(សៀមរាប)៖ កម្មវិធីសំណេរអង្គរដែលរៀបចំរយៈពេល១ថ្ងៃនៅមុខប្រាសាទអង្គរវត្តនោះ ត្រូវបានបញ្ចប់ដោយជោគជ័យទាំងមិននឹកស្មានដល់ចំពោះការចូលរួមដ៏ច្រើន និងលទ្ធផលល្អយ៉ាងដូច្នេះឡើយ ប៉ុន្តែតើមានហេតុការណ៍អ្វីខ្លះនៅមិនពីក្រោយការរៀបចំកម្មវិធីដ៏មានសារសំខាន់មួយនេះ?

នៅក្រោយពេលកម្មវិធីសំណេរអង្គរដែលបញ្ចប់ជាស្ថានពរនាល្ងាចថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ ដដែល លោក លីម ប៊ុនហុក អ្នកផ្ដួចផ្ដើមកម្មវិធីសំណេរអង្គរ បានរៀបរាប់ឱ្យដឹងពីការពុះពារនៅពីក្រោយខ្នងនៃការរៀបចំកម្មវិធីនេះ ទាំងការរៀបចំទីតាំង ការបោះអាវរាប់រយឈុតទាំងមិនសូវសម្បូរថវិកាចំណាយ រង្វាន់សម្រាប់លើកទឹកចិត្តបេក្ខជនក៏មិនសូវច្រើន ពិសេសគឺខ្វះខាតថវិកាប្រើប្រាស់ចំណាយក្នុងកម្មវិធីតែម្ដង។

លោកថា «លើកនេះយើងរៀបចំលើកទី១ ក៏មានភាពរតិបរតុបបន្តិច រង្វាន់ក៏មិនសូវច្រើន ថវិកាយើងតិចតួច ខ្វះនេះខ្វះនោះ ជំពាក់គេខ្លះ តែយើងធ្វើម៉េចឱ្យបានរលូនសិន»

ទោះជាយ៉ាងណា គ្រប់ភាគីពាក់ព័ន្ធបានចូលរួមយ៉ាងសស្រាក់សស្រាំ ទាំងជំនួយថវិកា កម្លាំងកាយចិត្ត និងការគាំទ្រដោយប្រការផ្សេងៗ ដើម្បីសម្រេចបាននូវវិធីដ៏មានសារសំខាន់មួយនេះ ពិសេសគឺទទួលបានការចូលរួមពីសមណសិស្ស បេក្ខជន បេក្ខនារីយ៉ាងច្រើនកុះករ ហើយនៅមានប្រជាពលរដ្ឋចូលរួមនៅក្រៅបរិវេណកម្មវិធី និងពីគេហដ្ឋានដែលនៅឆ្ងាយៗយ៉ាងច្រើនទៀតដែរ ដែលនេះបង្ហាញពីស្មារតីស្រឡាញ់អក្សរសាស្ត្រជាតិយ៉ាងផុសផុលរបស់ប្រជាពលរដ្ឋខ្មែរ។ នេះបើតាមការបន្ថែមរបស់លោក លីម ប៊ុនហុក។

តាមរយៈបទពិសោធន៍នៃការរៀបចំលើកដំបូងនេះ លោក លីម ប៊ុនហុក នឹងខិតខំរៀបបចំឱ្យកាន់តែល្អជាងនេះនៅកម្មវិធីក្រោយៗទៀត ហើយក៏បានអំពាវនាវឱ្យមានការចូលរួមកាន់តែច្រើនពីសំណាក់សាធារណជនគ្រប់វ័យ គ្រប់ជាតិសាសន៍ ដើម្បីចូលរួមក្នុងបុព្វហេតុអក្សរសាស្ត្រជាតិខ្មែរ៕

សូមទស្សនាបទសម្ភាសជាមួយលោក លីម ប៊ុនហុក ដូចតទៅ៖