(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤នេះ បានបង្ហោះរូបថតអនុស្សាវរីយ៍មួយសន្លឹក ដែលពេលនោះសម្តេចអាយុមិនទាន់ ២៧ឆ្នាំ កាន់តួនាទីជារដ្ឋមន្ត្រីក្រសួងបរទេស ក្នុងឆ្នាំ១៩៧៩។

តាមរយៈរូបថតមួយសន្លឹកនេះ សម្តេចតេជោបានរៀបរាប់អំពីសម្លៀកបំពាក់ ដែលសម្តេចបានពាក់នៅពេលនោះ និងបានរំលេចពាក្យពេចន៍ដ៏មានអត្ថន័យថា «ត្រូវចងចាំជោគជ័យមិនមែន បានមកដោយការិយាល័យធ្វើការល្អ រថយន្តទំនើប ខោអាវស្អាតនោះឡើយ តែបានមកដោយចេះធ្វើការដោយមានប្រសិទ្ធភាព ដើម្បីបំរើដល់ផលប្រយោជន៍ជាតិ និងប្រជាជន»

សម្តេចតេជោ ហ៊ុន សែន បានបង្ហោះរូបថតមួយសន្លឹក អមដោយខ្លឹមសារទាំងស្រុងដូច្នេះថា «ឃើញរូបថតមួយសន្លឹកនេះនឹកអាណិតខ្លួន។ ធ្វើរដ្ឋមន្ត្រីការបរទេសក្នុងវ័យមិនទាន់គ្រប់ ២៧ឆ្នាំ មិនទាន់បានជួបប្រពន្ធកូន មានរបបស្បៀង

១៦គីឡូក្នុងនោះអង្ករ ១០គីឡូពោតក្រហម៦គីឡូ។ ងាកមកសម្លៀកបំពាក់ខ្ញុំមានខោអាវធំតែមួយសម្រាប់នេះទេ ដែលជាជំនួយរបស់មិត្តវៀតណាម( រូបថតនេះថតនៅប្រហែលពាក់កណ្តាលកុម្ភៈឆ្នាំ១៩៧៩ មុនពេលខ្ញុំជួបភរិយា និងកូនខ្ញុំ)។

ខោអាវធំនេះមិនបានវាស់កាត់ទេ បានជាខោវែងជាងជើងអាវធំជាងខ្លួន។ ឯអាវក្នុងមានតែ២ទេ ស្បែកជើងទៅរើសនៅផ្សារថ្មី ម្ខាងធំ ម្ខាងតូចពាក់ឈឺជើងស្ទើរដើរមិនរួច។ តែទោះយ៉ាងណាខោអាវមិនស្អាតនេះ មិនរំខានការងារខ្ញុំនោះទេ វាតាមបំរើខ្ញុំទាំងនៅភ្នំពេញ ហាណូយ មូស្គូ កំឡំបូប្រទេសស្រីលង្កា នៅពេលខ្ញុំធ្វើដំណើរទៅប្រជុំប្រទេស នៃចលនាមិនចូលបក្សសម្ព័ន។ ខោអាវមួយសម្រាប់នេះ វាបានជួយឱ្យខ្ញុំទទួលបានជោគជ័យ រយៈពេលជាង៤៥ឆ្នាំកន្លងមក។ ជោគជ័យដែលបានមកដោយការលំបាកគឺជោគជ័យដែលមោទកភាព និងត្រូវចេះថែរក្សាឱ្យខាងតែបាន។

ត្រូវចងចាំជោគជ័យមិនមែន បានមកដោយការិយាល័យធ្វើការល្អ រថយន្តទំនើប ខោអាវស្អាតនោះឡើយ តែបានមកដោយចេះធ្វើការដោយមានប្រសិទ្ធភាពដើម្បីបំរើដល់ផលប្រយោជន៍ជាតិនិងប្រជាជន»៕