(សៀមរាប)៖ កម្មវិធី «សំណេរអង្គរ» ដែលជាការប្រកួតសរសេរតាមអានអក្សរខ្មែរនោះ បានរកឃើញជ័យលាភីហើយ ក្នុងនោះជ័យលាភីលេខ៣បានទៅលើបេក្ខនារី យ៉ោក សុឃាក់ លេខ២បានទៅលើបេក្ខជន វ៉ន វីដា និងលេខ១បានទៅលើបេក្ខជន ចេង រតនា។

គួរជម្រាបថា កម្ពុជាបានរៀបចំកម្មវិធីប្រកួតសរសេរតាមអានថ្នាក់ជាតិលើកដំបូង នៅលើស្ពានហាលមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ ក្រោមការផ្ដួចផ្ដើមដោយលោក លីម ប៊ុនហុក មិត្តភក្តិដែលស្រឡាញ់អក្សរសាស្ត្រ និងក្រុមការងារ ក្រោមកិច្ចសហការយ៉ាងពេញទំហឹងពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អាជ្ញាធរជាតិអប្សរា ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងទេសចរណ៍ និងអង្គភាព ស្ថាប័ន ដៃគូសហការមួយចំនួនទៀត ក្រោមវត្តមានលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងនោះមានសមណសិស្ស បេក្ខជនបេក្ខនារីប្រមាណជាង៧០០អង្គ/នាក់។

នាវេលាល្ងាចថ្ងៃទី២១ ខែមករាដដែល លោកស្រីរដ្ឋមន្ត្រី ភឿង សកុណា បានផ្ដល់កិត្តិយសប្រកាសជ័យលាភីក្នុងកម្មវិធីសំណេរអង្គរនេះដែរ។

ជ័យលាភីកំពូលទាំង៣ រួមមាន៖
* លេខ៣ បានទៅលើបេក្ខនារី យ៉ោក សុឃាក់ មកពីខេត្តសៀមរាប
* លេខ២ បានទៅលើបេក្ខជន វ៉ន វីដា មកពីខេត្តបន្ទាយមានជ័យ (ស្រុកកំណើតនៅខេត្តក្រចេះ)
* លេខ១ បានទៅលើបេក្ខជន ចេង រតនា មកពីរាជធានីភ្នំពេញ។

ក្រៅពីនោះក៏មានជ័យលាភីរងមាន២២នាក់ ជ័យលាភីអក្សរស្អាតមាន៣នាក់ បេក្ខជនមានអាយុតិចជាងគេបំផុតមាន៣នាក់ (ចាប់ពី៨ឆ្នាំ) និងអាយុច្រើនជាងគេបំផុតមាន១នាក់ (អាយុ៦៧ឆ្នាំ) ដែលទទួលបានរង្វាន់លើកទឹកចិត្តមួយចំនួនទៀត ដូចជា សៀវភៅអាន វត្ថុអនុស្សាវរីយ៍ សំបុត្រយន្តហោះ ទទួលបានការស្នាក់នៅសណ្ឋានគារជាដើម៕