(ស្វាយរៀង)៖ លោក សម តារា អ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ បានចុះជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំស្វាយតាយានដែលជាអង្គបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥។

ពិធីនេះមានការចូលរួមពីលោក ប៊ុន សាវ៉ាន់ សមាជិកគណៈប្រចាំការគណៈអចិន្ត្រៃយ៍គណបក្សខេត្ត លោក សុខ រស់ សមាជិកគណៈអចិន្ត្រៃយ៍គណបក្សខេត្ត ព្រមទាំងក្រុមការងារជាច្រើនរូបទៀតផងដែរ។

លោក សម តារា បានផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនដល់លោក លោកស្រី ដែលអង្គបោះឆ្នោតផងដែរ។

ជាមួយគ្នានេះ លោកបណ្ឌិតក៏បានទទួលយកការសំណូមពរ របស់ក្រុមប្រឹក្សាឃុំស្វាយតាយាន នូវបញ្ហាប្រឈមមួយចំនួននៅមូលដ្ឋាន ដើម្បីជម្រាបជូនថ្នាក់ដឹកនាំផងដែរ។បន្ថែមលើសពីនេះកងកម្លាំងអាជ្ញាធរ ពាក់ព័ន្ធទាំងអស់ត្រូវចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពឱ្យមានប្រសិទ្ធភាពខ្ពស់ ខ្លាំងឡើងបន្ថែមទៀត ជាពិសេសបញ្ហាចរាចរណ៍ គ្រឿងញៀន ព្រោះថា គោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព គឺជាកត្តាដ៏សំខាន់សម្រាប់បម្រើការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋានប្រកបដោយភាពកក់ក្តៅ និងសុវត្ថិភាពខ្ពស់។

លោកបានបន្តថា ការអភិវឌ្ឍអ្វីមួយអាចរលូនទៅបាន ត្រូវស្គាល់អំពីខ្លួនឯងឲ្យច្បាស់ មានការអប់រំ មានធនធានមនុស្សហើយ ត្រូវប្រើឲ្យចំគោលដៅ និងត្រូវមានគំនិតឆ្នៃប្រឌិត ដើម្បីបម្រើប្រយោជន៍ទាំងរដ្ឋបាលឃុំ ទាំងបក្សឲ្យមានការជឿជាក់ពីពលរដ្ឋនៅមូលដ្ឋានកាន់តែច្រើនឡើងបន្ថែមទៀត។

ជាមួយគ្នានេះ លោកបណ្ឌិតក៏បានផ្តាំផ្ញើរដល់អាជ្ញាធរឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ត្រូវតែធ្វើអំពើល្អ ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា រហ័សទាន់ចិត្ត និងមានប្រសិទ្ធិភាព ចំណែកឯអង្គបោះឆ្នោតត្រូវថែទាំ សុខភាពឲ្យបានល្អ និងត្រៀមឯកសារផ្លូវការសម្រាប់ចូលរួមក្នុងថ្ងៃបោះឆ្នោត។

គួររំលឹកថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ នឹងដំណើរការនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ជាការបោះឆ្នោតអសកល ដែលមានសមាជិករដ្ឋសភា និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងតំណែងជាអង្គបោះឆ្នោត ដោយឡែកនៅខេត្តស្វាយរៀងមានអង្គបោះឆ្នោតសរុប៥១៨នាក់។

សូមបញ្ជាក់ថា នៅក្នុងដំណើរចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំស្វាយតាយាន លោកបណ្ឌិតសម តារាក៏បានចុះសួរសុខទុក្ខ លោកគ្រូ អ្នកគ្រូនៅសាលារៀនបឋមសិក្សាពៃភ្នៀតស្ថិតនៅក្នុងឃុំសំឡី ស្រុកកំពង់រោទិ៍ ផ្តល់ជូនថវិកាមួយចំនួនផងដែរ៕