(ភ្នំពេញ)៖ លោក ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី បានផ្ដាំទៅទណ្ឌិតរត់ចោលស្រុក សម រង្ស៉ី មិនគួរបង្រៀនលោក អេម៉ានូអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ក្នុងការធ្វើនយោបាយនោះទេ ពោលគួរតែយកពេលសម្រាកខ្លួនឯងវិញ ប្រសើរជាងនិយាយសម្ដីដែលមិនបានប្រយោជន៍ដល់ជាតិនោះ។

សារផ្ដាំទៅទណ្ឌិតរត់ចោលស្រុក សម រង្ស៉ី នៅពេលនេះ ធ្វើឡើងតាមរយៈសន្និសីទសារព័ត៌មាន បង្ហាញអំពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់សម្ដេចមហាធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នារសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤នេះ ក្រោយសម្ដេចបានបញ្ចប់បេសកកម្មប្រកបដោយជោគជ័យ នៅប្រទេសស្វីស និងបារាំង រយៈពេល១សប្ដាហ៍។

លោក ហ្សង់ ហ្វ្រង់ស័រ តាន់ បានថ្លែងយ៉ាងដូច្នេះថា «រូបតែមួយសន្លឹក មានន័យ១០០០ដងលើសពាក្យសម្ដីមិនពិត ហើយដែលមិនបានការ ដែលសុទ្ធសឹងជាខ្យល់សុទ្ធ [...] ខ្ញុំចង់ពន្យល់ថា មិនគួរបង្រៀន លោក ម៉ាក្រុង ធ្វើនយោបាយទេ សូមយកពេលសម្រាកល្អជាង ជាជាងនិយាយប៉ាត់ណាប៉ាត់ណី»

មូលហេតុដែលលោកហ៊ានអះអាងថា ទណ្ឌិត សម រង្ស៉ី មិនគួរបង្រៀនលោកប្រធានាធិបតីបារាំង ក្នុងការធ្វើនយោបាយនោះ ក៏ដោយសារលោកម៉ាក្រុង ជាប្រធានាធិបតីប្រទេសមួយ ដែលជាមហាអំណាចនុយក្លែរអ៊ែរ, ជាសមាជិកអចិន្ដ្រៃយ៍នៃក្រុមប្រឹក្សាសន្ដិសុខរបស់អង្គការសហប្រជាជាតិ, ជាសមាជិកមួយដ៏មានទម្ងន់នៅក្នុងអង្គការណាតូ, សមាជិកនៃ G7 ជាសមាជិកនៃក្រុម G20 ហើយបារាំងជាមួយអាល្លឺម៉ង់ ជាប្រទេសក្បាលម៉ាស៉ីននៃសហភាពអឺរ៉ុបថែមទៀត ដូច្នេះហើយលោកគិតថា នេះជាហេតុផលដ៏សមស្រប។

គួរជម្រាបថា សារក្រើនរំលឹករបស់ លោក ហ្សង់ ហ្វ្រង់ស័រ តាន់ ទៅកាន់ទណ្ឌិតរត់ចោលស្រុករូបនេះ ធ្វើឡើងបន្ទាប់ពីមុនដំណើរទស្សនកិច្ចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា គឺទណ្ឌិតរូបនោះបានអំពាវនាវដល់លោក ម៉ាក្រុង ប្រធានាធិបតីបារាំង កុំឲ្យមានជំនួបជាមួយសម្ដេចធិបតី ប៉ុន្ដែផ្ទុយទៅវិញ សម្ដេចធិបតី និងលោក ម៉ាក្រុង បានជួបពិភាក្សាការងារជាមួយគ្នា ប្រកបដោយភាពស្មើមុខស្មើមាត់ នៅវិមានអេលីហ្សេ។

ក្នុងជំនួបនោះ លោកប្រធានាធិបតីបារាំង បានបង្ហាញក្តីសោមនស្សរីករាយចំពោះដំណើរទស្សនកិច្ច​របស់​សម្តេចធិបតី។ លោក ម៉ាក្រុង បានរំលឹកពីតួនាទីបារាំង ក្នុងការស្វែងរកសុខសន្តិភាពនៅកម្ពុជា ក៏ដូចជាការផ្តល់ជំនួបសម្រាប់ការអភិវឌ្ឍន៍នៅកម្ពុជា។

លោកប្រធានាធិបតី ក៏បានបញ្ជាក់ពីការទម្លាក់កញ្ចប់ជំនួយប្រមាណ ២០០លានអឺរ៉ុប សម្រាប់ការបណ្តុះ​បណ្តាល​វិជ្ជាជីវៈថាមពល ន​ិងប្រព្រឹត្តកម្មទឹកស្អាត។ លោកប្រធានាធិបតី ក៏បានថ្លែងកោតសរសើរកម្ពុជា ចំពោះការបញ្ជូនកងកម្លាំងចូលរួមថែរក្សាសន្តិភាពជាមួយអង្គការសហប្រជាជាតិ ដែលជាវិភាគទានធំមួយ​នៅ​អាស៊ី។ លោក ម៉ាក្រុង ក៏បានថ្លែងកោតសរសើរចំពោះជំហររបស់កម្ពុជា ប្រឆាំងនឹងសង្គ្រាមឈ្លានពានរបស់រុស្ស៉ី នៅក្នុងប្រទេសអ៊ុយក្រែន។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបង្ហាញក្តីសោមនស្សរីករាយចំពោះការបំពេញទស្សនកិច្ចជាផ្លូវការ​នៅបារាំង និងបានថ្លែងអំណរគុណចំពោះការបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ ពីលោកប្រធានាធិបតីបារាំង។ សម្តេចធិបតី បានគូសបញ្ជាក់ថា បារាំងជាប្រទេសដំបូងសម្រាប់ដំណើរទស្សនកិច្ចរបស់សម្តេច​នៅក្នុងទ្វីប​អឺរ៉ុប ក្នុងនាមជានាយករដ្ឋមន្ត្រីថ្មី។

លើសពីនេះទៅទៀតក្នុងរយៈពេលតែ១៣ខែប៉ុណ្ណោះ យើងមានថ្នាក់ដឹកនាំកំពូល៣អង្គ និងរូប រួមមានព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៣ ខែវិច្ឆិកា កន្លងទៅ ក៏ដូចជាវត្តមានរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ និងវត្តមានរបស់សម្តេចនៅពេលនេះ។ នេះបង្ហាញឲ្យឃើញពីភាពស៊ីជម្រៅនៃចំណងមិត្តភាពរវាងកម្ពុជា និងបារាំង៕