ពលរដ្ឋខ្មែរ៤នាក់ចូលកាប់ឈើក្រញូងនៅទឹកដីថៃ តាមច្រកពាមតា ត្រូវបានបញ្ជូនទៅដល់ស្នងការខេត្តត្រាតហើយ
27-08-2016 21:15
(បាត់ដំបង)៖ ពលរដ្ឋខ្មែរ៤នាក់ ដែលត្រូវបានទាហានឈុតខ្មៅរបស់ថៃ ចាប់ខ្លួនពេលចូលទៅកាប់ឈើក្រញូងកាលពីថ្ងៃម្សិលមិញ ត្រូវបានបញ្ជូនទៅដល់ស្នងការដ្ឋាននគរបាល ខេត្តត្រាតហើយ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦ ដើម្បីបន្តការសួរនាំ និងចាត់ការតាមច្បាប់។
សូមបញ្ជាក់ថា ពលរដ្ឋខ្មែរទាំង៤នាក់នេះ ដែលសុទ្ធតែយុវជនពេញកម្លាំង ត្រូវបានទាហានឈុតខ្មៅថៃបានចាប់ខ្លួននៅក្នុងព្រៃភ្នំ នៅរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅភូមិថាគុំ ឃុំខៅស្មីង ស្រុកមឿងខេត្តត្រាត ជាទីដែលពួកគេកាប់ និងអារឈើក្រញូង។
ពលរដ្ឋខ្មែរទាំងនេះ បានឆ្លងទៅកាប់ក្រញូងនៅទឹកដីខេត្តត្រាត ប្រទេសថៃ តាមម្តុំច្រកពាមតា ស្រុកសំឡូត ខេត្តបាត់ដំបង។
យោងតាមសមត្ថកិច្ចដែលយាមតាមព្រំដែនបានឲ្យដឹងថា ក្រោយមានករណីនេះកើតឡើង ខាងភាគីកម្ពុជា បានទំនាក់ទំនងទៅភាគីថៃប្រចាំច្រកថាសេន (ទល់មុខច្រកថ្មដា) ហើយពួកគេប្រាប់ថា នៅថ្ងៃអង្គារ៍ខាងមុខនេះ នឹងប្រគល់ឲ្យភាគីកម្ពុជាវិញតាមច្រក400 ស្រុក សំឡូតខេត្តបាត់ដំបង៕