(ភ្នំពេញ)៖ តាមរយៈសន្និសីទសារព័ត៌មាន នៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤នេះ ដើម្បីបង្ហាញអំពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅប្រទេសបារាំង, លោក ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់អំពីលទ្ធផលធំៗចំនួន៤ ដែលកើតចេញពីទស្សនកិច្ចនេះរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត។

លោក ហ្សង់ ហ្វ្រង់ស័រ តាន់ បានបង្ហាញនូវលទ្ធផលជោគជ័យធំៗ ចំនួន៤រួមមាន៖

*ទី១៖ កិច្ចការនយោបាយ៖ កម្ពុជា-បារាំង ឯកភាពគ្នាតម្លើងកម្រិតទំនាក់ទំនងឲ្យឈានដល់កម្រិត នៃដៃគូរយុទ្ធសាស្ដ្រ ដោយសំដៅបង្កើនកិច្ចសហប្រតិបត្តិការកាន់តែសកម្ម ធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់ជិតស្និត ការផ្លាស់ប្ដូរថ្នាក់ដឹកនាំតាមរយៈទស្សនកិច្ចផ្លូវការកាន់តែខ្ពស់ចាប់ពីថ្ងៃនេះតទៅ

*ទី២៖ កិច្ចការវប្បធម៌ និងភាសា៖ កម្ពុជា-បារាំង នឹងពង្រឹងបន្ថែមទៀតទំនាក់ទំនងវប្បធម៌ និងភាសា ក្នុងក្របខ័ណ្ឌអង្គការអន្ដរជាតិ នៃបណ្ដាប្រទេសប្រើប្រាស់ភាសាបារាំង ហើយកម្ពុជាសង្ឃឹមថា នឹងទទួលបានការគាំទ្រក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចកំពូលហ្វ្រង់កូហ្វូនី នៅឆ្នាំ២០២៦ខាងមុខនេះ។

យ៉ាងណាក៏ដោយ ថ្នាក់ដឹកនាំកំពូលៗរបស់បារាំងទាំងប្រធានាធិប​តី ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និងសម្បីតែអគ្គលេខាធិការនៃអង្គការ OIF សុទ្ធតែបញ្ជាក់ប្រាប់សម្ដេចធិបតីថា នឹងគាំទ្របេក្ខភាពរបស់កម្ពុជា ក្នុងការរៀបចំជំនួបកំពូល ហ្វ្រង់កូហ្វូនី នៅឆ្នាំ២០២៦ខាងមុខនេះ នៅលើទឹកដីកម្ពុជា។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញជាសំណូមពរដល់ប្រធានាធិបតីបារាំង លោក ម៉ាក្រុង សូមបង្កើតមជ្ឈមណ្ឌលវប្បធម៌របស់បារាំងប្រចាំតំបន់ នៅលើទឹកដីកម្ពុជាតែម្ដង។ ការបង្កើតនេះធ្វើឡើងក្នុងគោលដៅធ្វើឲ្យកម្ពុជា ក្លាយជាថ្នាល់ ក្លាយជាស្ពាន ដើម្បីចម្លងការផ្សព្វផ្សាយ និងបណ្ដុះបណ្ដាលការទំនាក់ទំនងវប្បធម៌ល្អប្រសើររវាងបារាំង និងរវាងអាស៉ីអាគ្នេយ៍។ ជាមួយគ្នានោះ លោកម៉ាក្រុង បានយល់ព្រមបំពេញតាមសំណើរបស់សម្ដេចធិបតី។

*ទី៣៖ កិច្ចការអន្ដរកាលថាមពល៖ កម្ពុជា-បារាំង បង្ហាញជំហររួមគ្នាចាប់ពីពេលនេះទៅ នៅចំពោះមុខការប្រយុទ្ធទប់ទល់នឹងការកើនកម្ដៅនៃភពផែនដី និងប្រយុទ្ធទប់ទល់នឹងភាពក្រីក្រក្នុងពិភពលោក។ បន្ថែមពីនេះ កម្ពុជា-បារាំង សម្រេចបន្ដពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីជំរុញអន្ដរកាលថាមពល តាមរយៈការជំរុញការអនុវត្តគោលនយោបាយប្រសិទ្ធភាពថាមពល និងការជំរុញការប្រើប្រាស់ថាមពលកកើតឡើងវិញ ឲ្យបានច្រើនជាអតិបរមា។

កម្ពុជា-បារាំង សម្រេចពង្រីកបន្ថែមកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ឆ្ពោះទៅយកការបង្កើនល្បឿនអន្ដរកាលថាមពល។ ក្នុងអំឡុងទស្សនកិច្ចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅបារាំង, កម្ពុជា និងក្រុមហ៊ុនឯកជនរបស់បារាំងមួយចំនួន បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាចំនួន៣ធំៗ។

*ទី៤៖ កិច្ចការសេដ្ឋកិច្ច៖ កម្ពុជា-បារាំង បន្ដពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដោយផ្ដោតលើវិនិយោគ និងពាណិជ្ជកម្ម។ ក្នុងន័យនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានចូលរួមក្នុងវេទិកាធុរកិច្ច នៅទីក្រុងប៉ារីស ប្រទេសបារាំង ដែលរៀបចំដោយសហព័ន្ធនិយោជកបារាំង និងសភាពាណិជ្ជកម្មកម្ពុជា។

លោក ហ្សង់ ហ្វ្រង់ស័រ តាន់ បានអះអាងទៀតថា នៅក្រៅក្របខ័ណ្ឌនៃវេទិកាធុរកិច្ចនេះ សម្ដេចធិបតីនាយករដ្ឋមន្ដ្រី ក៏ឆ្លៀតទទួលជួប និងពិភាក្សាការងារជាមួយក្រុមហ៊ុនបារាំងធំៗមួយចំនួន ដោយមួយចំនួនមានវត្តមាននៅកម្ពុជាស្រាប់ហើយនោះ ខណៈក្រុមហ៊ុនខ្លះក៏មានគម្រោងចង់បណ្ដាក់ទុនរកស៉ីនៅកម្ពុជាបើសិនជាស្ថានភាពអំណោយផល។

បើតាមលោក ហ្សង់ ហ្វ្រង់ស័រ តាន់, ដូចគ្នានេះ នៅឯទីក្រុងដាវ៉ូស ប្រទេសស្វីស ក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក សម្ដេចធិបតី ហ៊ុន ម៉ាណែត បានទទួលជួបក្រុមហ៊ុនជាច្រើន មានទាំងមកពីបារាំង អឺរ៉ុប ចិន សិង្ហបុរី និងអាមេរិកជាដើម៕