(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុម ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានផ្ញើសាររំលែកទុក្ខ ផ្ញើជូនឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដា្ឋនអាកាសចរណ៍ស៉ីវិល ចំពោះមរណភាពម្តាយរបស់ឯកឧត្តម។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ឯកឧត្តម ជាទីរាប់អាន ខ្ញុំ និងភរិយាទើបទទួលដំណឹងដ៏ក្រៀមក្រំថាឧបាសិកា ឡុង សារ៉ាត់ ត្រូវជាម្តាយរបស់ ឯកឧត្តម បានទទួលមរណភាពនៅថ្ងៃសុក្រ ៩កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ៨:៤៤ នាទីយប់ ក្នុងជន្មាយុ ៩០ឆ្នាំ ដោយជរាពាធ»។

ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ខ្ញុំ និងភរិយាសូមសម្ដែងនូវការសោកស្តាយ ស្រណោះអាឡោះអាល័យ ចំពោះការបាត់បង់ឧបាសិកា ឡុង សារ៉ាត់ ជាម្តាយ ជីដូន ជីទួត ប្រកប ដោយព្រហ្មវិហារធម៌ចំពោះកូនៗ ចៅៗ ដែលកន្លងមកក្នុងឆាកជីវិតឧបាសិកា បានខិតខំតស៊ូចិញ្ចឹម ប៊ីបាច់ថែរក្សា និងអប់រំទូន្មានបុត្រធីតារហូតក្លាយជាធនធានមនុស្សដ៏មានតម្លៃសម្រាប់សង្គមជាតិ។ ខ្ញុំ និងភរិយាសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធឧបាសិកា ល្ហុង សារ៉ត់ សូមឆាប់បាន ចាប់កំណើតកើតក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

សូមឯកឧត្តមទទួលនូវមនោសញ្ចេតនារំលែកទុក្ខដ៏ក្រៀមក្រំពីខ្ញុំនិងភរិយា៕