(កំពត)៖ លោកស្រី ស៊ឹម ណារី ប្រធានស្តីទីមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកំពត បានឲ្យដឹងថា៖ ខេត្តកំពតមានកសិដ្ឋានផលិតអំបិលសរុបទំហំ៣,៤៨៩ហិកតា មានឃ្លាំងស្តុកអំបិល៥៦០កន្លែង ដែលផ្តល់ការងារដល់ប្រជាពលរដ្ឋចំនួន១,៤៧៤នាក់។

កសិដ្ឋានផលិតអំបិលក្នុងខេត្ត ដំណើរការបានរយៈពេល៤ទៅ៦ខែក្នុងមួយឆ្នាំ អាស្រ័យលើអាកាសធាតុ និងផ្តល់ទិន្នផលអំបិលប្រមាណ១០០,០០០តោនក្នុងមួយឆ្នាំ។

ក្នុងដំណើរស្វែងយល់ ចុះត្រួតពិនិត្យស្រែអំបិល វិស័យទឹកស្អាត និងជួបសំណេះសំណាលជាមួយមន្ត្រី និងអ្នកផលិតអំបិលក្នុងខេត្តកំពត-កែប រយៈពេល ២ថ្ងៃ ពីថ្ងៃទី១៨-១៩ ខែមករា ឆ្នាំ២០២៤ កន្លងមកនេះ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានជំរុញការលើកកម្ពស់គុណភាព និងស្តង់ដារ សម្រាប់ផលិតកម្មអំបិល  នៅខេត្តកំពត-កែប ផងដែរ។ លោករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តដល់អ្នកផលិតអំបិល និងអាជីវកម្ម ដែលមានសក្តានុពលក្នុងខេត្តទាំងពីរ ដូចជាអាជីវកម្ម ផលិតទឹកត្រី និងម្រេច ឱ្យសហការជាមួយក្រសួង សម្រាប់ការគាំទ្រទាក់ទងនឹងគុណភាព និងស្តង់ដារផលិតផល។

នាឱកាសជួបសំណេះសំណាលជាមួយមន្ត្រី ផលិតករអំបិល និងសហគ្រាសពាក់ព័ន្ធ នៅសាលប្រជុំសាលាកំពត លោករដ្ឋមន្ត្រី បានជម្រាបជូនពីយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រដ្ឋាភិបាល ដោយគូសរំលេចពីអាទិភាពនៃការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមក្នុងស្រុក ដែលអាទិភាពមួយរបស់រាជរដ្ឋាភិបាល គឺការចលនាដើម្បីលើកកម្ពស់ការផលិតក្នុងស្រុក ដោយផ្តោតលើគុណភាព ផលិតភាព និងភាពប្រកួត ប្រជែងលើទីផ្សារ ដោយលោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា អំបិលជាទំនិញយុទ្ធសាស្ត្រមួយ ដែលត្រូវបានប្រើប្រាស់ប្រចាំថ្ងៃ និងសម្រាប់ការកែច្នៃផលិតផលផ្សេងៗ។

អំពីយុទ្ធសាស្ត្រអភិវឌ្ឍន៍អំបិល ឆ្នាំ២០២២ -២០២៦ និងបានជំរុញឱ្យអ្នកផលិតអំបិល ឱ្យស្វែងរកទីផ្សារថ្មីៗ ដែលមិនមែនជាទីផ្សារប្រពៃណី ដូចជាការប្រើប្រាស់អំបិលធ្វើជាក្ល័រដើម្បីប្រព្រឹត្តកម្មទឹកស្អាតជាដើម។

ឆ្លើយតបនឹងសំណើសុំការគាំទ្រលើសេវាសាធារណៈ និងការលើកទឹកចិត្តនានា របស់អ្នកផលិតអំបិល គឺលោករដ្ឋមន្ត្រី ហែម វណ្ណឌី បានលើកឡើងថា ក្រសួងកំពុងអនុវត្តកំណែទម្រង់មួយចំនួន រួមទាំងការកែសម្រួល ថ្លៃ រយៈពេល និងសុពលភាពនៃសេវាសាធារណៈរបស់ខ្លួន និងកំពុងប្រែក្លាយមន្ទីរពិសោធន៍ជាតិ ទៅជាគ្រឹះស្ថានរដ្ឋបាលសាធារណៈ ក្នុងគោលបំណងផ្តល់សេវាប្រកបដោយ វិជ្ជាជីវៈជូនដល់វិស័យឯកជន៕