(កំពង់ស្ពឺ)៖ នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤នេះ លោក ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់អនុប្រធាន ក្រុមការងារចុះជួយស្រុក ឃុំ ក្រុមការងារ និងគណៈកម្មាធិការ គណបក្សប្រជាជនគ្រប់ថ្នាក់ និងសមាជិក សមាជិកា គណបក្សទាំងអស់ ប្រមាណ៤០០នាក់។

ក្រោមបរិយាកាសប្រកបដោយភាពស្និទ្ធស្នាល លោក ហ៊ុន ម៉ានី បានសម្តែងនូវសេចក្តីសប្បាយរីករាយ ដែលបានមកជួបក្រុមការងារចុះជួយស្រុក ឃុំ និងគណៈកម្មាធិការគណបក្សប្រជាជនគ្រប់ថ្នាក់សមាជិក សមាជិកា គណបក្សទាំងអស់ នាឱកាសនោះ។

ទន្ទឹមនឹងនេះ លោកបានផ្តាំផ្ញើនូវសេចក្តីនឹករលឹក និងការសាកសួរសុខទុក្ខពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយលោកបានគូសបញ្ជាក់ពីគោលជំហរ និងឆន្ទៈរបស់ថ្នាក់ដឹកនាំអាណាត្តិទី៧ ក្នុងការចូលរួមជំរុញការអភិវឌ្ឍប្រទេសជាតិ ជាពិសេសលើការទាក់ទាញវិនិយោគទុនមកកាន់កម្ពុជា ដើម្បីផ្តល់ឱកាសការងារបន្ថែមជូនដល់ប្រជាពលរដ្ឋខ្មែរផងដែរ។

ជាមួយគ្នានេះ លោក ហ៊ុន ម៉ានី បានថ្លែងអំណរគុណដល់អាជ្ញាធរស្រុក ឃុំ ដែលតែងតែការងារសុខសុវត្ថិភាព និងយកចិត្តទុកដាក់ជាមួយប្រជាពលរដ្ឋ តាមរយៈការចូលរួមលើកស្ទួយវិស័យកសិកម្ម ឧស្សាហកម្មជាដើម ជាពិសេសការពង្រីកបន្ថែមនូវរោងចក្រ ដែលជាកន្លែងផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋ និងប្រាក់ចំណូលបន្ថែម និងចូលរួមអភិវឌ្ឍន៍មុខមាត់របស់ខេត្ត និងប្រទេសជាតិទាំងមូល។

បន្ថែមពីនេះ លោកបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ក្រុមការងារចុះជួយស្រុកឃុំ គណៈកម្មាធិការ គណបក្សប្រជាជនគ្រប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែង ចំណាយពេលវេលា និងអនុវត្តគោលនយោបាយស្របតាមគណបក្សថ្នាក់កណ្តាល។ លោកបានបន្តថា កិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលរបស់ក្រុមការងារ បានឆ្លុះបញ្ចាំងពីមនោសញ្ចតនាជាមួយប្រជាពលរដ្ឋយ៉ាងពិតប្រាកដ។

ផ្សាភ្ជាប់ជាមួយការលើកឡើងខាងលើនេះ លោកបានលើកឡើងថា «សាមគ្គីឯកភាពផ្ទៃក្នុង ជាកត្តាពង្រឹងភាពឈ្នះរបស់គណបក្សប្រជាជន» ដូច្នេះសូមសមាជិក សមាជិកា ជឿជាក់ និងទុកចិត្តលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបន្តថែរក្សា និងធានាឲ្យបាននូវផលប្រយោជន៍ជូនប្រជាជន និងប្រទេសជាតិបន្ថែមទៀត៕