(កោះកុង)៖ លោក មាស ប៊ុនឡី តំណាងនាយឧត្តមសេនីយ៍ ចៅ ភិរុណ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបូទុមសាគរ ខេត្តកោះកុង បានដឹកនាំរៀបចំពិធីអបអរសាទរជ័យជម្នះ៧មករា នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤នេះ ដែលមានការចូលរួមពីលោក ក្រូច បូរីសីហា អភិបាលស្រុកបូទុសាគរ មេបញ្ជាការទាំង៣ប្រភេទ ប្រជាពលរដ្ឋលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងព្រះសង្ឃជាង២០០នាក់ នៅបរិវេនសាលាស្រុកបូទុមសាគរ។

ថ្លែងក្នុងឱកាសនោះ លោក មាស ប៊ុនឡី បានលើកឡើងថា ស្មារតី៧មករា នឹងនៅស្ថិតស្ថេរជាអមតៈនៅក្នុងក្រអៅបេះដូងរបស់យុវជនជំនាន់ក្រោយ ក៏ដូចជាប្រជាពលរដ្ឋខ្មែរគ្រប់រូប ត្រូវចងចាំថ្ងៃប្រវត្តិសាស្រ្តនេះ មិនអាចបំភ្លេចបានឡើយ ដូច្នេះយើងរួមគ្នាថែរក្សាសន្តិភាពឲ្យបានគង់វង្ស ព្រោះថ្ងៃ៧មករា១៩៧៩ ជាថ្ងៃដែលពលរដ្ឋខ្មែរទាំងមូល បានរស់រានមានជីវិតឡើងវិញ និងជាថ្ងៃកំណើតទី២ បានរួចចេញផុតពីរណ្តៅមរណៈនៃពួកបនប្រល័យពូជសាសន៍ ប៉ុល ពត គឺរបបសម្លាប់មនុស្សដោយគ្មានញញឹតដៃ។

លោកបានបន្ដថា ដើម្បីអបអរសាទរ ខួបលើកទី៤៥ ទិវាជ័យជំនះ៧មករា (៧ មករា ១៩៧៩-៧ មករា ២០២៤) នៅស្រុកបូទុមសាគរខេត្តកោះកុង ការប្រារព្ធខួបទី៤៥ នៃទិវាជាប្រវត្តិសាស្ត្រនេះឡើង ក្នុងស្មារតីចងចាំជានិច្ចនូវមហាឧក្រិដ្ឋកម្ម ដែលរបបប្រល័យពូជសាសន៍ ប៉ុល ពត បានប្រព្រឹត្តមកលើមាតុភូមិ និងប្រជាជនកម្ពុជា និងចងចាំជានិច្ចនូវគុណូបការៈដ៏ថ្លៃថ្លាបំផុត របស់កម្មាភិបាល វីរយុទ្ធជន យុទ្ធនារីសាមគ្គីសង្គ្រោះជាតិកម្ពុជា និងវីរកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានប្រយុទ្ធ និងធ្វើពលិកម្មយ៉ាងអង់អាច ដើម្បីវាយរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត និងរាំងស្កាត់មិនឲ្យរបបនេះអាចត្រឡប់មកវិញបាន។

លោក មាស ប៊ុនឡី បានអះអាងថា ក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា ដាក់ចេញនូវគោលនយោបាយឈ្នះឈ្នះ ដែលបានប្រែក្លាយប្រទេសកម្ពុជាពីបាតដៃទទេ មកមាន សុខសន្ដិភាព ការអភិវឌ្ឍន៍ និងរីកចម្រើន លើគ្រប់វិស័យ ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រនៅទូទាំងប្រទេសកម្ពុជា។ ដូច្នេះសូមយុវជន ប្រជាពលរដ្ឋទាំងអស់ចងចាំជានិច្ចនូវគុណនូបការរៈនៃថ្ងៃជ័យជំនះ៧មករានេះ។

លោកបានអំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមថែរក្សាសុខសន្ដិភាពនេះឲ្យបានស្ថិតស្ថិរជាអមតៈ គឺមានតែសុខសន្តិភាពនេះ ហើយទើបមាននូវអ្វីៗសព្វបែបយ៉ាង ជាពិសេសគឺការអភិវឌ្ឍប្រទេសជាតិ ឲ្យបានមានការរីកចម្រើនជឿនលឿន ក្នុងដំណាក់កាលរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏ដូចជាការជំរុញសន្ទុះកំណើនសេដ្ឋកិច្ចសំដៅប្រែក្លាយជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ប្រែក្លាយជាប្រទេសមានចំណូលខ្ពស់។

លោក មាស ប៊ុនឡី បានអំពាវនាវប្រជាពលរដ្ឋ កុំជឿការញុះញង់របស់គណបក្សផ្សេងៗ ឲ្យសោះមានគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលអាចដោះស្រាយរាល់បញ្ហារបស់ប្រជាពលរដ្ឋ បានគ្រប់ពេលវេលា និងរក្សាសន្តិភាពជូនប្រជាពលរដ្ឋ និងប្រទេសជាតិទៅថ្ងៃអនាគត៕