(ឧត្តរមានជ័យ)៖ ក្រសួងអភិវឌ្ឍន៍ជនបទបាននិងកំពុងខិតខំបំពេញបេសកកម្មយ៉ាងសកម្ម ដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យរបស់ខ្លួន គឺការលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរស់នៅរបស់ប្រជាជននៅតំបន់ជនបទប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌។

ទាំងនេះជាការញ្ជាក់របស់លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងឱកាសជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្ដីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តឧត្ដរមានជ័យ និងខេត្តព្រះវិហារ ដែលមានមន្រ្ដីចូលរួមសរុបចំនួន៤០នាក់ នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ ក្នុងនោះក៏មានការចូលរួមពីលោក ប៉ែន កុសល អភិបាលខេត្តឧត្ដរមានជ័យ លោក គង់ កន្នារិទ្ធ អភិបាលរងខេត្តឧត្ដរមានជ័យ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ។

បន្ទាប់ពីបានស្តាប់របាយការណ៍ប្រចាំឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ របស់លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តទាំង២រួចមក លោករដ្ឋមន្ត្រីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់របស់មន្ទីរ រហូតទទួលបានលទ្ធផលគួរជាទីមោទនៈ។

លោករដ្ឋមន្រ្ដីបានលើកឡើងថា រាជរដ្ឋាភិបាលអាណត្តិថ្មី បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ ដើម្បីសម្រេចឱ្យបានចក្ខុវិស័យឆ្នាំ២០៥០ កម្ពុជាជាប្រទេសមានប្រាក់ចំណូលកម្រិតខ្ពស់។

លោកថ្លែងថា «ដើម្បីចូលរួមចំណែកដល់ការគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលនោះ ក្រសួងកំពុងខិតខំបំពេញបេសកកម្មយ៉ាងសកម្ម ធ្វើយ៉ាងណាឱ្យសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួនគឺការលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរស់នៅរបស់ប្រជាជននៅតំបន់ជនបទប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌»។

លោករដ្ឋមន្រ្ដីបានបន្តថា រាជរដ្ឋាភិបាល ក៏ដួចជាក្រសួងអភិវឌ្ឍន៍ជនបទបាននិងកំពុងលើកកម្រិតជាបន្តបន្ទាប់នូវផ្លូវជនបទប្រមាណ៥ម៉ឺនគីឡូម៉ែត្រ ឱ្យទៅជាផ្លូវក្រាលកៅស៊ូ និងបេតុង និងជំរុញវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅជនបទ។

លោករដ្ឋមន្រ្ដីក៏ជម្រាបអំពីយុទ្ធសាស្ត្រអាទិភាពរបស់ក្រសួងអភិវឌ្ឍន៍ជនបទ រួមមាន៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍, ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ តាមរយៈការផ្គត់ផ្គង់ទឹកស្អាត និងបង្គន់អនាម័យតាមគ្រួសារ, ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ, និងការពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅ។

ជាមួយនេះ លោករដ្ឋមន្ត្រីបានផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តទាំង២ ដូចខាងក្រោម៖

១- ត្រូវបន្ដថែរក្សាសមិទ្ធផលនិងស្នាដៃដែលមានកន្លងមកជាមូលដ្ឋាន និងត្រូវខិតខំបង្កើនស្នាដៃថ្មីបន្ថែមទៀតដើម្បីចូលរួមសម្រេចឱ្យបានចក្ខុវិស័យកម្ពុជា ធ្វើឱ្យប្រជាជនមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងមានប្រាក់ចំណូលកម្រិតខ្ពស់ក្នុងឆ្នាំ២០៥០។

២- ក្នុងនាមមន្ដ្រីរាជការត្រូវបម្រើប្រជាពលរដ្ឋប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈ ជាមន្រ្ដីបម្រើប្រជាពលរដ្ឋ ដើម្បីប្រែក្លាយកម្ពុជាជាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនរុងរឿង។

៣- មន្ទីរត្រូវខិតខំបំពេញតួនាទីជាសេនាធិការឱ្យបានល្អ និងសុចរិតដល់រដ្ឋបាលខេត្ត និងត្រូវមានសហការល្អជាមួយមន្ទីរពាក់ព័ន្ធនានា ព្រមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ អង្គការក្រៅរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ ដែលមានបទពិសោធន៍ និងធនធាន ដើម្បីជំរុញការងារអភិវឌ្ឍជនបទឱ្យកាន់តែល្អប្រសើរឡើងថែមទៀត។

៤- មន្ទីរត្រូវបង្កើនការផ្សព្វផ្សាយ និងបង្កើតឱ្យមានក្រុមអ្នកនាំពាក្យរបស់មន្ទីរដើម្បីទំនាក់ទំនង និងផ្ដល់ព័ត៌មានពីគ្នាទៅវិញទៅមក ក្នុងគោលដៅចូលរួមផ្សព្វផ្សាយពីស្នាដៃ និងសមិទ្ធផលនានារបស់រាជរដ្ឋាភិបាលក៏ដូចជាសមិទ្ធផលរបស់ក្រសួងអភិវឌ្ឍន៍ជនបទពីដើមអាណត្តិឱ្យបានកាន់តែទូលំទូលាយដល់ស្រទាប់មហាជនតាមរយៈបណ្ដាញសង្គម។

៥- ថ្នាក់ដឹកនាំមន្ទីរត្រូវយកចិត្តទុកដាក់លើសុខទុក្ខរបស់មន្រ្ដីរាជការ និងត្រូវលើកទឹកចិត្តតាមរយៈ ការដំឡើងតួនាទី ឋានន្ដរស័ក្ដិ គ្រឿងឥស្សរិយយស ឬមធ្យោបាយផ្សេងៗ។

៦- ត្រូវមានសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ មិនប្រកាន់បក្ខពួក យកចិត្តទុកដាក់មន្ត្រីរាជការមានពិការភាព មន្ដ្រីរាជការជាស្រ្ដីមានផ្ទៃពោះ ឬមានកូនតូចជាដើម។

បន្ទាប់មក លោករដ្ឋមន្រ្ដីក៏បានចុះទៅពិនិត្យស្ថានភាពផ្លូវជនបទមួយខ្សែមានប្រវែង៣២.៦គីឡូម៉ែត្រ មានទីតាំងតភ្ជាប់ពីផ្លូវជាតិលេខ៦២ ត្រង់ចំណុចភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ទៅកាន់ទីរួមស្រុកជ័យសែន ខេត្តព្រះវិហារ ៕