(ភ្នំពេញ)៖ យោងតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់របស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង លោក គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅ អមក្រសួងព្រះបរមរាជវាំង រួមសកម្មភាពដោយមន្ត្រីសំខាន់ៗរបស់ ក្រសួងព្រះបរមរាជវាំងជាច្រើនរូប បានរៀបចំពិធីប្រគល់ព្រះរាជទ្រព្យ ដែលជាព្រះរាជទានដ៏ថ្លៃថ្លារបស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជូនដល់មន្ទីរពេទ្យ មជ្ឈមណ្ឌល អង្គការ និងសមាគមចំនួន៨ ដែលប្រព្រឹត្តទៅក្នុងព្រះបរមរាជវាំង នៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤។

ព្រះរាជទ្រព្យ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ប្រោសព្រះរាជទានតាមរយៈលោក គុយ សុផល ក្នុងឱកាសនេះមាន៖

១៖ មន្ទីរពេទ្យ ហ្លួងម៉ែ ដឹកនាំដោយលោកវេជ្ជបណ្ឌិតឯកទេស ស៊ូ ស៊ីផាណ្ណា ទទួលបានព្រះរាជទ្រព្យ ចំនួន១០០ពាន់ដុល្លារសហរដ្ឋអាមេរិក

២៖ មន្ទីរពេទ្យកុមារ គន្ធបុប្ផា ដឹកនាំដោយលោក ដេនីស ឡូរ៉ង់ ទទួលបានព្រះរាជទ្រព្យ ចំនួន ២០០ពាន់ដុល្លារសហរដ្ឋអាមេរិក

៣៖ មន្ទីរពេទ្យបង្អែកសម្តេចឪ សម្តេចម៉ែ គីឡូលេខ៦ ខណ្ឌឬស្សីកែវ ដឹកនាំដោយ លោកវេជ្ជបណ្ឌិត អ៊ុន សុភ័ស្ត ទទួលបានព្រះរាជទ្រព្យចំនួន ៣០ពាន់ដុល្លារសហរដ្ឋអាមេរិក

៤៖ មន្ទីរពេទ្យ ព្រះសីហនុ មណ្ឌលនៃក្តីសង្ឃឹម រាជធានីភ្នំពេញ ដឹកនាំដោយលោកសាស្ត្រាចារ្យ ចាប សៀកឆាយ ទទួលបានព្រះរាជទ្រព្យចំនួន ៥០ពាន់ដុល្លារសហរដ្ឋអាមេរិក

៥៖ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ដឹកនាំដោយលោក ហេង រតនា ទទួលបានព្រះរាជទ្រព្យចំនួន ៥០ពាន់ដុល្លារសហរដ្ឋអាមេរិក

៦៖ អង្គការភាពញញឹមនៃកុមារ ដឹកនាំដោយលោកស្រី ដេប៉ាលីយែរ លក្ខិណា ទទួលបានព្រះរាជទ្រព្យចំនួន ៣០ពាន់ដុល្លារសហរដ្ឋអាមេរិក

៧៖ មជ្ឍមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ដឹកនាំដោយលោកជំទាវឧកញ៉ាមហាឧបាសិកាធម្មបណ្ឌិត ញឹក ប៊ុនថា ទទួលបានព្រះរាជទ្រព្យ ២០ពាន់ដុល្លារសហរដ្ឋអាមេរិក ដើម្បីចូលរួមចំណែកក្នុងវិស័យព្រះពុទ្ធសាសនា។

៨៖ សមាគមតន្ត្រីសំនៀងជនពិការ ដឹកនាំដោយលោកស្រី ញ៉ែម មរកត ទទួលបានព្រះរាជទ្រព្យ ២០ពាន់ដុល្លារសហរដ្ឋអាមេរិក ដើម្បីចូលរួមចំណែកក្នុងវិស័យព្រះពុទ្ធសាសនា

ក្នុងឱកាសប្រគល់ជូនព្រះរាជទ្រព្យដ៏ថ្លៃថ្លានេះ លោក គុយ សុផល បានជម្រាបជូនថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់គ្រង់មន្ទីរពេទ្យ មជ្ឈមណ្ឌល អង្គការ និងសមាគមនីមួយៗ នូវព្រះរាជបណ្តាំដ៏ខ្ពង់ខ្ពស់ពីសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គមានព្រះរាជហឬទ័យនឹករលឹកសាកសួរសុខទុក្ខ ក្នុងព្រះរាជហឬទ័យស្រឡាញ់ដ៏ជ្រាលជ្រៅ ចំពោះកូនចៅ ចៅទួតរបស់ព្រះអង្គនៅក្នុង មន្ទីរពេទ្យ មជ្ឈមណ្ឌល អង្គការ និងសមាគមទាំងអស់ខាងលើនេះ។

លោក គុយ សុផល មានប្រសាសន៍ជម្រាបជូនថា សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គមានព្រះរាជហឬទ័យគិតគូរដ៏ខ្ពង់ខ្ពស់ជានិច្ច អំពីសុខទុក្ខក្នុងបញ្ហាជីវភាពរស់នៅរបស់ប្រជារាស្រ្តក្រីក្រជួបការលំបាក ដូនជី ស្ត្រី កុមារា កុមារី ដែលមានជំងឺបានមកសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ និងរស់នៅក្រោមការបីបាច់រក្សារបស់អង្គការសមាគមនានា និងមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ព្រមទាំងមានព្រះរាជហឬទ័យទុកដាក់ដ៏ខ្ពង់ខ្ពស់ ក្នុងព្រះរាជកិច្ចលើកតម្កើងវិស័យវប្បធម៌ព្រះពុទ្ធសាសនានៅកម្ពុជា ឲ្យមានភាពថ្កុំថ្កើងតាំងពីដើមរៀងមក។

ហេតុនេះហើយសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យប្រោសព្រះរាជទាន នូវព្រះរាជទ្រព្យដ៏សន្ធឹកសន្ធាប់ថ្លៃថ្លា តាមរយៈលោក គុយ សុផល សម្រាប់ជួយទ្រទ្រង់សកម្មភាពរបស់មន្ទីរពេទ្យ មជ្ឈមណ្ឌល អង្គការសមាគម និងការជួយលើកកម្ពស់ជីវភាពរស់នៅ ការជួយថែបំប៉នសុខាមាលភាព របស់ប្រជារាស្ត្រក្រីក្រ ដូនជី តាជី ស្ត្រី កុមារា កុមារី ជាកូនចៅ ចៅទួតរបស់ព្រះអង្គឲ្យមានភាពល្អប្រសើរ៕