច ដើម្បីរួមចំណែកក្នុងការជំរុញសេដ្ឋកិច្ចទីផ្សាររបស់កម្ពុជាដែលមានលក្ខណៈប្រកួតប្រជែង និងផ្លាស់ប្តូរជាប្រចាំ និងទី២៖ ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នាទៅវិញទៅមករវាងកម្ពុជា-ជប៉ុនឱ្យកាន់តែរឹងមាំបន្ថែមទៀតតាមរយៈការបណ្តុះបណ្តាលភាសាជប៉ុន និងកម្មវិធីផ្លាស់ប្តូរវប្បធម៌និងការអប់រំរវាងប្រទេសទាំងពីរ។

ជារួមមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន ផ្តោតសំខាន់ទៅលើសកម្មភាពចម្បងចំនួន៣គឺទី១៖ កម្មវិធីបណ្តុះបណ្តាលផ្នែកសហគ្រិនភាព និងគ្រប់គ្រងអាជីវកម្ម, ទី២៖ វគ្គសិក្សាភាសាជប៉ុនសម្រាប់អភិវឌ្ឍអាជីពការងារ និងទី៣៖ កម្មវិធីផ្លាស់ប្តូរវប្បធម៌ និងការអប់រំ។

នៅឆ្នាំ២០១៤ អង្គការមូលនិធិជប៉ុន (Japan Foundation) បានចុះអនុស្សារណៈយោគយល់ជាមួយមជ្ឈមណ្ឌលដើម្បីផ្តល់ការគាំទ្រជាពិសេសទៅលើវគ្គសិក្សាភាសាជប៉ុន និងកម្មវិធីផ្លាស់ប្តូរវប្បធម៌ឱ្យកាន់ តែមានភាពប្រសើរឡើងថែមទៀត។

ដោយមើលឃើញពីការរីកចម្រើន និងតួនាទីដ៏សំខាន់របស់មជ្ឈមណ្ឌល ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) និងមូលនិធិជប៉ុន (Japan Foundation)  បានបន្តគម្រោងរបស់ខ្លួនជាបន្តបន្ទាប់រហូតមកដល់បច្ចុប្បន្ននេះ។

នៅក្នុងឆ្នាំ២០២៤នេះ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន មានអាយុកាល២០ឆ្នាំហើយ ហើយកំពុងបន្តគម្រោងរបស់ខ្លួនក្នុងដំណាក់កាលទី៥ ដែលបានចាប់ផ្តើមពីខែមេសា ឆ្នាំ២០២២ នឹងបញ្ចប់នៅខែមីនា ឆ្នាំ២០២៥។ បន្ទាប់ពីដំណាក់កាលទី៥ តាមការរំពឹងទុក ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) នឹងបន្តដំណាក់កាលទី៦ដែលមានរយៈកាល៣ ទៅ៥ឆ្នាំបន្ថែមទៀតគិតពីឆ្នាំ២០២៦។  

ក្នុងរយៈពេល២០ឆ្នាំកន្លងទៅនេះ ក្រោមកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងរាជរដ្ឋាភិបាលកម្ពុជា និងជប៉ុន ព្រមទាំងមានការគាំទ្រ និងជួយជ្រោមជ្រែងយ៉ាងពេញទំហឹងពីក្រុមប្រឹក្សាភិបាលរបស់មជ្ឈមណ្ឌល ដឹកនាំដោយក្រសួងអប់រំយុវជន និងកីឡា ដែលមានសាកលវិទ្យាល័យល្បីៗ ចំនួន០៥ ជាសមាជិក រួមមាន សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យជាតិគ្រប់គ្រង សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ចសាកលវិទ្យា ល័យភូមិន្ទកសិកម្ម និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ព្រមទាំងមានការគាំទ្រពីបណ្តាស្ថាប័ន ក៏ដូចក្រុមហ៊ុនកម្ពុជា និងជប៉ុននៅក្នុងប្រទេសកម្ពុជា មជ្ឈមណ្ឌលបានសម្រេចនូវសមិទ្ធិផលជាច្រើនមានដូចជា៖

ទី១៖ តាមរយៈកម្មវិធីបណ្តុះបណ្តាលផ្នែកសហគ្រិនភាព និងគ្រប់គ្រងអាជីវកម្ម

*CJCC បានរួមចំណែកក្នុងបណ្តុះបណ្តាលមូលធានមនុស្សបានចំនួនប្រមាណ ៣០,៥០០នាក់ ដែលជាម្ចាស់អាជីវកម្ម អ្នកគ្រប់គ្រង និងបុគ្គលិកនៅក្នុងស្ថាប័នរដ្ឋ និងក្រុមហ៊ុនឯកជន នៅរាជធានីភ្នំពេញនិងតាមបណ្តាខេត្តនានា។ កម្មវិធីបណ្តុះបណ្តាលផ្នែកអាជីវកម្មមានដូចជា វគ្គសហគ្រិនភាព ឧត្តមានុវត្តនៃការគ្រប់គ្រងតាមបែបជប៉ុន កម្មវិធីពន្លឿនអាជីកម្ម  ការគ្រប់គ្រងអាជីវកម្មសម្រាប់ថ្នាក់ដឹកនាំក្រុមហ៊ុន វគ្គបណ្តុះបណ្តាលតាមការស្នើសុំពីអតិថិជន ជាដើម។

*បន្ទាប់ទទួលការបណ្តុះបណ្តាលនៅក្នុងប្រទេស សិក្ខាកាមមួយចំនួនត្រូវបានផ្តល់ឱកាសចូលរួមធ្វើទស្សនៈកិច្ចសិក្សា ទៅកាន់ប្រទេសជប៉ុនដើម្បីទទួលបានចំណេះដឹងបន្ថែមទៀត ក៏ដូចជាធ្វើការផ្លាស់ប្តូរបទពិសោធជាមួយថ្នាក់គ្រប់គ្រងរបស់ក្រុមហ៊ុននៅប្រទេសជប៉ុន។

*លើសពីនេះ សិក្ខាកាមមានឱកាសជួបជាមួយវិនិយោគិន និងស្ថាប័នផ្តល់ហិរញ្ញប្បទាន ដើម្បីទទួលបានហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍអាជីវកម្មរបស់ខ្លួនបន្ថែមទៀត។

*បន្ថែមលើកម្មវិធីបណ្តុះបណ្តាល មជ្ឈមណ្ឌលបានបង្កើត សមាគមពាណិជ្ជកម្មនិងវិនិយោគកម្ពុជា-ជប៉ុន (CJBI) នៅក្នុងខែមីនា ឆ្នាំ២០១៦ ដែលដើរតួជាវេទិកាតភ្ជាប់បណ្តាញទំនាក់ទំនងអាជីវកម្ម និងដើម្បីផ្គូរផ្គងអាជីកម្មរវាង ក្រុមហ៊ុនកម្ពុជា-កម្ពុជា និងកម្ពុជា-ជប៉ុន ក្នុងគោលបំណងបង្កើតឱកាសចាប់ដៃគូរពាណិជ្ជកម្មជាមួយគ្នា។

ទន្ទឹមនឹងនេះផងដែរ ដើម្បីជួយដល់ក្រុមហ៊ុន (ជាពិសេសក្រុមហ៊ុនជប៉ុនកម្ពុជាក្នុងប្រទេស) ក្នុងការជ្រើសរើសបុគ្គលិក និងផ្តល់ឱកាសដល់អ្នកស្វែងរកការងារ CJCC រៀបចំពិពណ៌ការងារពីរដងក្នុង១ឆ្នាំ ចាប់តាំងពីឆ្នាំ២០១២មក។

ទី២៖ តាមរយៈវគ្គសិក្សាភាសាជប៉ុនសម្រាប់អភិវឌ្ឍអាជីពការងារ      

*អនុវត្តតាមស្តង់ដារមូលនិធិជប៉ុនសម្រាប់ការអប់រំភាសាជប៉ុន CJCC បានបណ្តុះបណ្តាលសិស្សភាសាជប៉ុនប្រមាណ ១២,០០០នាក់ ដែលក្នុងនោះអ្នកដែលបានបញ្ចប់វគ្គសិក្សាមួយចំនួនធំកំពុងបម្រើការនៅក្នុងក្រុមហ៊ុនកម្ពុជា និង ជប៉ុន ទាំងនៅក្នុងប្រទេសកម្ពុជានិងប្រទេសជប៉ុន។  

*ដើម្បីជួយជំរុញការសិក្សាភាសាជប៉ុននេះផងដែរ CJCC រៀបចំការប្រកួតប្រជែងថ្លែងសុន្ទរកថាជាភាសាជប៉ុន ដោយមានចូលរួមសហការពីស្ថាប័នពាក់ព័ន្ធនានានៅក្នុងប្រទេសកម្ពុជា។

*ទទួលសិទ្ធិបោះពុម្ពផ្សាយ សៀវសិក្សាភាសាជប៉ុន Minna no Nihongo ចាប់តាំងពីឆ្នាំ២០០៨ មកបានចំនួនបួនលើក ដែលមានសៀវភៅសរុបចំនួន២១០០០ក្បាល។

*ក្នុងការឆ្លើយតបតាមតម្រូវការចាំបាច់របស់អ្នកសិក្សាភាសាជប៉ុននៅក្នុងប្រទេសកម្ពុជា មជ្ឈមណ្ឌលបានទទួលសិទ្ធិរៀបចំកម្មវិធីប្រឡងជំនាញភាសាជប៉ុន JLPT ចាប់តាំងពីឆ្នាំ២០០៦ ដែលមានបេក្ខជនចូលរួមប្រឡងសរុបចំនួន ៣១,០៤៥នាក់។

ទី៣៖ កម្មវិធីផ្លាស់ប្តូរវប្បធម៌និងការអប់រំ        

*កម្មវិធីផ្លាស់ប្តូរវប្បធម៌និងការអប់រំផ្តល់ឱកាសដល់ប្រជាជនខ្មែរបានយល់ និងទទួលបានបទពិសោធលើផ្នែកវប្បធម៌បន្ថែមទៀត។ ក្នុងរយៈកាល២០ឆ្នាំនៃការប្រតិបត្តិរបស់ខ្លួន មជ្ឈមណ្ឌលបានរៀបចំកម្មវិធីផ្លាស់ប្តូរវប្បធម៌ជាង៩០០ កម្មវិធីដែលមានអ្នកចូលរួមប្រមាណ ៣២៧,៩៤៥នាក់។ កម្មវិធីផ្លាស់ប្តូរវប្បធម៌និងការអប់រំរួមមានដូចជា មហោស្រពគីហ្សូណាជប៉ុន-កម្ពុជា ពិធីបុណ្យផ្កាយ ពិធីបុណ្យសែនព្រះខែ ថ្នាក់បង្រៀនធ្វើម្ហូប ការដាក់តាំងបង្ហាញការប្រារព្វពិធីបុណ្យប្រពៃណីខ្មែរជាដើម។

*លើសពីនេះ ដោយមានការសហការគាំទ្រពីអង្គការ JICA  មជ្ឈមណ្ឌលរៀបចំពិព័រណ៌ការសិក្សានៅប្រទេសជប៉ុន ដើម្បីផ្តល់ឱកាសដល់អ្នកដែលចង់បន្តការសិក្សានៅប្រទេសជប៉ុនផងដែរ។ ជារៀងរាល់ឆ្នាំ ពិព័រណ៌ការសិក្សាមានអ្នកចូលរួមបានប្រមាណជាង ១ពាន់នាក់។

*បន្ថែមលើការរៀបចំពិព័រណ៌ការសិក្សា CJCC បានបង្កើតវេបសាយ និងសហការជាមួយការិយល័យផ្តល់ព័ត៌មានអំពីការសិក្សានៅប្រទេសជប៉ុនរបស់សាកលវិទ្យាល័យអូកាយ៉ាម៉ា ប្រចាំប្រទេសកម្ពុជា ដើម្បីជំរុញការផ្សព្វផ្សាយការសិក្សានៅប្រទេសជប៉ុនឱ្យកាន់តែមានប្រសិទ្ធភាព។

*ក្រៅពីសកម្មភាពរបស់ខ្លួន CJCC បានសហការជាមួយស្ថាប័នជប៉ុននានានៅក្នុងប្រទេសកម្ពុជាដើម្បីជួយជំរុញការផ្លាស់ប្តូរវប្បធម៌និងការអប់រំរវាងប្រទេសទាំងពីរ។      
ទី៤៖ អ្វីដែលគួរឱ្យកត់សំគាល់នោះគឺក្នុងរយៈពេលជិត២០ឆ្នាំនេះ តាមរយៈសកម្មភាពបីដែលបានរៀបរាប់ខាងលើ CJCC បាន៖

*កសាងបង្កើតបាននូវបណ្តាញទំនាក់ទំនងល្អជាមួយស្ថាប័នរដ្ឋ ឯកជន និងអង្គការជាតិ និងអន្តរជាតិជាច្រើនទាំងក្នុងប្រទេសនិងក្រៅប្រទេស ជាពិសេសជាមួយស្ថាប័ន និងក្រុមហ៊ុនជប៉ុនដែលមានមូលដ្ឋានក្នុងប្រទេសកម្ពុជា មានដូចជា៖ ស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA)  និងមូលនិធិជប៉ុន (Japan Foundation) អង្គការពាណិជ្ជកម្មក្រៅប្រទេសរបស់ប្រទេសជប៉ុន (JETRO) សមាគមពាណិជ្ជកម្មជប៉ុននៅប្រទេសកម្ពុជា (JBAC) សមាគមជនជាតិជប៉ុន សម្រាប់ជំរុញការអប់រំ និងវប្បធម៌ក្នុងប្រទេសកម្ពុជា (JACAM) ផ្សារទំនើប AEON ក្រុមហ៊ុន Minebea HONDA  SUZUKI MOTO PANASONIC  TOYOTA មន្ទីរពេទ្យសាន់រ៉ាយន៍ ធនាគារស្ថាបនា ធនាគារ J. Trust Royal Bank ព្រមទាំងក្រុមហ៊ុនធំតូចជាច្រើនទៀត។

មជ្ឈមណ្ឌលទទួលបាននូវការកោតសសើរ និងវាយតម្លៃខ្ពស់ពី ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ទៅលើការបង្កើតសកម្មភាពថ្មីៗ និងសំបូរបែបដើម្បីនិរន្តរភាពរបស់ខ្លួន។ ជាពិសេសនៅក្នុងឆ្នាំ២០១៨ មជ្ឈមណ្ឌលទទួលបានលិខិតសសើរពីក្រសួងការបរទេសជប៉ុន ក្នុងការដើរតួនាទីរួមចំណែកភ្ជាប់ទំនាក់ទំនងមិត្តភាព និងការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំងពីរ។

មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលជប៉ុន ក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង បុគ្គលិក ស្ថាប័នពាក់ព័ន្ធនានា និងសាធារណជនទាំងអស់ ដែលបានចូលរួមគាំទ្ររាល់សកម្មភាពរបស់មជ្ឈមណ្ឌល ក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះ។  មជ្ឈមណ្ឌលនឹងបន្តការខិតខំប្រឹងប្រែងពង្រឹង និងពង្រីកសេវាកម្មរបស់ខ្លួន ដើម្បីឆ្លើយតបទៅតាមការវិឌ្ឍរបស់សង្គម និងសេដ្ឋកិច្ច នាពេលបច្ចុប្បន្នក៏ដូចជាទៅអនាគត ដោយស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការឈានសម្រេចឱ្យបានជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ ក្នុងឆ្នាំ២០៣០ និងជាប្រទេសអភិវឌ្ឍនៅឆ្នាំ២០៥០  ក៏ដូចជាបន្តពង្រឹង និងលើកកម្ពស់ចំណងមិត្តភាពក៏ដូចជាការយោគយល់គ្នាទៅវិញទៅមករវាងប្រទេសកម្ពុជានិងប្រទេសជប៉ុនអោយកាន់តែប្រសើរឡើងថែមទៀត៕