(ភ្នំពេញ)៖ នៅមុននេះបន្តិចសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើដំណើរមកដល់ភ្នំពេញ ដោយសុវត្ថិភាពហើយ ក្រោយពីសម្តេចតេជោ បានធ្វើដំណើរចុះសួរសុខទុក្ខ ប្រជាពលរដ្ឋតាមបណ្តាខេត្តនានាក្នុងចម្ងាយផ្លូវប្រមាណ៩០០គីឡូម៉ែត្រ។ នេះបើយោងតាម Facebook Page ផ្លូវការសម្តេចតេជោ ហ៊ុន សែន បានបង្ហោះឲ្យដឹងនៅមុននេះបន្តិច នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦។
យោងតាម Facebook ផ្លូវការសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឲ្យដឹងថា «បន្ទាប់ពីបានធ្វើដំណើរក្នុងចម្ងាយផ្លូវ ប្រមាណ៩០០គីឡូម៉ែត្រឆ្លងកាត់ខេត្តត្បូងឃ្មុំ កំពង់ចាម កំពង់ធំ ព្រះវិហារ ឧត្តរមានជ័យ សៀមរាប ពេលនេះខ្ញុំត្រឡប់មកដល់ទីក្រុង ភ្នំពេញដោយសុវត្តិភាពវិញហើយ»។
ក្រៅពីការបញ្ជាក់ខាងលើនេះ សម្តេចតេជោ ហ៊ុន សែន បានអរគុណដល់អាជ្ញាធរគ្រប់ លំដាប់ថ្នាក់កងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ ព្រះសង្ឃ ប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូពិសេស កុមារនិងយុវជន ដែលជា សិស្សានុសិស្ស ដែល ដែលបានទទួលសម្តេចតេជោ រាក់ទាក់ដែលបង្ហាញពីក្តីស្រឡាញ់រាប់អាន និងជឿទុកចិត្តមកលើការដឹកនាំរបស់សម្តេចតេជោ។
សម្តេចតេជោ បានមានប្រសាសន៍ឲ្យដឹងទៀតថា «ហត់នឿយកាយតែសប្បាយចិត្ត ពិតជាមានន័យខ្លាំងណាស់សំរាប់ខ្ញុំ»៕