(អ៊ូហ្គាន់ដា)៖ លោក​បណ្ឌិត​សភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ដ្រី​ក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់សម្តេច​មហា​បវរ​ធិបតី​ ហ៊ុន​ ម៉ាណែត នាយក​រដ្ឋមន្ត្រី នៃកម្ពុជា បានដឹកនាំប្រតិភូ ចូលរួម​ប្រជុំកំពូលរដ្ឋាភិបាល​នៃ​ចលនា​មិនចូល​បក្ស​សម្ព័ន្ធ​លើកទី១៩ (19th NAM Summit) ក្រោមប្រធានបទ «ពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីវិបុលភាពរួមក្នុងពិភពលោក» ដែល​ប្រព្រឹត្តិ​ទៅចាប់​ពី​ថ្ងៃ​ទី១៩ ដល់​ថ្ងៃទី២០ ខែ​មករា​ ឆ្នាំ២០២៤ នៅទីក្រុង​កាំប៉ាឡា សាធារណរដ្ឋ​អ៊ូហ្គាន់ដា។

ចលនាមិនចូលបក្សសម្ព័ន្ធ (Non-Aligned Movement-NAM) ត្រូវបានបង្កើតទ្បើងនៅឆ្នាំ១៩៦១ នៅក្នុងពេលសង្គ្រាមត្រជាក់ បន្ទាប់ពីប្រទេសអាស៊ី និងអាហ្រ្វិកបានជួបប្រជុំគ្នានៅទីក្រុមបាន់ឌុង (Bandung) ប្រទេសឥណ្ឌូណេស៊ី និងបានចេញ សេចក្តីថ្លែងការណ៍ទីក្រុងបាន់ឌុង «បញ្ចសិលា» ឬ គោលការណ៍ ១០ចំណុចស្តីពីសន្តិសហវិជ្ជមាន៖

ទី១៖ គោរពគោលការណ៍ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ
ទី២៖ គោរពអធិបតេយ្យភាព និងបូរណភាពដែនដី
ទី៣៖ សមភាពនៃប្រទេសតូច និងធំ
ទី៤៖ មិនលូកដៃចូលកិច្ចការផ្ទៃក្នុង
ទី៥៖ គោរពសិទ្ធិស្វ័យការពារ
ទី៦៖ មិនប្រើកម្លាំងដើម្បីការពារផលប្រយោជន៍ប្រទេសធំ
ទី៧៖ មិនប្រើកម្លាំងយោធា ឬគំរាមប្រើប្រាស់កម្លាំងយោធាប្រឆាំងប្រទេសអធិបតេយ្យ
ទី៨៖ ការដោះស្រាយជម្លោះដោយសន្តិវិធី
ទី៩៖ ការលើកកម្ពស់កិច្ចសហប្រតិបត្តិការ
ទី១០៖ ការគោរពយុត្តិធម៌ និងកាតព្វកិច្ចអន្តរជាតិ។ នាពេលបច្ចុប្បន្ន NAM សមាជិកមានចំនួន ១២០ ប្រទេសសង្កេតការណ៍ ១៨និងអង្គការសង្កេតការណ៍១០។ កម្ពុជា គឺជាប្រទេសស្ថាបនិក នៃចលនាមិនចូលបក្សសម្ព័ន្ធ។

ក្នុងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត, លោកបណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន បានលើកទ្បើងថា ជាងពីរទស្សវត្សរ៍កន្លងផុតទៅ កម្ពុជាបានដោះស្រាយបញ្ចប់ជម្លោះផ្ទៃក្នុងជាស្ថាពរ បានអនុវត្តកម្មវិធីកំណែទម្រង់សេដ្ឋកិច្ចផ្សារ និងសម្រេចបានកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ៧% ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ ដោយបានដោយបានឆ្លងផុតពីប្រទេសក្រីក្រ ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប។

ក្រោយការបោះឆ្នោតខែកក្កដា ឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព សំដៅសម្រេចបានឋានៈជាប្រទេសដែលមាន ប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ ដោយយល់ច្បាស់ពីសារៈសំខាន់នៃសន្តិភាពក្នុងការអភិវឌ្ឍជាតិ កម្ពុជាបានប្រកាសកំណត់យកថ្ងៃទី២៩ ខែធ្នូ ជា «ទិវាសន្តិភាពក្នុងប្រទេសកម្ពុជា»

លើសពីនេះ កម្ពុជាបានបញ្ជូនកងកម្លាំងរក្សាសន្តិភាពទៅគាំទ្រកិច្ចប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិក្នុងប្រទេសចំនួន៩ផងដែរ។ កម្ពុជាប្តេជ្ញាចិត្តប្រកាន់ខ្ជាប់នុវពហុភាគីនិយម និងបន្តអនុវត្តគោលនយោបាយការបរទេសឯករាជ្យ ដោយឈរលើគោលការណ៍ច្បាប់អន្តរជាតិ ដូចមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ និងអាស៊ាន។ ដូច្នេះ កម្ពុជាប្រឆាំងនឹងការប្រើប្រាស់កម្លាំង ឬការគំរាមកំហែងដោយការប្រើប្រាស់កម្លាំង ហើយកម្ពុជាអំពាវនាវឱ្យភាគី ដែលកំពុងច្បាំងគ្នាប្រើប្រាស់យន្តការដោះស្រាយវិវាទដោយសន្តិវិធី។

ម៉្យាងវិញទៀត កម្ពុជាទទួលស្គាល់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការត្បូងទល់ត្បូង (South-South cooperation) ក្នុងការកសាងភាពធន់នៃសេដ្ឋកិច្ច ជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងធានាបាននូវយុត្តិធម៌សង្គម។ យើងចាំបាច់ត្រូវចែករំលែកចំណេះដឹង បច្ចេកវិទ្យា និងធនធាន ដើម្បីដោះស្រាយបញ្ហាប្រឈមរួមគ្នា និងសម្រេចបាននូវគោលដៅរួម។ ដូចនេះ ចលនាមិនចូលបក្សសម្ព័ន្ធ  គួរតែបន្តជាតួអង្គកត្តាលីករសម្រាប់កសាងសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព នៅក្នុងសតវត្សដែលកំពុងប្រឈមនឹងបញ្ហាដ៏ស្មុគ្រស្មាញនេះ។

កម្ពុជាគាំទ្រទាំងស្រុងចំពោះការអនុម័តឯកសារផលសម្រេច នៃកិច្ចប្រជុំកំពូលលើកទី ១៩ នៃប្រមុខរដ្ឋ និងរដ្ឋាភិបាលនៃចលនាមិនចូលបក្ខសម្ព័ន្ធ។ វានឹងក្លាយជាផែនទីបង្ហាញផ្លូវដ៏សំខាន់សម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការ និងកិច្ចសហការ ក្នុងចំណោមប្រទេសជាសមាជិកនៃចលនាមិនចូលបក្សសម្ព័ន្ធ និងប្រទេសដទៃទៀតលើបញ្ហានយោបាយ សនិ្តសុខ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងបញ្ហាសិទ្ធិមនុស្សក្នុងកម្រិតសកលលោក តំបន់ និងអនុតំបន់។

កម្ពុជាគាំទ្រទាំងស្រុងលើខ្លឹមសារនៃកិច្ចប្រជុំកំពូលនាពេលនេះ ដែលផ្តោតបញ្ហាលើសពី អព្យាក្រឹតភាពនៃនយោបាយ-សន្តិសុខ ដើម្បីជំរុញការកសាងសហគមន៍ពិភពលោកមួយ ចែករំលែកដោយគុណតម្លៃ សេចក្តីប្រាថ្នា និងការប្តេជ្ញាចិត្តដ៏ស្មោះត្រង់រួមគ្នា ដើម្បីកសាងពិភពលោករបស់យើងក្លាយជាកន្លែងដ៏ល្អប្រសើរសម្រាប់យើងទាំងអស់គ្នា និងដើម្បីធ្វើឱ្យមានសហសុខដុមនីយកម្មជាមួយគ្នាក្នុងវប្បធម៌ និងអរិយធម៌ចម្រុះ។

សេចក្តីថ្លែងការណ៍ Kampala៖ ផ្តោតលើការប្រកាន់ខ្ជាប់ និងលើកកម្ពស់ការគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិជាពិសេសគោលការណ៍អធិបតេយ្យភាព សមភាព បូរណភាពដែនដី និងការមិនលូកដៃចូលកិច្ចការផ្ទៃក្នុង និងដោះស្រាយជម្លោះដោយសន្តិវិធី ជំរុញឱ្យមានដំណោះស្រាយរដ្ឋពីររវាងប៉ាឡេស្ទីន និងអ៊ីស្រាអែលដោយឈរលើមូលដ្ឋានព្រំដែនមុនឆ្នាំ១៩៦៧  គាំទ្រប្រតិបត្តិការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ពង្រឹង និងបង្កើតតំបន់គ្មានអាវុធនុយក្លេអ៊ែរនៅមជ្ឈិមបូព៌ា គាំទ្រកិច្ចខិតខំប្រឹងប្រែងថ្នាក់ជាតិ និងថ្នាក់តំបន់ក្នុងការបង្ការ និងប្រឆាំងអំពើភេរវកម្មគ្រប់ទម្រង់ បន្តពង្រឹងកិច្ចសហប្រតិបត្តិការជើង-ត្បូង កិច្ចសហប្រតិបត្តិការត្បូង-ត្បូង និងកិច្ចសហប្រតិបត្តិការត្រីភាគី។

សេចក្តីថ្លែងការណ៍នេះក៏បានផ្តោតទៅលើការកែទម្រង់ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ និងរកដំណោះស្រាយក្នុងការគ្រប់គ្រងបញ្ហាបំណុលបរទេស ជំរុញការអនុវត្តអោយបានជោគជ័យនូវរបៀបវារៈ២០២៣ ស្តីពីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ការអភិវឌ្ឍបច្ចេកវិទ្យាពត៌មាន គមនាគមន៍ និងថាមពល និងជំរុញវិស័យពាណិជ្ជកម្ម និងការផ្ទេរបច្ចេកវិទ្យា៕