(ភ្នំពេញ)៖ ពិតជាសង្វេគខ្លាំងណាស់យុវតី ង៉ែត ស្រីម៉ៅ ជាកូនកសិករក្រីក្រពីភូមិព្រៃរោង ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ត្រូវរថយន្តជនស្រវឹងបើកបុកស្លាប់ ពេលឈប់ស្តុបចំណុចក្រោមស្ពានអាកាសឬស្សីកែវ តាមបណ្តោយផ្លូវជាតិលេខ៥ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នាយប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤។

ស្រីម៉ៅ ជាកូនក្នុងត្រកូលក្រីក្រ បានប្រឹងប្រែងសិក្សារៀនសូត្រ។ ក្រោយជាប់បាក់ឌុបឆ្នាំ២០២០ ក៏បន្តសិក្សាផ្នែកស្ថាបត្យកម្មនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ រៀនដល់ឆ្នាំទី៣ ក្តីស្រម័យ ក្តីរំពឹងក្លាយជាបង្អែកសម្រាប់គ្រួសារ សម្រាប់ជីវិតមួយដែលល្អប្រសើរជិតនឹងបានដល់គោលដៅនៃបំណងទៅហើយ បែរជាមច្ចុរាជលើដងវិថីបង្កដោយជនស្រវឹងបំផ្លាញឱ្យរលាយគ្មានសល់។

មរណភាពរបស់ ស្រីម៉ៅ បានធ្វើឱ្យបាត់បង់ក្តីសង្ឃឹមគ្រួសារ បាត់បង់យុវតីពោរពេញដោយស្មារតីតស៊ូ បាត់បង់ធនធានដ៏ល្អរបស់កម្ពុជា។

គ្រោះថ្នាក់ចរាចរនេះ បណ្តាលឱ្យមនុស្សបាត់បង់អាយុជីវិត៤នាក់ស្រី៣នាក់ ប្រុស១នាក់ និងរងរបួសធ្ងន់ស្រាលចំនួន៤នាក់។

គ្រោះថ្នាក់នេះ បង្កដោយបុរសម្នាក់បើករថយន្ដ Ford Ranger មួយគ្រឿងពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2AZ-5854 ធ្វើដំណើរចុះពីស្ពានឬស្សីកែវ ក្នុងទិសដៅពីកើតទៅលិចដោយល្បឿនលឿន ហើយបុករះក្បាលនាគពុះចែកទ្រូងស្ពាន បន្តទៅបុកម៉ូតូ៤គ្រឿងនឹងរថយន្ដចំនួន២គ្រឿង ដែលកំពុងឈប់ចាំស្តុប។

គ្រោះថ្នាក់ចរាចរបានប្រល័យជីវិតមនុស្សរាល់ថ្ងៃ។ អ្នកតាមដានបញ្ហាសង្គម មើលឃើញថា ទោសទណ្ឌសម្រាប់អ្នកបើកបរបង្កគ្រោះថ្នាក់ គួរត្រូវបានពិចារណាពីកម្រិតទោសឱ្យធ្ងន់ធ្ងរ ហើយអនុវត្តឱ្យខ្លាំងក្លា ដើម្បីដាស់ស្មារតីរបស់អ្នកបើកបរ ជាពិសេសការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង៕