(ឧត្តរមានជ័យ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងដំណើរទស្សនកិច្ចមកកាន់ទឹកដីខេត្តឧត្តរមានជ័យដែលសម្តេចបានប្តូរជីវិតជួបចរចាស្វែងរកការបង្រួបបង្រួមជាមួយដឹកនាំខ្មែរក្រហម កាលពីជិត២០ឆ្នាំមុននោះ បានសម្រេចផ្តល់អគារសិក្សាថ្មីសរុប ២០ខ្នង ស្មើនិង ២៧២បន្ទប់ អគារទីចាត់ការ ១៨ខ្នង ស្មើនិង ៥៤បន្ទប់ ព្រមទាំងមានការធ្វើរបងសាលា ខ្លោងទ្វារ ចាក់ដីបំពេញទីធ្លារ ចាក់ផ្លូវបេតុងចូលទៅតាមអគារសិក្សា និងមានធ្វើអណ្តូងទឹកផងដែរ ដើម្បីពង្រឹងដល់ការសិក្សារបស់កូនចៅប្រជាពលរដ្ឋ នៅក្នុងខេត្តឧត្តរមានជ័យ។
ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន ក្រោយបញ្ចប់ការសំណេះសំណាលជាមួយមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងពិនិត្យ ស្ថានភាពសាលា ការសិក្សា ក្នុងខេត្តព្រះវិហាររួចរាល់ហើយនោះ នៅព្រឹកព្រលឹមថ្ងៃ២៦ ខែសីហា ឆ្នាំ២០១៦ ពោលគឺម៉ោង ៦ព្រឹក ក៏បានបន្តដំណើរចេញមកកាន់ខេត្តឧត្តរមានជ័យ។ តែមុនចូលដល់ទឹកដីខេត្តឧត្តរមានជ័យ សម្តេចតេជោ ដែលអមដំណើរដោយមន្រ្តីជាន់ខ្ពស់មួយចំនួននោះ បានចូលពិនិត្យសាលារៀន និ ងអគារសិក្សាតាមដងផ្លូវចំនួន ៣កន្លែងទៀតនៅក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ហើយក៏បានផ្តល់អគារសិក្សាថ្មីចំនួន ៣ខ្នងបន្ថែមទៀត ស្មើនិង ៤២បន្ទប់ រួមនិងទីចាត់ការ ៣ខ្នងស្មើនិង ៩បន្ទប់ ព្រមទាំងជួយសាងសង់ខ្លោងទ្វារ ធ្វើរបង ចាក់ផ្លូវទៅកាន់អគារសិក្សា និង មានការរៀបចំទីធ្លារសាលាផងដែរ។
បន្ទាប់ពីបញ្ចប់កិច្ចសំណេះសំណាលជាមួយកងទ័ព នៃទីបញ្ជាការដ្ឋានកងពលធំអន្តរាគមន៍លេខ៣ ស្ថិតក្នុងខេត្តព្រះវិហារ ហើយនោះ នៅម៉ោងជាង ១២ថ្ងៃត្រង់ក្បួនរថយន្តរបស់សម្តេចតេជោ ហ៊ុន សែន ក៏បានចូលដល់ទឹកដីខេត្តឧត្តរមានជ័យ ដែលកាលពីអតីតកាលជាទឹកដី សមរភូមិប្រយុទ្ធដ៏ស៊ីសាច់ហុតឈាមរវាងខ្មែរ និងខ្មែរ ត្រួតត្រាដោយអ្នកស្មោះស្ម័គ្រជាមួយមេដឹកនាំខ្មែរក្រហម។
បើរំលឹកទៅកាលពីជិត ២០ឆ្នាំមុន ទឹកដីខេត្តឧត្តរមានជ័យ ត្រូវបានក្តោបក្តាប់ដោយកងទ័ពខ្មែរក្រហម ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា ពិបាកនឹងចូលទៅលើទឹកដីនេះ។ រយៈពេលជិត ២០ឆ្នាំក្រោយ បន្ទាប់ពីកងទ័ពរបស់ខ្មែរក្រហមព្រមធ្វើសមាហរណកម្ម ក្រោមការដាក់ចេញយុទ្ធសាស្ត្របង្រួបបង្រួមជាតិ តាមរយៈរូបមន្ត្តឈ្នះឈ្នះនោះ ដំណើរមកកាន់ខេត្តឧត្តរមានជ័យរបស់ប្រមុខរាជរដ្ឋាភិបាលគេសង្កេត ឃើញប្រជាពលរដ្ឋ រួមទាំងព្រះសង្ឃផងដែរ មកឈរតាមដងផ្លូវទទួលស្វាគមន៍សម្តេចតេជោ ហ៊ុន សែន។ ការទទួលស្វាគមន៍នេះ មានអ្នកខ្លះចង់ឃើញសម្តេច និង ចាប់ដៃដោយផ្ទាល់ រីឯគ្រូ និងសិស្សរង់ចាំស្វាគមន៍ ព្រោះចង់បានអគារសិក្សា ខណៈព្រះសង្ឃចាំស្វាគមន៍ ព្រោះចង់បានការជួយសាងសង់ព្រះវិហារ និង កុដិជាដើម។
ក្នុងដំណើរលើទឹកដីខេត្តឧត្តរមានជ័យ បើទោះបីស្ថិតក្នុងពេលវេលា ដែលព្រះអាទិត្យកំពុងបញ្ចេញពន្លឺរស្មីយ៉ាងក្តៅយ៉ាងណាក្តី តែនា យករដ្ឋមន្រ្តី នៅតែចូលជួបសំណេះសំណាលសាកសួរពីការសិក្សារបស់សិស្ស និង ពិនិត្យស្ថានភាពអគារសិក្សា ដោយមិនអនុញ្ញាឲ្យកំដៅថ្ងៃមករារាំងទឹកចិត្ត ដែលចង់ផ្តល់អគារសិក្សាបំពេញការអប់រំរបស់សិស្សានុសិស្សនៅតាមដែនដីជនបទនោះឡើយ។ មុនមកដល់ក្រុងសំរោង ទីរួមខេត្តឧត្តរមានជ័យ បន្ទាប់ពីចំណាយពេលប្រមាណ ១២ម៉ោង ក្នុងការធ្វើដំណើរលើចម្ងាយផ្លូវជាង ២០០គីឡូម៉ែត្រពីទីរួមខេត្តព្រះវិហារនោះ សម្តេចតេជោ ហ៊ុន សែន បានចូលជួបសំណេះសំណាលជាមួយគ្រូ និងសិស្ស ក៏ដូចព្រះសង្ឃតាមទីអារាមរហូតដល់ទៅ ២៣កន្លែង។
ក្នុងពេលចុះពិនិត្យអគារសិក្សានៅតាមសាលា បន្ទាប់ស្តាប់ការរៀបរាប់របស់គ្រូៗ ពីស្ថានភាពសិក្សា និងតម្រូវការនានា សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តល់អគារសិក្សាជាបន្តបន្ទាប់។ ស្ទើរគ្រប់សាលាទទួលបានអគារសិក្សាថ្មី ១ខ្នង កម្ពស់ ២ជាន់ ១២បន្ទប់ សាលាខ្លះទទួលបានអគារសិក្សាកម្ពស់ ៣ជាន់ ១៨បន្ទប់ និងខ្លះទៀតទទួលបានរហូតដល់ ៣០បន្ទប់ក៏មាន។ ក្រៅពីការផ្តល់អគារសិក្សា សម្តេចតេជោ ហ៊ុន សែន ក៏បានជួយជួសជុលអគារសិក្សាចាស់ៗ សាងសង់របងសាលា ខ្លោងទ្វារ ចាក់ទីធ្លារសាលា និង សាងសង់ផ្លូវបេតុងចូលទៅកាន់អគារសិក្សា ព្រមទាំងជួយសាងសង់តារាងបាល់ផងដែរ។ នៅសាលាខ្លះទៀត សម្តេចតេជោ បានជួយជីកអណ្តូងទឹកផងដែរ សម្រាប់សិស្សប្រើប្រាស់។
ទាំងគ្រូ និងសិស្ស ដែលទទួលបានអគារសិក្សាថ្មី សុទ្ធតែបានសម្តែងក្តីរីករាយ និង អំណរសារទរ។ ពួកគេថា អគារសិក្សាថ្មីទាំងអស់នេះ នឹងជួយឲ្យការសិក្សារបស់ពួកគេកាន់តែល្អប្រសើរថែមទៀត។
លោក មួន សាម៉ន នាយកអនុវិទ្យាល័យត្រពាំងព្រៃ បានថ្លែងថា «សម្រាប់ខ្ញុំជាគ្រូ ជាអ្នកអបរំវិញ បានសម្តេចជួយសាលាគ្រប់បែបយ៉ាងអ៊ីចឹង មានអារម្មណ៍សប្បាយអរ ដើម្បីឲ្យក្មេងជំនាន់ក្រោយគាត់មានសាលារៀនត្រឹមត្រូវ»។
លោក មួន សាម៉ន បានបន្តថា ការផ្តល់អគារសិក្សានេះ នឹងជួយបណ្តុះធនធានថ្មីក្នុងខេត្តឧត្តរមានជ័យ ឲ្យបានកាន់តែច្រើនទៀត ត្បិតខេត្តកំពុងខ្វះធនធានមនុស្ស។ ជាពិសេសគ្រូបង្រៀនតែម្តង បច្ចុប្បន្នគ្រូបង្រៀន នៅតាមសាលាភាគច្រើនពីតាមបណ្តាខេត្តផ្សេង។
លោកគ្រូ អ៊ុំ ម៉ែង ដែលកំពុងបង្រៀននៅវិទ្យាល័យសំរោង បានយល់ឃើញថា «បានសមិទ្ធផលដូចជាសាលារៀនហ្នឹង បានផ្តល់ចំណេះដឹងដល់យុវជន និងក្មេងៗជំនាន់ក្រោយ និងជួយបណ្តុះបណ្តាលឲ្យពួកគេមានអាជីពចិញ្ចឹមជីវិត ជួយឲ្យមានជីវភាពល្អប្រសើរ ជាពិសេសកាត់បន្ថយភាពក្រីក្រ»។
ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន លើកទឹកដីខេត្តឧត្តរមានជ័យ មិនបានបញ្ចប់នៅត្រឹមថ្ងៃទី២៦ ខែសីហា នោះឡើយ គឺ បានបន្តរហូតដល់ថ្ងៃទី២៧ ខែសីហា។ នៅព្រឹកព្រលឹមម៉ោងជាង៧ព្រឹក សម្តេចតេជោ ហ៊ុន សែន បានបន្តដំណើរចុះពិនិត្យអគារសិក្សា និងស្តាប់ពីស្ថានភាពអប់រំនៅក្នុងវិទ្យាល័យ ហ៊ុន សែន ឧត្តរមានជ័យ ដែលស្ថិតនៅក្នុងក្រុងសំរោង ទីរួមខេត្តឧត្តរមានជ័យតែម្តង។
ក្រោយបានស្តាប់ការរៀបរាប់របស់នាយកសាលាសម្តេចតេជោ ហ៊ុន សែន បានយល់ព្រមតាមសំណើរបស់នាយក ដោយជួយជួសជុល អគារសិក្សាចាស់ រៀបចំប្រព័ន្ធនៅមុខសាលា និងជួយធ្វើកន្លែងទាត់បាលខ្នាតតូច (ហ្វូតសាល) ជូនវិទ្យាល័យផងដែរ។
ក្រោយចូលជួបសំណេះសំណាលជាមួយសិស្សនៅវិទ្យាល័យ ហ៊ុន សែន ឧត្តរមានជ័យ សម្តេចតេជោ ហ៊ុន សែន ក៏បានបន្តដំណើរចុះ ទៅសួរសុខទុក្ខ និងពិនិត្យមើលពីការលក់ដូររបស់ជីវករនៅក្នុងផ្សារសំរោង។ នៅក្នុងផ្សារនេះ សម្តេចតេជោ ហ៊ុន សែន ទទួលបានការ ស្វាគមន៍ដោយក្តីរីករាយពីក្រុមអាជីវករ និងបានថតរូបអនុស្សាវរីយ៍ជាច្រើនប៉ុស្តិ៍។
បន្ទាប់ពីការសំណេះសំណាលជាមួយអាជីវករហើយនោះ សម្តេចតេជោ ហ៊ុន សែន នៅម៉ោងជាង ៨ព្រឹក ក៏បានចូលជួបប្រជុំជាមួយមន្រ្តីរាជការ និងកងកម្លាំង។ នៅក្នុងកិច្ចប្រជុំនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការប្រឹងប្រែងធ្វើឲ្យមានសន្តិភាព នៅតាមបន្ទាត់ព្រំដែន គឺជារឿងមួយដ៏សំខាន់ ហើយបច្ចុប្បន្នការខិតខំប្រឹងប្រែងនេះ បានក្លាយជាការពិតផងដែរសម្រាប់ខេត្តឧត្តរមានជ័យ។ សម្តេចតេជោជំរុញឲ្យមន្រ្តីអាជ្ញាធរ ក្នុងខេត្តឧត្តរមានជ័យ បន្តពង្រឹងកិច្ចសហការល្អជាមួយអាជ្ញាធរថៃ ដើម្បីបន្តសន្តិសុខ និងសន្តិភាពតាមបន្ទាត់ព្រំដែន។
នៅម៉ោងប្រមាណ ១រសៀលថ្ងៃទី២៧ ខែសីហា សម្តេចតេជោ ហ៊ុន សែន បានធ្វើដំណើរចាកចេញពីខេត្តឧត្តរមានជ័យ ឆ្ពោះមកកាន់ ខេត្តសៀមរាប។ នៅតាមផ្លូវឆ្ពោះមកកាន់សៀមរាប ក្រោមកំដៅថ្ងៃដ៏ក្តៅនេះ សម្តេចតេជោ ហ៊ុន សែន ក៏បន្តចូលតាមសាលារៀនជាបន្ត បន្ទាប់ទៀតរហូតដល់ទៅ៧ កន្លែង ហើយក៏ផ្តល់សាលារៀនមួយចំនួនទៀត។
សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ដំណើរទស្សនកិច្ច ៥ថ្ងៃនៅក្នុងខេត្តចំនួន៤ គឺខេត្តត្បូងឃ្មុំ កំពង់ចាម ព្រះវិហារ និងឧត្តរមានជ័យ នៅម៉ោងប្រមាណ ៤រសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦នេះ បន្ទាប់ពីបានធ្វើដំណើរលើចម្ងាយផ្លូវជាង ៩០០គីឡូម៉ែត្រ ហើយបានធ្វើដំណើរតាមយន្តហោះពីព្រលានយន្តហោះ អន្តរជាតិសៀមរាប ឆ្ពោះទៅរាជធានីភ្នំពេញ។
សូមរំលឹកថា ខេត្តឧត្តរមានជ័យ បានទទួលសន្តិភាព និង បញ្ចប់ការប្រយុទ្ធគ្នារវាងខ្មែរ និងខ្មែរទាំងស្រុងនៅឆ្នាំ១៩៩៨ ក្រោមការដាក់ នយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដោយប្រថុយចូលទៅចរចា ដោយផ្ទាល់ជាមួយមេដឹកនាំខ្មែរ នៅក្នុងស្រុកអន្លង់វែង នាឆ្នាំ១៩៩៧។
សូមបញ្ជាក់ថា ខេត្តឧត្តរមានជ័យ គឺជាខេត្តទី១៧ ហើយ ដែលសម្តេចតេជោ បានអញ្ជើញចុះមកជួបសំណេះសំណាលជាមួយមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ បន្ទាប់ពីសម្តេចបានប្រកាសដាក់ចេញយុទ្ធនាការ ពីខេត្តបាត់ដំបង កាលពីខែកក្កដាកន្លងទៅ។
ខេត្តឧត្តរមានជ័យស្ថិតនៅប៉ែកខាងជើងឈៀងខាងលិច នៃប្រទេសកម្ពុជា មានព្រំប្រទល់ខាងជើងជាប់នឹងប្រទេសថៃ ខណ្ឌចែក ដោយភ្នំដងរ៉ែក ខាងត្បូងជាប់នឹងខេត្តសៀមរាប ខាងកើតជាប់នឹងខេត្តព្រះវិហារ ខាងលិចជាប់នឹងខេត្តបន្ទាយមានជ័យ។ ខេត្តឧត្តរមានជ័យមានចម្ងាយប្រមាណ ៤៣៩គីឡូម៉ែត្រពីរាជធានីភ្នំពេញ៕