(កណ្ដាល)៖ លោកបណ្ឌិត ម៉ៅ ភិរុណ សមាជិកសភាមណ្ឌលកណ្ដាល និងលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តជម្ពូព្រឹក្ស ស្ថិតនៅភូមិកំពង់ព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ថ្លែងក្នុងឱកាសនោះ លោក គង់ សោភ័ណ្ឌ បានលើកឡើងថា ព្រះវិហារ និងសមិទ្ធផលនានា ក្នុងវត្តជម្ពូព្រឹក្ស ដែលបានកាត់ឫសបញ្ចុះខណ្ឌសីមា និងសម្ពោធដាក់ឲ្យប្រើប្រាស់នាពេលនេះ គឺជាសមិទ្ធផលដ៏ធំធេងថ្មីមួយទៀត ជាមួយនឹងសមិទ្ធផលនានាជាច្រើនផ្សេងទៀតរបស់សង្កាត់សិត្បូ ទាំងពុទ្ធចក្រ និងអាណាចក្រ ក្នុងវិស័យសេដ្ឋកិច្ច សង្គម ប្រកបដោយ សោភ័ណ្ឌភាព ផាសុកភាព សមធម៌ និងបរិយាប័ន្ន។

លោកអភិបាលខេត្ត បានបន្តថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ មានចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអគ្គមគ្គុទ្ទេសក៍វ័យក្មេងដ៏ឆ្នើមមួយរូប បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ មានបាវចនាចំនួន៥ គឺដើម្បី កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលមានការកែទម្រង់ និងពង្រឹងអភិបាលកិច្ចជាស្នូល ដោយកំណត់អាទិភាពជាគន្លឹះ ចំនួន ៥ គឺ៖មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជាពិសេសផ្ដោតលើ «បច្ចេកវិទ្យាឌីជីថល» សម្រាប់ឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្មទី៤ និងបរិវត្តកម្មឌីជីថល នៃសេដ្ឋកិច្ច និងសង្គមកម្ពុជាព្រមទាំងតម្រូវការក្នុងការលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច ដែលជាគ្រឹះ និងមធ្យោបាយដ៏សំខាន់ នៃការសម្រេចបានចក្ខុវិស័យ «កម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០» ដោយនៅតម្កល់មនុស្សជាអាទិភាពនៅលើគេ។

លោកបានស្នើដល់រដ្ឋបាលក្រុងតាខ្មៅ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមន្ទីរអង្គភាពពាក់ព័ន្ធ ត្រូវយកចិត្តទុកគិតគូ ប្រែក្លាយទីធ្លាវត្តអារាម ឲ្យក្លាយទៅជាកន្លែងទេសចរណ៍ បែបសាសានា និងជាទីកន្លែងធ្វើវិប្បសាសនា សមាធិកជាដើម។ បន្តយកចិត្តទុកដាក់អនុវត្តគោលនយោបាយ «ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព» ដែលមានលក្ខណៈសម្បត្តិ ៧យ៉ាងឲ្យបានល្អប្រសើរ។

ក្នុងនោះរួមមាន៖

*ទី១៖ ផ្តល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព តម្លា ភាព និងទទួលបានជំនឿទុកចិត្ត
*ទី២៖ គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ
*ទី៣៖ មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍
*ទី៤៖ គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្ត្រី និងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើង
*ទី៥៖ ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការ ប្រកបដោយគុណភាព និងប្រសិទ្ធភាព
*ទី៦៖ មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ
*ទី៧៖ ឆ្លើយតបបានទាន់ពេលវេលាចំពោះ គ្រោះមហន្តរាយ និងរាល់ជំងឺឆ្លង រាតត្បាត កាចសាហាវ ប្រកបដោយប្រសិទ្ធភាព៕