(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសៅរ៍ ១០ កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ និងខេត្តកណ្ដាល ដែលមានសមាជិកចូលរួមប្រមាណជិត៣ពាន់នាក់ ដែលពិធីនេះធ្វើឡើងនៅវិមាន៧មករា រាជធានីភ្នំពេញ។
ក្នុងពិធីសំណេះសំណាលនោះ សម្ដេចតេជោ បានសាកសួរសុខទុក្ខ និងថ្លែងនូវការនឹករលឹកចំពោះសមាជិក សមាជិកា ព្រមទាំងបានលើកបង្ហាញនូវសមិទ្ធិផលជាច្រើន ដែលបានកើតឡើង ក្រោមការដឹកនាំរាជរដ្ឋាភិបាលដោយគណបក្សប្រជាជនកម្ពុជា នៅគ្រប់អណត្តិ ជាពិសេក្នុងអាណត្តិទី៦ និងបន្តក្នុងអាណត្តិទី៧នេះ គឺរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា រក្សាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ ស្ថិរភាពសង្គម ការគ្រប់គ្រងដោយជោគជ័យនូវជំងឺកូវីដ-១៩ បានយ៉ាងល្អតាមរយៈការបន្សាំសហគមន៍ដោយប្រើអភិក្រមផ្ការីកនៃការផ្ដល់វ៉ាក់សាំងចូលទៅសហគមន៍គ្រប់ទីកន្លែងក្នុងប្រទេស និងការធានាបានកំណើនសេដ្ឋកិច្ចជាលំដាប់។ លើសពីនេះ ក្នុងកាលៈទេសៈដ៏លំបាកនៃការរាលដាលជំងឺកូវីដ-១៩ និង វិបត្តិសេដ្ឋកិច្ចសកល រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានបង្កើតនូវគោលនយោបាយជួយដល់ប្រជាពលរដ្ឋ តាមរយៈការផ្ដល់សាច់ប្រាក់ ក៏ដូចជាជំនួយផ្សេងៗជាច្រើនទៀត។
ក្នុងឱកាសនេះនេះដែរ សម្ដេចតេជោ បានផ្ដល់អនុសាសន៍មួយចំនួនដល់សមាជិក សមាជិកា ដែលមានតួនាទីកំពុងបំពេញភារកិច្ចការងារនៅក្នុងស្ថាប័នគ្រប់ជាន់ថ្នាក់ ត្រូវរួមគ្នារក្សាឱ្យបានដាច់ខាត សន្តិភាព ស្ថិរភាពសង្គម ទោះលះបង់ក្នុងតម្លៃណាក៏ដោយ ត្រូវខិតខំរក្សាអោយបាននូវកំណើនម៉ាក្រូសេដ្ឋកិច្ច ដែលជាចំណង១ខ្សែ២ (រក្សាស្ថិរភាពនយោបាយ និង រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច)។ សម្ដេចតេជោ ប្រធានគណបក្ស ក៏បានណែនាំសមាជិក សមាជិកាទាំងអស់ ត្រូវអនុវត្តឱ្យបានល្អនូវយុទ្ធសាស្ត្របញ្ចកោណក្នុងអណត្តិទី៧នេះផងដែរ។
សម្ដេចតេជោ ក៏បានបញ្ជាក់បន្ថែមថា សម្រាប់សមាជិក សមាជិកា គណបក្ស ដែលកំពុងមានតួនាទីបំពេញភារកិច្ចជាអាជ្ញាធរនៅមូលដ្ឋានផ្ទាល់ជាមួយប្រជាពលរដ្ឋ ត្រូវបន្តយកចិត្តទុកដាក់រក្សាសន្តិសុខ សណ្ដាប់ធ្នាប់សង្គម ដោយអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព រួមមាន ការបង្ក្រាបបទល្មើសផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ និងការជួញដូរគ្រឿងញៀនជាដើម ដើម្បីផ្តល់ភាពកក់ក្តៅ និងធានាដល់សុវត្ថិភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋ។ ទន្ទឹមនេះ ត្រូវយកចិត្តទុកដាក់ជួយទៅលើជីវភាពប្រជាពលរដ្ឋ និងផ្តល់សេវាសាធារណៈ រួមមានសេវាតម្រូវការចាំបាច់ទាំងឡាយ និងសេវាសំណូមពរនានា ជូនប្រជាពលរដ្ឋឱ្យបានលឿន និងមានប្រសិទ្ធិភាព ហើយត្រូវខិតខំបំបាត់ឱ្យអស់ភាពអសកម្មនានា។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់សមាជិក សមាជិកាគណបក្សប្រជាជនទាំងអស់ដែលបានខិតខំបំពេញភារកិច្ចការងាររបស់ខ្លួនបានយ៉ាងល្អ ជាពិសេសក្នុងការបោះឆ្នោតសកលឆ្នាំ២០២៣ កន្លងទៅ និងអណត្តិមុនៗ ព្រមទាំងជូនពរសមាជិក សមាជិកា ទាំងអស់ឱ្យជួបតែសេចក្ដីសុខ សេចក្ដីចម្រើន៕