(កំពត)៖ ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា នៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤នេះ កម្លាំងនគរបាលរបស់លោកបានរកឃើញ បុរសដែលប្រឌិតរឿងចងកសម្លាប់កូនប្រុសរបស់ខ្លួនហើយ។

បើតាមលោកឧត្តមសេនីយ៍ស្នងការ សមត្ថកិច្ចក៏បានរកឃើញក្មេងប្រុសនោះផងដែរ។ ក្រោយរកឃើញ កម្លាំងនគរបាលបាននាំខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុកអង្គរជ័យហើយ ដើម្បីចាត់ការតាមនីតីវិធី។

លោកឧត្តមសេនីយ៍ទោស្នងការ បានបញ្ជាក់ថា បុរសរូបនេះឈ្មោះ លឹម ពិទូ អាយុ២៨ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិព្រៃឈើទាល ឃុំប្រភ្នំ ស្រុកអង្គរជ័យ ខេត្តកំពត ដោយឡែកកូនប្រុសអាយុ៥ឆ្នាំ។

បើតាមមន្រ្តីនគរបាល, មូលហេតុដែលនាំឲ្យជននេះ ប្រឌិតរឿងនាំឲ្យចែកចាយ ព្រោងព្រាតនៅតាមបណ្តាញសង្គមនោះ ក៏ដោយសារមានចិត្តប្រចណ្ឌប្រពន្ធ ដែលកំពុងធ្វើការនៅកំពង់សោម ហើយគិតថាពេលថតធ្វើវីដេអូទៅ ប្រពន្ធនឹងត្រឡប់មករកខ្លួនវិញ៕