(ព្រះវិហារ)៖ លោក ហោ ប៊ុនហួរ អភិបាលស្រុករវៀង និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាស្រុក បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវបន្តចូលរួមការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ឲ្យកាន់តែសកម្មថែមទៀត ដើម្បីភាពសុខសាន្តក្នុងការរស់នៅ ភូមិ ឃុំ។

ការថ្លែងអំពាវនាវរបស់លោក ហោ ប៊ុនហួរ បានធ្វើឡើងក្នុងឱកាសដែលលោកដឹកនាំក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាស្រុក និងអាជ្ញាធរមូលដ្ឋានភូមិ ឃុំ ចុះជួបសំណេះសំណាល និងនាំអាវរងាចំនួន២៥០អាវ ចែកជូនប្រជាពលរដ្ឋ ចំនួន២៥០នាក់ រស់នៅភូមិទួលរវៀង និងភូមិអូរទ្រលោក ក្នុងឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ។

ក្នុងឱកាសនោះ លោក ហោ ប៊ុនហួរ បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាថ្នាក់កណ្តាល និងលោក អ៊ុក គឹមសាន អភិបាលរងខេត្តព្រះវិហារ និងជាប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយស្រុករវៀង ដែលជានិច្ចជាកាលតែងបានយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទូទាំងខេត្តព្រះវិហារ និយាយដោយឡែក ប្រជាពលរដ្ឋក្នុងស្រុករវៀង។

លោកបានថ្លែងប្រាប់ដំណឹងដ៏រីករាយដល់ប្រជាពលរដ្ឋ ក្នុងឃុំរមទម ក៏ដូចជាប្រជាពលរដ្ឋទូទាំងស្រុករវៀង ដែលនៅថ្ងៃម្សិលមិញនេះរដ្ឋបាលស្រុករវៀង បានទទួលអំណោយរថយន្ត១គ្រឿង ពីលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ សម្រាប់បម្រើឲ្យការងារទូទៅក្នុងស្រុក ក៏ដូចជាទុកបម្រើនូវភារកិច្ចចំបាច់ដោះស្រាយបញ្ហាផ្សេងៗជូនប្រជាពលរដ្ឋ៕