(សៀមរាប)៖ សមាគមទេសចរណ៍កម្ពុជា (CATA) បានចែកវិញ្ញាបនបត្របញ្ចប់វគ្គបណ្ដុះបណ្ដាលជំនាញទេសចរណ៍ ដល់សិក្ខាកាមចំនួន៩០នាក់ រយៈពេល៣ខែ សរុបទាំងការរៀនទ្រឹស្ដី និងការអនុវត្តផ្ទាល់ចាប់តាំងពីថ្ងៃទី២៥ ខែកញ្ញា ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ នៅខេត្តសៀមរាប។

ក្នុងនោះដែរ ផ្នែកសេវាម្ហូបអាហារ និងភេសជ្ជៈ៣០នាក់, ផ្នែកការិយាល័យជួរមុខ ៣០នាក់ និងផ្នែកគេហកិច្ច និងរៀបបន្ទប់ ៣០នាក់ផង​ដែរ។

ពិធីនេះបានធ្វើឡើងក្រោមវត្តមានរបស់លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប, លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា CATA , លោក អេង គន្ធា ប្រធានសមាគមទេសចរណ៍កម្ពុជា សាខាខេត្តសៀមរាប និងលោក លោកស្រី តំណាងវិស័យពាក់ព័ន្ធ ព្រមទាំងសិក្ខាកាមជាច្រើន នារសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ នៅសណ្ឋាគារ ស្តារីអង្គរ ខេត្តសៀមរាប។

លោក អេង គន្ធា បានលើកឡើងថា សមាគមទេសចរណ៍កម្ពុជា (CATA) បានសហការជាមួយក្រុមហ៊ុនស្រាវជ្រាវ និងប្រឹក្សា នព្វន្ត ដែលទទួលបានការអនុម័តជំនួយថវិកាដោយ គម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពានិជ្ជូបនីយកម្មកសិកម្មនៅកម្ពុជា (SAAMBAT) ចំណុះអោយក្រសួងសេដ្ឋកិច្ច បានធ្វើការបណ្ដុះបណ្ដាលជំនាញដល់យុវជន ដែលមកពីតំបន់ដាច់ស្រយាល និងក្រីក្រ អោយបានទទួលការរៀនសូត្រ ផ្នែកទេសចរណ៍ និងបដិសណ្ឋារកិច្ច។

លោកបានបន្តថា បច្ចុប្បន្ននេះ សិក្ខាកាមដែលមានការងារធ្វើមានចំនួនសរុប២៩នាក់ ស្មើនឹង៣២ភាគរយ ហើយនៅក្នុងនោះមានសិក្ខាកាមស្រីដែលមានការងារធ្វើមានចំនួនសរុប២០នាក់ ខាងសមាគមនឹងបន្តស្វែងរកការងារធ្វើបន្ថែមជូនដល់សិក្ខាកាមផ្សេងៗទៀតផងដែរ។ សិក្ខាកាមដែលទទួលការសិក្សា ទទួលបាននូវប្រាក់ឧប្ថម្ភក្នុងម្នាក់ ២៤មឺនរៀលក្នុងមួយខែ មានរយះពេលបីខែ។ វគ្គបណ្តុះបណ្តាលនេះ បានរៀបចំឡើងនៅក្នុងបន្ទប់សិក្សារបស់វិទ្យាស្ថានជាតិរហុបច្ចេកទេសអង្គរ ហើយបង្រៀនដោយគ្រូបង្គោលរបស់យើងចំនួនបីរូប ដែលមានបទសោធន៍ជាច្រើនឆ្នាំ។

លោកស្រី ឆាយ ស៊ីវលីន បាន​លើកឡើងថា ដោយសារកត្តាសុខសន្តិភាព ទើបធ្វើឲ្យយើងបង្កើននូវសេវាកម្មទេសចរណ៍ជាច្រើន បើយើងមិនមាននសុខសន្តិភាពទេ សម្រាប់អ្នកទេសចរណ៍ យើងត្រូវជ្រើសរើសតំបន់ដែលមានសុវត្ថភាពបំផុត ហើយបចកចុប្បន្ននេះ យើងអាចនាំភ្ញៀវចូលទៅព្រៃជ្រៅៗ ដើម្បីទសនានូវទេសភាព និងសម្បត្តិធម្មជាតិដ៏សំបូរបែបរបស់កម្ពុជា នេះបញ្ជាក់ឲ្យឃើញពីសុខសន្តិភាពរបស់កម្ពុជាទាំងមូលផងដែរ។

លោកស្រីបានបន្តថា សិក្ខាកាមដែលទទួលបានសញ្ញាបត្រនៅថ្ងៃនេះ សុទ្ធសឹងតែជាសសរទ្រូង និងជាអ្នកស្នងក្នុងការការប្រើប្រាស់នូវជំនាញដល់ទេសចរណ៍ ដែលធ្លាប់បានរៀន ទោះបីជាការរៀននេះមានរយៈពេលខ្លី ត្រឺមតែ០៣ខែក៏ពិតម៉ែន ប៉ុន្តែយើងត្រូវហ្វឹកហាត់ និងខិតខំបន្ថែមទៀត នៅជំនាញដែលយើងបានរៀនជាមួយនឹងការខិតខំឧស្សាហ៍ព្យាយាម និងការអភិវឌ្ឍខ្លួនឯងម្តងបន្តិចៗ ដូច្នេះយើងនឹងក្លាយជាអ្នកជំនាញខាងវិស័យនេះ នាពេលអនាគត់។

លោកស្រីបន្តទៀតថា អ្នកជំនាញខាងទេសចរណ៍ទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវអាកប្បកិរិយា សុភាពរាបសារ និងរួសរាយរាក់ទាក់ មិនត្រូវមានការរើសអើងជាតិសាសន៍ ពណ៌សម្បុរ ឬក៏ប្រទេសណាមួយឡើយ។ យើងមានធនធានល្អៗច្រើនណាស់ ដូចជាប្រាសាទអង្គរវត្ត ក៏ប៉ុន្តែប្រសិនបើយើងអ្នកបម្រើសេវាកម្មទេសចរណ៍ ប្រើប្រាស់ឲ្យមានគុណភាព ដូច្នេះហើយ ទេសចរណ៍គេស្រឡាញ់អង្គវត្ត ប៉ុន្តែគេមិនស្រឡាញ់អ្នកបម្រើក្នុងវិស័យទេសចរណ៍នោះដែរ។

ជាមួយនេះដែរ លោក យុន លីនណេ បានថ្លែងអំណរគុណដល់សមាគមទេសចរណ៍កម្ពុជា (CATA) ដែលជួយបណ្តុះបណ្តាលដល់សិក្ខាកាមទាំងអស់ ដើម្បីពង្រឹងវិស័យទេសចរណ៍នៅកម្ពុជា ជាពិសេសខេត្តសៀមរាប កាន់តែមានការរីកចម្រើនថែមទៀត។

លោកក៏បានជំរុញដល់សិក្ខាកាមទាំងអស់ ត្រូវយកចំណេះដឹងដែលបានរៀន និងត្រូវចេះសិក្សាស្រាវជ្រាវខ្លួនឯងបន្ថែមទៀត ទៅអនុវត្តឲ្យបានត្រឹមត្រូវ ដើម្បីអភិវឌ្ឍខ្លួនឲ្យកាន់តែមានការរីកចម្រើន និងទាក់ទាញទេសចរណ៍មកកាន់កម្ពុជា តែច្រើនផងដែរ៕