(ភ្នំពេញ)៖ ក្រុមហ៊ុន តែលកូថេក ដែលជាក្រុមហ៊ុនផ្តល់សេវាឈានមុខគេលើហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រ និងជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Royal Group of Companies បានចុះបញ្ជីលក់មូលបត្របំណុល ២០លានដុល្លារជាលើកទីពីររបស់ខ្លួននៅទីផ្សារមូលបត្រកម្ពុជា (ផមក) ។

ការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុន តែលកូថេក ក្នុងការជំរុញភាពជឿនលឿន និងការតភ្ជាប់ផ្នែកបច្ចេកវិទ្យាបានឈានជំហានទៅមុនយ៉ាងសំខាន់ជាមួយ នឹងការចុះបញ្ជីលក់មូលបត្របំណុលលើកទីពីររបស់ខ្លួន បន្ទាប់ពីភាពជោគជ័យនៃការលក់មូលបត្របំណុល ២០លានដុល្លារលើកដំបូងរបស់ខ្លួនកាលពីខែកញ្ញា ឆ្នាំ២០២១។

ការចុះបញ្ជីលក់មូលបត្របំណុលជាលើកទី២នេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ ដោយមានវត្តមានពីសំណាក់ថ្នាក់ដឹកនាំសំខាន់ៗ ភ្ញៀវកិត្តិយស រួមមាន លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋាលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃផ្សារមូលបត្រកម្ពុជា លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រ កម្ពុជា លោក ហុង សុខហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃផ្សារមូលបត្រ កម្ពុជា និងលោក Anuj Awasthi អនុប្រធានប្រតិបត្តិនៃ Credit Guarantee & Investment Facility ព្រមទាំងអ្នកចូលរួមសំខាន់ៗជាច្រើនទៀត ដោយសង្កត់ធ្ងន់លើតួនាទីសំខាន់របស់ ក្រុមហ៊ុន តែលកូថេក ក្នុងការជំរុញវិស័យឌីជីថលនៅកម្ពុជាឱ្យឈានឆ្ពោះទៅមុខ។

មូលបត្របំណុល ២០ លានដុល្លារ ត្រូវបានកំណត់គោលដៅ ដើម្បីជំរុញការផ្តួចផ្តើមយុទ្ធសាស្ត្រឆ្ពោះទៅមុខ ដែលចាប់ផ្តើមពីការពង្រីកបណ្តាញក្នុងស្រុក រហូតដល់ការលើកកម្ពស់ការផ្តល់សេវាទូទាំងប្រទេស។ កម្មវិធីសំខាន់ៗមួយចំនួនគឺការអភិវឌ្ឍផ្លូវល្បឿនលឿនពីព្រំដែនមួយទៅព្រំដែនមួយទៀត ការបង្កើត RG Elite DC 1 ដែលជាមជ្ឈមណ្ឌលទិន្នន័យ Kampus ដ៏ទំនើប និងគម្រោងកែលម្អ និងបង្កើនប្រសិទ្ធភាពបន្ថែមទៀត ហើយនិងពង្រឹងជំហររបស់ ក្រុមហ៊ុន តែលកូថេក ដើម្បីក្លាយជាដៃគូប្រកួតប្រជែងដ៏ខ្លាំងក្លានៅក្នុង បណ្តាញទំនាក់ទំនងផ្លូវកាត់តភ្ជាប់ឥណ្ឌូចិន ដែលដាក់ប្រទេសកម្ពុជានៅលើផែនទីសម្រាប់ការពង្រីកទីផ្សារថ្មីនៅក្នុងតំបន់។

ដោយរំពឹងលើអត្ថប្រយោជន៍សំខាន់ៗ ក្រុមហ៊ុន តែលកូថេក មានគោលបំណងចាប់យកចំណែកទីផ្សារក្នុងស្រុកឱ្យកាន់តែធំទូលាយ ជាមួយនិងភាពលេចធ្លោនៅក្នុងវិស័យតភ្ជាប់អន្តរប្រទេស និងជ្រៀតចូលទៅកាន់តំបន់ទីផ្សារដែលមិនទាន់បានប្រើប្រាស់។ គោលបំណងទាំងនេះធ្វើឡើងដោយស្របទៅតាមគោលដៅដ៏ទូលំទូលាយនៃការសម្រេចឱ្យបាននូវការបង្កើនប្រសិទ្ធភាពការចំណាយ និងនិរន្តរភាព។

ក្រុមហ៊ុន តែលកូថេក រក្សាការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនចំពោះប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពលើការចំណាយ ខណៈពេលដែលកាត់បន្ថយផលប៉ះពាល់បរិស្ថាន ដោយធានានូវវិធីសាស្រ្តដ៏ទូលំទូលាយ ទន្ទឹមនឹងការបង្រួមឱ្យកាន់តែតូចចំពោះផលប៉ះពាល់ដល់បរិស្ថាន ដើម្បីការអនុវត្តអាជីវកម្មប្រកបដោយការទទួលខុសត្រូវ ចំពោះកិច្ចខិតខំប្រឹងប្រែងជាយុទ្ធសាស្ត្ររបស់ខ្លួន។

អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល និងនាយកប្រតិបត្តិ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានបង្ហាញពីសុទិដ្ឋិនិយមយ៉ាងមោះមុត ដោយបានកត់សម្គាល់ថា «បន្ទាប់ពីការចេញមូលបត្របំណុលប្រាក់រៀលដំបូងរបស់យើងដែលធានាដោយ CGIF ផ្តល់ជូនតាមរយៈការដាក់ជាឯកជននៅកម្ពុជា យើងមានមោទនភាពដែលទទួលបានការគាំទ្រជាថ្មីម្តងទៀតលើការដាក់លក់ជាលើកទីពីរ របស់ក្រុមហ៊ុន តែលកូថេក ដែលយើងជឿជាក់ថាអត្ថប្រយោជន៍ដ៏ជាច្រើននឹងផ្តល់ឱ្យដល់វិនិយោគិន។ ជាមួយគ្នានេះ យើងប្រកាន់ខ្ជាប់នូវគោលដៅប្រកបដោយមហិច្ឆិតារបស់ក្រុមហ៊ុន តែលកូថេក ក្នុងការខិតខំប្រឹងប្រែងដើម្បីជំរុញឱ្យមានទំនាក់ទំនងកាន់តែល្អប្រសើរ ប្រកបដោយវិបុលភាព និងនិរន្តរភាពនៅតំបន់ឥណ្ឌូចិន។ ខ្ញុំរំពឹងយ៉ាងអន្ទះសារចំពោះសក្តានុពលនៃការរីកចម្រើនលើវិស័យឌីជីថលតាមរយៈមូលបត្របំណុលនេះ»

លោក Dylan Quah អគ្គនាយកប្រតិបត្តិរង នៃក្រុមហ៊ុន តែលកូថេក បានលើកឡើងថា «មូលបត្របំណុលសាធារណៈរបស់ ក្រុមហ៊ុន តែលកូថេក នឹងដើរតួយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូរ ដែលនឹងធ្វើឱ្យក្រុមហ៊ុននេះក្លាយជាកម្លាំងចលករដ៏ខ្លាំងក្លាមួយលើបណ្តាញឆ្លងកាត់នៃការតភ្ជាប់ឥណ្ឌូចិន។ ចលនានៃយុទ្ធសាស្ត្រនេះសម្តៅឆ្ពោះទៅរកការធាឱ្យបាននូវការចាប់យកចំណែកទីផ្សារអន្តរជាតិ និងក្នុងស្រុក ខណៈដែលយើងបន្តគាំទ្រដល់ផែនការកំណើនដ៏មានមហិច្ឆតារបស់ក្រុមហ៊ុន តែលកូថេក»

គួរបញ្ជាក់ថា កាលពីចុងឆ្នាំ ២០២៣ ក្រុមហ៊ុនក្រុមហ៊ុន តែលកូថេក (TCT) និង ក្រុមហ៊ុន រ៉ូយាល់ គ្រុប ស៊ីឃ្យូរីធី ម.ក (RGS) បានបិទបញ្ចប់ដោយជោគជ័យជាថ្មីម្តងទៀតនៃការជាវមូលបត្របំណុលសាធារណៈ តែលកូថេក ដែលបានធ្វើឡើងចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែធ្នូ។ ក្នុងគ្រាដ៏សំខាន់មួយនេះ ភាពជោគជ័យនៃសមិទ្ធិផលបានបន្លឺឡើងយ៉ាងជ្រាលជ្រៅ ជាមួយនឹងសញ្ញាប័ណ្ណចំនួន ៨២០,៨០០ ដ៏គួរឱ្យកត់សម្គាល់ដែលទទួលបានការគាំទ្រពីអ្នកវិនិយោគនានា។ លទ្ធផលនៃការជាវនេះបានបើកផ្លូវឱ្យយើងទទួលបានការអនុម័តយល់ព្រមពីនិយ័តករមូលបត្រកម្ពុជា (ផមក) និងការគាំទ្រយ៉ាងសកម្មពីទីប្រឹក្សាមូលបត្របំណុលសាធារណៈ ក្រុមហ៊ុន តែលកូថេកដែលបានខិតខំប្រឹងប្រែង និងចូលរួមជាសក្ខីភាពនៃជ័យជំនះដែលសម្រេចបាននេះ។

លោក សេង ចាន់ធឿន នាយកប្រតិបត្តិនៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ស៊ីឃ្យូរីធី ម.ក មានប្រសាសន៍ថា «យើងមានសេចក្តីសោមនស្សរីករាយក្នុងការផ្តល់ជូននូវជំនាញពិសេសរបស់យើងក្នុងការបង្កើនដើមទុន ដោយឈរឈ្មោះជាអ្នកផ្តល់ប្រឹក្សាផ្នែកហិរញ្ញវត្ថុ និងជាអ្នកធានាទិញមូលបត្រសម្រាប់សញ្ញាប័ណ្ណសាធារណៈទីពីររបស់ក្រុមហ៊ុន តែលកូថេក ដោយទទួលបានការគាំទ្រខ្លាំង ដែលបានចុះបញ្ជីនៅក្នុងទីផ្សារមូលបត្រកម្ពុជា។ មូលបត្របំណុលនេះបានទាក់ទាញចំណាប់អារម្មណ៍ និងមានការចូលរួមពីអ្នកវិនិយោគបរទេស ដែលសបញ្ជាក់ឱ្យឃើញពីការទទួលស្គាល់ជាអន្តរជាតិ និងភាពជឿជាក់លើប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន តែលកូថេក ។ វត្តមានរបស់អ្នកវិនិយោគទាំងនេះបានបញ្ជាក់បន្ថែមទៀតអំពីទំនុកចិត្តមិនប្រែប្រួលដែលបានដាក់ក្នុងទស្សនវិស័យអនាគតរបស់ក្រុមហ៊ុន តែលកូថេក និងសក្ដានុពលយ៉ាងខ្លាំងនៃទីផ្សារមូលធនកម្ពុជា»​