(ភ្នំពេញ)៖ នារសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤នេះ លោក ប្រាក់ សុខយូរ រដ្ឋលេខាធិការប្រចាំការ និងលោកស្រី ស៊ាង លាភី ជំនួសមុខឱ្យក្រុមគ្រួសារលោក ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកស្រី ជា ផល្គុន បាននាំបុត្រាបុត្រី សាច់ញាតិ និងសម្បុរសជនយកអំណោយសម្បុរសធម៌ជូនមជ្ឈមណ្ឌលទារក និងកុមារជាតិ មានអង្ករ ១០បាវ មី ៦កេះ ទឹកដោះគោ ទឹកស៊ីអ៉ីវ សាប៊ូ ប្រេងក្រឡា និងសម្ភារៈជាច្រើនមុខទៀត ព្រមទាំងថវិកា ឧបត្ថម្ភដល់មជ្ឈមណ្ឌលចំនួន ១២លានរៀល និងឧបត្ថម្ភបុគ្គលិកបម្រើការងារក្នុងមណ្ឌលចំនួន ៨៣នាក់ ក្នុងម្នាក់ថវិកា១០ម៉ឺនរៀល ដែលសរុបជាទឹកប្រាក់ទាំងអស់ចំនួន ២៦,៩០០,០០០រៀល។
ក្នុងឱកាសសំណេះសំណាល កញ្ញា ប្រាក់ សោមម៉ារីណា ហៅ ណាណា បានមានមតិសម្តែងក្តីរំភើបរីករាយ ដោយបានផ្តល់សេចក្តីស្រឡាញ់ និងស្នាមញញឹមដល់កុមារក្នុងមណ្ឌលទាំងអស់ តាមរយៈការចែករំលែកធនធាន ជាសម្ភារៈគ្រឿងបរិភោគ និង ថវិកាសប្បុរធម៌ដែលបានមកពីការចូលរួមបរិច្ចាគពីសាច់ញាតិ មិត្តភក្តិ និងសប្បុរសជន នាឱកាសថ្ងៃខួបកំណើតរបស់កញ្ញា ខួបកំណើតបុត្រារបស់លោករដ្ឋមន្ត្រី ខួបកំណេីតប្អូន និងមិត្តភ័ក្តិដទៃទៀត។
មជ្ឈមណ្ឌលទារក និងកុមារជាតិ ត្រូវបានបង្កើតតាំងពីឆ្នាំ១៩៨០ បច្ចុប្បន្នមានកុមារពិការសរុប ១៥៦នាក់ (ស្រី ៦៨នាក់) កុមារមានផ្ទុកមេរោគអេដស៍ចំនួន៧នាក់ និងកុមារធម្មតា ៦នាក់ និងមានបុគ្គលិកបម្រើការងារចំនួន ៨៣នាក់៕