(កំពង់ធំ)៖ ក្រុមជំនួយការលោក ហ៊ុន ម៉ាណែត រួមគ្នាជាមួយអាជ្ញាធរ សមត្ថកិច្ចមូលដ្ឋាន លោកគ្រូអ្នកគ្រូ ក្មួយៗសិស្សានុសិស្ស ឃុំដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦នេះ បានចូលរួមដាំកូនឈេីក្នុងបរិវេណវត្តសំរោង (ហៅវត្តទួលឡោ) ស្ថិតក្នុងឃុំដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានចំនួន ៤០០ដេីម ដោយក្នុងនោះរួមមាន ប្រភេទកូនឈេីធ្នុង ២៥០ដេីម កូនឈេីក្រញូង ១០០ដេីម និងកូនឈេីគគី ៥០ដេីម។
ជាមួយនឹងការបន្លឺសម្លេងជយោឃោសព្រមៗគ្នា «មានដេីមឈេី យេីងមានជីវិត» តំណាងមេឃុំដូង និងព្រះតេជគុណព្រះចៅអធិការវត្តសំរោង ជំនួសមុខជូនប្រជាពលរដ្ឋទាំងអស់ក្នុងមូលដ្ឋាន ក៏ដូចជាញាតិញោមពុទ្ធបរិស័ទចំណុះជេីងវត្ត លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ សូមគោរពថ្លែងអំណរគុណចំពោះលោក ហ៊ុន ម៉ាណែត និងលោកស្រី ដែលបានផ្តល់កូនឈេី សម្រាប់ការដាំដុះនៅក្នុងទីអារាម សម្រាប់ជាទីជម្រកនៃពុទ្ធសាសនិក។
លោក មែ សីុថន ជំនួយការលោក ហ៊ុន ម៉ាណែត ក្នុងនាមជំនួសមុខជូនក្រុមការងារ បានសម្តែងនូវក្តីរំភេីបរីករាយ និងមោទនភាពបំផុត ចំពោះការចូលរួមយ៉ាងកុះករពីសំណាក់ប្រជាពលរដ្ឋក្នុងឃុំ អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ព្រមទាំងក្មួយៗសិស្សានុសិស្ស ដែលនេះ គឺជាសក្ខីភាពនៃការបណ្តុះស្មារតីស្រលាញ់បរិស្ថាន និងជាការជម្រុញលេីកទឹកចិត្តដល់ពលរដ្ឋទូទៅ និងយុវជនដ៏ទៃទៀតឲ្យចូលរួមថែរក្សាការពារបរិស្ថាន ជាមួយរាជរដ្ឋាភិបាល និងការដាំដុះកូនឈេីបន្ថែមទៀត ដេីម្បីជាផលប្រយោជន៍ដល់សហគមន៍ និងកូនចៅជំនាន់ក្រោយ។
លោកក៏បានជម្រុញលេីកទឹកចិត្តដល យុវជនទាំងអស់ចូលរួមដាំកូនឈើថែមទៀត ដេីម្បីឲ្យទាន់រដូវវស្សាឆ្នាំនេះ។
ក្នុងឱកាសនោះ ដេីម្បីចូលរួមការកសាងសមិទ្ធិផលក្នុងវត្តសំរោង លោកសូមប្រគេនបច្ច័យកសាង ០១លានរៀល និងស៊ីម៉ង់តិ៍ ចំនួន ១០តោន និងនាំមកជាមួយក្រមា និងសម្ភារៈសិក្សាមួយចំនួន ដែលជាអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈលោក ហ៊ុន ម៉ាណែត ចែកជូនលោកយាយលោកតា និងក្មួយៗសិស្សានុសិស្សផងដែរ៕