(ភ្នំពេញ)៖ លោក ហ្សង់ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានថ្លែងថា ទស្សនកិច្ចផ្លូវការរបស់​ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ទៅកាន់ប្រទេសបារាំង មានសារសំខាន់ ៤ចំណុច សម្រាប់ទំនាក់ទំនងប្រទេសទាំងពីរ។

លោក ហ្សង់ហ្វ្រង់ស័រ តាន់ ថ្លែងបែបនេះ ក្នុងសន្និសីទសារព័ត៌មាន ក្រោយពេល សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ អញ្ជើញត្រឡប់មកដល់មាតុភូមិ នារសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤។

បើតាមលោក ហ្សង់ហ្វ្រង់ស័រ តាន់ សារសំខាន់ ៤ចំណុច រវាងកម្ពុជានិងបារាំង ក្រោយទស្សនកិច្ចរបស់សម្តេចធិបតី រួមមាន៖

* ទី១៖ ទស្សនកិច្ចនេះសំខាន់ត្រង់ថា បារាំងជាមិត្តជិតស្និទបង្អស់មួយរបស់កម្ពុជានៅអឺរ៉ុប ផ្តល់កិត្តិយសធំធេងមួយលើសការស្មាន ដល់សម្តេចធិបតី និងដល់ប្រទេសកម្ពុជា។ ក្នុងនោះថ្នាក់ដឹកនាំកំពូលបារាំង សុទ្ធតែបានទទួលជួប សម្តេចធិបតី មានទាំងប្រធានាធិបតី ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និងនាយករដ្ឋមន្ត្រីបារាំង។

* ទី២៖ សារៈសំខាន់នៃទស្សនកិច្ចនេះ ស្ថិតនៅត្រង់ថា កម្ពុជានិងបារាំង នៅទីបំផុត ពិតជារកឃើញនូវជំហររួមច្រើន មិនដែលមានឡើយ ក្នុងរយៈពេល ៣០ឆ្នាំចុងក្រោយនេះ រាប់តាំងពីឆ្នាំ១៩៩៣មក។ ជំហររួមគ្នា ទាំងនៅក្របខណ្ឌអន្តរជាតិ ទាំងនៅក្របខណ្ឌតំបន់ និងទាំងនៅក្នុងក្របខណ្ឌអន្តររដ្ឋកម្ពុជា-បារាំង និយាយបែបផ្សេង បារាំងនិងកម្ពុជា មានផលប្រយោជន៍រួមគ្នាច្រើន ដូចមានចែងយ៉ាងជាក់ស្តែង និងជាលាយលក្ខណ៍អក្សរ នៅក្នុងសេចក្តីថ្លែងការណ៍រួម ក្រោយជំនួបរវាងសម្តេចធិបតី និងប្រធានាធិបតីបារាំង។

លោក ហ្សង់ហ្វ្រង់ស័រ តាន់ បានបន្តថា ជំហររួម រវាងកម្ពុជានិងបារាំង រួមមាន ជំហររួមគ្នានៅចំពោះមុខសង្គ្រាមរុស្ស៉ីនិងអ៊ុយក្រែន, ជំហររួមគ្នានៅចំពោះចក្ខុវិស័យនៃការពង្រឹងទំនាក់ទំនង រវាងប្រទេសទាំងពីរ និងនៃការពង្រឹងទំនាក់ទំនង រវាងបារាំងនិងអាស៊ាន, ជំហររួមគ្នានៅចំពោះការពង្រឹងពហុភាគីនិយម និងសហប្រតិបត្តិការដើម្បីរក្សា និងលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាព នៅក្នុងពិភពលោក និងអាស៊ី និយាយទាំងស្រុក និងនៅអាស៊ីអាគ្នេយ៍ និយាយជាពិសេស, រីឯក្របខណ្ឌទំនាក់ទំនងទ្វេភាគីវិញ កម្ពុជានិងបារាំងមានជំហររួមគ្នានៅចំពោះមុខហ្រ្វង់កូហ្វូនី និងតម្លៃនៃហ្វ្រង់កូហ្វូនី និងមិនតែប៉ុណ្ណោះកម្ពុជានិងបារាំង មានជំហរួមគ្នានៅចំពោះមុខភាពចាំបាច់ភាពចាំបាច់ជាទីបំផុត នៃការយល់ឃើញថា ត្រូវតែជំរុញការអនុវត្តនយោបាយថាមពល និងជំរុញការប្រើប្រាស់ថាមពលកកើតឡើងវិញ ឲ្យបានកាន់តែច្រើន និងឲ្យបានកាន់តែរហ័សជាអាទិ៍ ជាអតិបរមា។

ជំហររួមទាំងនេះ មានន័យថា ប្រទេសទាំងពីរ មានប្រយោជន៍រួមគ្នាកាន់តែច្រើន ហេតុនេះហើយកម្ពុជានិងបារាំង កាន់តែអង្គុយពិភាក្សាត្រូវគ្នា។ អីចឹងហើយ បានជាទស្សនកិច្ចសម្តេចធិបតី ហ៊ុន ម៉ាណែត នៅបារាំង នាំមកនូវលទ្ធភាពភ្លាមៗ។ លទ្ធផលធំៗ មានចំនួន៤ រួមមាន ក្នុងនយោបាយ គឺកម្ពុជានិងបារាំង ឯកភាពបង្កើតទំនាក់ទំនងទ្វេភាគីឲ្យក្លាយជាដៃគូយុទ្ធសាស្ត្រ, ក្នុងវប្បធម៌និងភាសា គឺកម្ពុជាសង្ឃឹមថា នឹងទទួលបានការគាំទ្រធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នៅឆ្នាំ២០២៦, ក្នុងវិស័យថាមពល គឺកម្ពុជានិងបារាំង ជំរុញការអនុវត្តនយោបាយថាមពល និងជំរុញការប្រើប្រាស់ថាមពលកកើតឡើងវិញ ឲ្យបានកាន់តែច្រើន និងឲ្យបានកាន់តែរហ័សជាអាទិ៍ ជាអតិបរមា និងក្នុងកិច្ចការសេដ្ឋកិច្ច គឺកម្ពុជានិងបារាំង បន្ដពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដោយផ្ដោតលើវិនិយោគ និងពាណិជ្ជកម្ម។

* ទី៣៖ ទស្សនកិច្ចនេះក៏សំខាន់ត្រង់ថា សម្តេចធិបតី បានទទួលជួបក្រុមហ៊ុន មិនត្រឹមតែបារាំងទេ ថែមទាំងបានជួបក្រុមហ៊ុនមកពីចិន សិង្ហបូរី អាមេរិក។

* ទី៤៖ ជាមួយគ្នានេះ ទស្សនកិច្ចនេះ ក៏មានភាពជោគជ័យនៃការសំណេះសំណាលរវាងសម្តេចធិបតី និងសហគមន៍ខ្មែរនៅអឺរ៉ុប៕