(តាកែវ)៖ លោក អ៊ុក សំនៀង អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំជ័យជោគ បានលើកឡើងថា ស្មារតី៧មករា នឹងនៅស្ថិតស្ថេរជាអមតៈនៅក្នុងក្រអៅបេះដូងរបស់យុវជនជំនាន់ក្រោយ ក៏ដូចជាប្រជាពលរដ្ឋខ្មែរគ្រប់រូប ពិសេសគឺចងចាំថ្ងៃប្រវត្តិសាស្រ្តនេះមិនអាចបំភ្លេចបានឡើយ ព្រោះថ្ងៃនេះជាថ្ងៃដែលពលរដ្ឋខ្មែរ ទាំងមូលបានរស់រានមានជីវិតឡើងវិញ ចេញផុតពីរណ្តៅមរណៈនៃពួកអាវខ្មៅ។

ថ្លែងនៅចំពោះមុខប្រជាពលរដ្ឋ យុវជន ប្រមាណជាង២០០​នាក់ ក្នុងមីទិញ្ទអបអរសាទរ ខួបលើកទី៤៥ ទិវាជ័យជំនះ៧មករា (១៩៧៩-២០២៤) នៅស្រុកទ្រាំង ខេត្តតាកែវ។

លោក អ៊ុក សំនៀង បានបន្តថា ការប្រារព្ធខួបទី៤៥ នៃទិវាជាប្រវត្តិសាស្ត្រនេះឡើង ក្នុងស្មារតីចងចាំជានិច្ចនូវមហាឧក្រិដ្ឋកម្មដែល របបប្រល័យពូជសាសន៍ ប៉ុល ពត បានប្រព្រឹត្តមកលើមាតុភូមិ និងប្រជាជនកម្ពុជា និងចងចាំជានិច្ចនូវគុណូបការៈដ៏ថ្លៃថ្លាបំផុតរបស់កម្មាភិបាល វីរយុទ្ធជន យុទ្ធនារីសាមគ្គីសង្គ្រោះជាតិកម្ពុជា និងវីរកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានប្រយុទ្ធ និងធ្វើពលិកម្មយ៉ាងអង់អាច ដើម្បីវាយរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត និងរាំងស្កាត់មិនឲ្យរបបនេះអាចត្រឡប់មកវិញបាន។

លោកអនុប្រធានបានបន្តទៀតថា ក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា ដាក់ចេញនូវគោលនយោបាយឈ្នះ ឈ្នះ ដែលបានប្រែក្លាយប្រទេសកម្ពុជាពីបាតដៃទទេ មកមានសុខសន្ដិភាព ការអភិវឌ្ឍន៍ និងរីកចម្រើន លើគ្រប់វិស័យ ទាំងផ្នែកពុទ្ធចក្រ និង អាណាចក្រនៅទូទាំងប្រទេសកម្ពុជា។ ដូច្នេះសូមយុវជន ប្រជាពលរដ្ឋទាំងអស់ចងចាំជានិច្ចនូវគុណនូបការរៈនៃថ្ងៃជ័យជំនះ៧មករានេះ។

លោកបានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមថែរក្សាសុខសន្ដិភាពនេះឲ្យបានស្ថិតស្ថិរជាអមតៈ គឺមានតែសុខសន្តិភាពនេះហើយទើបមាននូវអ្វីៗសព្វបែបយ៉ាង ជាពិសេសគឺការអភិវឌ្ឍប្រទេសជាតិឲ្យបានមានការរីកចម្រើនជឿនលឿន ក្នុងដំណាក់កាលរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏ដូចជាការជំរុញសន្ទុះកំណើនសេដ្ឋកិច្ចសំដៅធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា ប្រែក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ប្រែក្លាយជាប្រទេសមានចំណូលខ្ពស់៕