(សៀមរាប)៖ ក្នុងព្រឹត្តិការណ៍កម្មវិធីសំណេរអង្គរដ៏វិសេសវិសាលនោះ គេឃើញមានបេក្ខនារីមួយរូបដែលបានចូលរួមប្រកួត ជាមួយនឹងការស្លៀកសំពត់ក្បិនប្រពៃណីខ្មែរយ៉ាងស្រស់សោភា រំលេចបាននូវភាពលេចធ្លោ និងការចាប់អារម្មណ៍ពិសេសពីសំណាក់មហាជន។

គួរជម្រាបថា កម្ពុជាបានរៀបចំកម្មវិធីប្រកួតសរសេរតាមអានថ្នាក់ជាតិលើកដំបូង នៅលើស្ពានហាលមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ ដែលមានសមណសិស្ស បេក្ខជន បេក្ខនារីប្រមាណជាង៧០០នាក់ចូលរួម។

ក្នុងចំណោមបេក្ខជនទាំងនោះ កញ្ញា ថន កេសរ ដែលជាបេក្ខនារីមកពីខេត្តព្រៃវែង និងជានិស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជំនាញភាសាវិទ្យាផងនោះ បានចូលរួមដោយការស្លៀកសំពត់ក្បិនប្រពៃណីខ្មែរយ៉ាងស្រស់សោភា អង្គុយធ្វើវិញ្ញាសាយ៉ាងយកចិត្តទុកដាក់។

កញ្ញាបានថ្លែងប្រាប់ Fresh News បានឱ្យដឹងថា ហេតុដែលកញ្ញាស្លៀកសំពត់ក្បិននេះ គឺដោយសារស្រឡាញ់សម្លៀកបំពាក់ប្រពៃណីខ្មែរ និងចង់បង្ហាញនៅក្នុងកម្មវិធី បង្ហាញឱ្យសាធារណជននិងភ្ញៀវទេសចរបានឃើញ។

កញ្ញា កេសរ បានបន្តថា «ខ្មែរយើងគួរតែបង្ហាញអ្វីដែលជារបស់ដូនតាខ្មែរឱ្យបានច្រើន ពិសេសគឺនៅពេលចូលទីបេតិកភណ្ឌ ដូចជារមណីយដ្ឋានអង្គរជាដើម នេះគួរតែស្លៀកពាក់ឱ្យបានសមរម្យ»

កញ្ញាបានបន្តទៀតថា ការប្រកួតនេះ រឿងជ័យលាភីមិនសំខាន់ណាស់ណាចំពោះកញ្ញានោះទេ ប៉ុន្តែសំខាន់នោះគឺការចូលរួមបញ្ចេញសមត្ថភាព ទទួលយកបទពិសោធន៍ និងឈ្វេងយល់ពីការខ្វះចន្លោះរបស់ខ្លួន និងចូលរួមលើកស្ទួយវិស័យអក្សរសាស្ត្រជាតិផងដែរ។

ក្រៅពីកញ្ញា ថន កេសរ ដែលស្លៀកសំពត់ក្បិននេះ ក៏មានបេក្ខនារីផ្សេងទៀតដែលស្លៀកសំពត់ហូល សំពត់ផាមួងបែបប្រពៃណីខ្មែរ ហើយក៏មានបេក្ខជនដែលប្រើក្រមាបង់ក មើលទៅរំលេចបាននូវតម្លៃវប្បធម៌ខ្មែរគួរជាទីរីករាយ៕