(ភ្នំពេញ)៖ លោក តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកលើកិច្ចការបរទេស បានគូសបញ្ជាក់ថា នាពេលបច្ចុប្បន្ន បរទេសបានមើលឃើញថា កម្ពុជានឹងក្លាយជាដៃគូពាណិជ្ជកម្មអន្តរជាតិ ពេញមុខពេញមាត់ដូចគេឯងដែរ ឲ្យតែស្ថានភាពទូទៅ ក្នុងប្រទេសអំណោយផល។

ការគូសបញ្ជាក់បែបនេះ របស់លោក តាន់ ហ្សង់ហ្វ្រង់ស័រ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន អំពីការត្រឡប់មកវិញ នៃដំណើរទស្សនកិច្ចនៅបារាំង និងប្រទេសស្វីស របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត។ សន្និសីទសារព័ត៌មាននេះ ធ្វើឡើងនារសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤។

លោក តាន់ ហ្សង់ហ្វ្រង់ស័រ បានបញ្ជាក់យ៉ាងដូច្នេះថា «កម្ពុជាពិតមែនជាប្រទេស ត្រូវការជំនួយបរទេសនៅឡើយ ក៏ប៉ុន្ដែកម្ពុជាកំពុងតែក្លាយទៅជាទីតាំងមួយ នៃការវិនិយោគរកស៊ី [...] កម្ពុជានឹងក្លាយទៅជាដៃគូពាណិជ្ជកម្ម ពេញមុខពេញមាត់ដូចគេឯងដែរ ឲ្យតែស្ថានភាពទូទៅ ក្នុងប្រទេសអំណោយផល»

ទន្ទឹមគ្នានេះ លោក តាន់ ហ្សង់ហ្វ្រង់ស័រ បានលើកឡើងថា ជនជាតិបរទេសដែលចូលកម្ពុជា ដោយអ្នកខ្លះមកកម្ពុជា កាលពី១០ឆ្នាំមុន និងមកដល់ពេលនាពេលបច្ចុប្បន្ន គឺមានការភ្ញាក់ផ្អើល ដោយឃើញកម្ពុជា មានការរីកលូតលាស់លឿនរហ័ស។

បន្ថែមពីនោះទៀត លោក តាន់ ហ្សង់ហ្វ្រង់ស័រ បានបញ្ជាក់ឲ្យដឹងថា កំណើនសេដ្ឋកិច្ចប្រទេសកម្ពុជា គឺជាកំណើនសេដ្ឋកិច្ច ដែលខ្ពស់ជាងគេនៅក្នុងបណ្ដាប្រទេសអាស៊ាន នៅក្នុងឆ្នាំ២០២៣ កន្លងទៅនេះ។

លោក តាន់ ហ្សង់ហ្វ្រង់ស័រ បានឲ្យដឹងទៀតថា កម្ពុជា មិនមែនជាប្រទេសដែលហែកហួរដោយសង្គ្រាមទៀតនោះទេ ហើយកម្ពុជា ក៏មិនមែនជាប្រទេសក្ររហាម ដូចការចាកចេញពីសម័យខ្មែរ ក្រហមភ្លាមៗនោះដែរ៕