(សៀមរាប)៖ អង្គុយបង់កក្រមាចូលរួមប្រកួតសរសេរតាមអានក្នុងកម្មវិធីសំណេរ ហើយថែមទាំងឈឺជើងយូរថ្ងៃទៀតនោះ លោក ប៊ូ សារឿន នៅតែខំប្រឹងកាន់ឈើច្រត់មកប្រកួតសរសេរតាមអានក្នុងកម្មវិធីសំណេរអង្គរ ព្រោះតែចង់ចូលរួមលើកកម្ពស់អក្សរសាស្ត្រជាតិខ្មែរ ក៏ដូចជាធ្វើជាគំរូលើកទឹកចិត្តដល់យុវជនក្នុងកិច្ចចូលរួមនេះផងដែរ។

លោក ប៊ូ សារឿន មានអាយុ៦០ឆ្នាំហើយ ជាបេក្ខជនមកពីរាជធានីភ្នំពេញ លោកក៏ចង់ឱ្យកម្មវិធីនេះរៀបចំឡើងនៅឆ្នាំបន្តៗទៀត និងនៅតាមបណ្ដាខេត្តដទៃទៀតផងដែរ ដើម្បីបំផុសស្មារតីចូលរួមក្នុងបុព្វហេតុអក្សរសាស្ត្រជាតិនេះឱ្យកាន់តែផុសផុលឡើង។

ក្នុងនាមជាព្រឹទ្ធាចារ្យមួយរូប លោក ប៊ូ សារឿន ក៏លើកទឹកចិត្តឱ្យប្រជាពលរដ្ឋ យុវជន ក៏ដូចជាអ្នកសរសេរទាំងឡាយសូមយកវចនានុក្រមសង្ឃរាជ ជួន ណាត ជាគោលក្នុងការសរសេរអត្ថបទនានា ពីព្រោះសំណេរមួយចំនួនមិនដូចអំណាននោះឡើយ ដូច្នេះត្រូវតែពិនិត្យក្នុងវចនានុក្រមជាចាំបាច់។

លោក សារឿន ក៏មិនភ្លេចជំរុញដល់ប្រជាពលរដ្ឋ យុវជន ពិសេសឪពុកម្ដាយ អាណាព្យាបាលគ្រប់គ្នា ត្រូវជំរុញកូនចៅឱ្យយកចិត្តទុកដាក់ចំពោះអក្សរសាស្ត្រខ្មែរ សរសេរឱ្យបានត្រឹមត្រូវ អានឱ្យបានច្រើន ដើម្បីលើកម្ពស់តម្លៃអក្សរជាតិ វប្បធម៌ ព្រោះអក្សរពិតជាសំខាន់ខ្លាំងណាស់សម្រាប់ប្រជាជាតិនីមួយៗ ពិសេសជាតិខ្មែរដែលមានប្រវត្តិយូរលង់មកហើយនេះ។

គួរជម្រាបថា កម្មវិធីសំណេរអង្គរបានប្រព្រឹត្តទៅរយៈពេល១ថ្ងៃ នាថ្ងៃទី២១​ ខែមករា ឆ្នាំ២០២៤ យ៉ាងហោចមានសមណសិស្ស បេក្ខជន បេក្ខនារីប្រមាណជាង៧០០នាក់ចូលរួមប្រកួត និងទទួលបានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ ភ្ញៀវទេសចរអន្តរជាតិ ព្រមទាំងថ្នាក់ដឹកនាំក្រសួង ស្ថាប័ន អាជ្ញាធរ ពិសេសគឺទទួលបានការកោតសរសើរពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាផងដែរ៕