(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា សហការជាមួយក្រុមហ៊ុនមេនូឡាយហ្វ៍ ខេមបូឌា ភីអិលស៊ី បានរៀបចំពិធីផ្លាស់ប្តូរកិច្ចព្រមព្រៀង និងសម្ពោធជាផ្លូវការគម្រោង «ឧទ្យានសហគមន៍អង្គរ-មេនូឡាយហ្វ៍» ដែលជាគម្រោងដាំកូនឈើជាង១០,០០០ដើម មានដូចជា ដើមធ្នង់ គគីរ និងដើមបេង លើផ្ទៃដី៥.៥ហិកតា។

ពិធីនេះរៀបចំនារសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ មានការចូលរួមជាអធិបតីលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា នៅទីតាំងខាងជើងបរិវេណប្រាសាទបន្ទាយប្រី តំណាងថ្នាក់ដឹកនាំក្រសួងបរិស្ថាន រដ្ឋបាលខេត្តសៀមរាប មន្ត្រី-បុគ្គលិកអាជ្ញាធរជាតិអប្សរា និងសិស្សានុសិស្សប្រមាណ៣០០នាក់។

លោកស្រី ភឿង សកុណា បានឲ្យដឹងថា ដើមឈើរាប់លានដើម ទាំងក្នុងគម្រោងរបស់ក្រុមហ៊ុនមេនូឡាយហ្វ៍ រួមទាំងវិស័យឯកជននានា ដែលបានសហការជាមួយអាជ្ញាធរជាតិអប្សរា ដាំដុះជាបន្តបន្ទាប់នៅក្នុងឧទ្យានអង្គរ។ នេះជាភារកិច្ចថ្មីមួយទៀត បន្ថែមលើកិច្ចការដែលយើងជាកូនខ្មែរត្រូវថែរក្សាបរិស្ថាន។ ហេតុអ្វី? ដោយសារនៅលើទឹកដីនេះ មានប្រាសាទរាប់រយ ដែលប្រាសាទ គឺជាចំណងមួយរវាងប្រាសាទ ធម្មជាតិ និងមនុស្ស។

លោកស្រីបន្តថា អ្វីទាំងអស់នោះ បើសិនជាគ្មានព្រៃឈើជួយទេ បញ្ហាវានឹងកកើតឡើងដូចជា ភាពរាំងស្ងួត ហើយបរិស្ថានបៃតងជួយច្រើនលើសុខុមាលភាពរបស់មនុស្ស។ លោកជំទាវបណ្ឌិតសភាចារ្យ បានសម្តែងសេចក្តីរីករាយ ដែលរាជដ្ឋាភិបាល យកចិត្តទុកដាក់លើការបង្កើនគម្របព្រៃឈើ ហើយសកម្មភាពនេះ កាន់តែផុសផលច្រើនឡើង ពិសេសក្នុងចំណោមយុវជន។

លោកស្រីបានបន្តទៀតថា អ្នកជំនាន់ក្រោយរស់នៅបានដោយសារសមិទ្ធផលរបស់អ្នកមុន នេះជាបំណងយើងទាំងអស់គ្នាបានទទួលនូវភោគផលដែលដូនតាយើងបន្សល់ទុកមក មានប្រាង្គប្រាសាទ មានសម្បត្តិធម្មជាតិ។ ដូច្នេះនេះក៏ជាភារកិច្ចរបស់យើងថែរក្សា ក៏មានភារកិច្ចនឹងបន្តបង្កើតនូវអ្វីសម្រាប់ទុកឱ្យអ្នកជំនាន់ក្រោយដែរ។

លោក ចាន់ រដ្ឋា អគ្គនាយកក្រុមហ៊ុនមេនូឡាយហ្វ៍ បានលើកឡើងថា ក្រុមហ៊ុនមេនូឡាយហ្វ៍បានគាំទ្រពីអាជ្ញាធរជាតិអប្សរាលើគម្រោងសហប្រតិបត្តិការ «ឧទ្យានសហគមន៍អង្គរ-មេនូឡាយហ្វ៍» នេះ ព្រោះចង់ចូលរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការពារបេតិកភណ្ឌវប្បធម៌ជាតិដ៏មានតម្លៃសម្រាប់មនុស្សជាតិ ក៏ដូចជាកូនចៅជំនាន់ក្រោយ។ ស្របពេលជាមួយគ្នានេះ ក៏រួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមតាមរយៈការបង្កើតប្រាក់ចំណូល និងឱកាសការងារសម្រាប់សហគមន៍មូលដ្ឋាន ជាពិសេសប្រជាពលរដ្ឋដែលកំពុងរស់នៅ និងប្រកបការងារនៅទីនេះផ្ទាល់តែម្ដង៕