(សៀមរាប)៖ ក្រៅពីលើកកម្ពស់ស្មារតីស្រឡាញ់អក្សរជាតិ «កម្មវិធីសំណេរអង្គរ» ដែលជាកម្មវិធីសរសេរតាមអានថ្នាក់ជាតិនោះ ក៏សម្រិតសម្រាំងយកនូវខ្លឹមសារដែលពាក់ព័ន្ធប្រវត្តិសាស្ត្រ តម្លៃបេតិកភណ្ឌ វប្បធម៌ និងស្មារតីជាតិនិយមជាដើម ផ្សព្វផ្សាយបញ្ជ្រាបជូនសមណសិស្ស បេក្ខជន បេក្ខនារីដែលចូលរួមប្រកួតនេះផងដែរ។

គួរជម្រាបថា កម្ពុជាបានរៀបចំកម្មវិធីប្រកួតសរសេរតាមអានថ្នាក់ជាតិលើកដំបូង នៅលើស្ពានហាលមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ ក្រោមការផ្ដួចផ្ដើមដោយលោក លីម ប៊ុនហុក មិត្តភក្តិដែលស្រឡាញ់អក្សរសាស្ត្រ និងក្រុមការងារ ក្រោមកិច្ចសហការយ៉ាងពេញទំហឹងពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អាជ្ញាធរជាតិអប្សរា ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងទេសចរណ៍ និងអង្គភាព ស្ថាប័ន ដៃគូសហការមួយចំនួនទៀត។

លោក លីម ប៊ុនហុក អ្នកផ្ដួចផ្ដើមកម្មវិធីសំណេរអង្គរ បានថ្លែងថា ការរៀបចំកម្មវិធីនេះបានប្រព្រឹត្តទៅយ៉ាងល្អប្រសើរ ដោយមានការចូលរួមពីសមណសិស្ស បេក្ខជន បេក្ខនារីប្រមាណជាង៧០០នាក់ បង្ហាញនូវភាពចម្រុះនៃស្រទាប់សាធារណជន គ្រួសារខ្លះមកចូលរួមប្រកួតទាំង៣ជំនាន់ មានជីតា ឪពុក និងចៅ។

លោក ប៊ុនហុក បានបន្តថា «ប្រធានបទនៃវិញ្ញាសានេះ ខ្ញុំបានធ្វើសេចក្ដីព្រាងជំហានដំបូង ហើយការត្រួតពិនិត្យនិងសម្រឹងសម្រាំងពីសំណាក់គណៈកម្មការជំនាញៗ បន្ទាប់មក ក្រោមការត្រួតពិនិត្យពីក្រសួងអប់រំ យុវជន និងកីឡាមួយជាន់ទៀត ដែលក្នុងនោះផ្ដោតលើប្រវត្តិសាស្ត្រសម័យអង្គរ គុណតម្លៃនៃសម្បត្តិបេតិកភណ្ឌ វប្បធម៌នៅក្នុងតំបន់អង្គរជាដើម»

លោកសង្កេតឃើញថា បេក្ខជនម្នាក់ៗខិតខំសរសេរក្នុងវិញ្ញាសារបស់ខ្លួនយ៉ាងយកចិត្តទុកដាក់ ពោរពេញដោយសេចក្ដីស្រឡាញ់ចំពោះអក្សរសាស្ត្រខ្មែរ អមដោយទេសភាពទិដ្ឋភាពមុខប្រាសាទបុរាណខ្មែរ ដែលបុព្វបុរសបានកសាងឡើង រួមជាមួយនឹងកេរដំណែលអក្សរសាស្ត្រដ៏ល្អផូរផង់។

លោកបន្តទៀតថា បន្ទាប់ពីជោគជ័យក្នុងការរៀបចំកម្មវិធីលើកទី១នេះហើយ លោកនិងក្រុមការងារនឹងខិតខំបង្កើតឱ្យកម្មវិធីប្រកួតថ្នាក់ជាតិបែបនេះនៅឆ្នាំក្រោយៗទៀត។ ឆ្នាំបន្ទាប់អាចនឹងប្រារព្ធធ្វើនៅមុខព្រះបរមរាជវាំង រាជធានីភ្នំពេញ។

លោក លីម ប៊ុនហុក ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមក្នុងការប្រកួតលើកក្រោយឱ្យបាច្រើនកុះករ ដើម្បីបុព្វហេតុអក្សរសាស្ត្រជាតិខ្មែរ និងដើម្បីលើកតម្លៃអត្តសញ្ញាណជាតិឱ្យកាន់តែប្រសើរឡើង។

លោកថា អក្សរ គឺជាព្រលឹងជាតិ ឧត្តមភាពជាតិ កាលណាអក្សរសាស្ត្រជាតិធ្លាក់ចុះ ក៏នាំឱ្យមានផលមិនល្អចំពោះវប្បធម៌ កិត្យានុភាពជាតិផងដែរ៕