(ភ្នំពេញ)៖ រដ្ឋាភិបាលកម្ពុជា-បារាំង បានឯកភាពគ្នា ដំឡើងកម្រិតទំនាក់ទំនងទ្វេភាគី ទៅជាដៃគូយុទ្ធសាស្ត្រ នៅក្នុងដំណើរទស្សនកិច្ចរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ទៅកាន់​ប្រទេសបារាំង រយៈពេល២ថ្ងៃ នាថ្ងៃទី១៨-១៩ ខែមករា ឆ្នាំ២០២៤កន្លងទៅនេះ។

ក្នុងសន្និសីទសារព័ត៌មាន នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាល្ងាចថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤នេះ លោក ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានបង្ហាញអំពីលទ្ធផលធំៗចំនួន ជុំវិញទស្សនកិច្ចនេះ ក្នុងនោះគឺកម្ពុជា-បារាំង ដែលជាដៃគូស្មើមុខស្មើមាត់ បានឯកភាពដំឡើងកម្រិតទំនាក់ទំនងទ្វេភាគី ជាដៃគូយុទ្ធសាស្ត្រ។

លោកបានបញ្ជាក់ដូច្នេះថា៖ «ទី១៖ កិច្ចការនយោបាយ៖ កម្ពុជា-បារាំង ឯកភាពគ្នាដំឡើងកម្រិតទំនាក់ទំនងឲ្យឈានដល់កម្រិត នៃដៃគូរយុទ្ធសាស្ដ្រ ដោយសំដៅបង្កើនកិច្ចសហប្រតិបត្តិការកាន់តែសកម្ម ធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់ជិតស្និត ការផ្លាស់ប្ដូរថ្នាក់ដឹកនាំតាមរយៈទស្សនកិច្ចផ្លូវការកាន់តែខ្ពស់ចាប់ពីថ្ងៃនេះតទៅ»

សេចក្តីប្រកាសរបស់ក្រសួងការបរទេស បានឱ្យដឹងថា ការឯកភាពដំឡើងកម្រិតទំនាក់ទំនងនេះ ជាសក្ខីភាពយ៉ាងជាក់ច្បាស់នូវភាពស៊ីជម្រៅនៃចំណងមិត្តភាពជិតស្និទ្ធ និងដ៏ល្អប្រពៃជាយូរ អង្វែងរវាងប្រទេសទាំងពីរ។

សម្តេចធិបតី បានរំលឹកស្វាគមន៍តួនាទីរបស់បារាំងក្នុងនាមជាស្ថាបនិក និងជាសហប្រធាននៃសន្និសីទទីក្រុងប៉ារីសស្តីពីកម្ពុជា ដែលបាននាំទៅសម្រេចបាននូវ «កិច្ចព្រមព្រៀង ទីក្រុងប៉ារីស» ក្នុងឆ្នាំ១៩៩១ និងការរួមចំណែកយ៉ាងសំខាន់របស់បារាំងក្នុងការស្តារ និងអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជាតាំងពីពេលនោះមក តាមរយៈទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ដែលបាន ធ្វើឱ្យកម្ពុជា ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាប និងស្ថិតនៅលើមាគ៌ាឆ្ពោះទៅប្រទេសចំណូល មធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។

លោកប្រធានាធិបតីបារាំង បានបង្ហាញក្តីសោមនស្សរីករាយចំពោះដំណើរទស្សនកិច្ច​របស់​សម្តេចធិបតី។ លោក ម៉ាក្រុង បានរំលឹកពីតួនាទីបារាំង ក្នុងការស្វែងរកសុខសន្តិភាពនៅកម្ពុជា ក៏ដូចជាការផ្តល់ជំនួបសម្រាប់ការអភិវឌ្ឍន៍នៅកម្ពុជា។ លោក ម៉ាក្រុង ក៏បានថ្លែងកោតសរសើរចំពោះជំហររបស់កម្ពុជា ប្រឆាំងនឹងសង្គ្រាមឈ្លានពានរបស់រុស្ស៉ី នៅក្នុងប្រទេសអ៊ុយក្រែនផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបង្ហាញក្តីរំពឹងដែរថា តាមរយៈដំណើរទស្សនកិច្ចរបស់​សម្តេចនឹង​ធ្វើ​ឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងបារាំងកាន់តែល្អប្រសើរ។ សម្តេចធិបតីនាយករដ្ឋ​មន្ត្រី ក៏ចង់ឃើញកិច្ចសហប្រតិបត្តិការរវាងវិស័យឯកជននៃប្រទេសទាំងពីរកាន់តែរស់រវើក ដើម្បីក្លាយ​ជា​ចរន្ត​ឈាមចិញ្ចឹមទំនាក់ទំនងកម្ពុជា និងបារាំង៕