(ក្រចេះ)៖ រថយន្តវេអង១គ្រឿង ដឹកដំឡូងមីបានក្រឡាប់ធ្លាក់ផ្លូវ បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួស ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ។ ហេតុការណ៍នេះបានកើតឡើង នៅព្រឹកថ្ងៃទី ២០ ខែមករា ឆ្នាំ២០២៤ ត្រង់ចំណុចភូមិ ព្រែកតាអាំ ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ។

រថយន្តមួយគ្រឿងនេះ ពាក់ស្លាកលេខ ត្បូងឃ្មុំ 3A- 1309 បើកបរដោយបុរសម្នាក់ និងអ្នករួមដំណើរម្នាក់ ក្នុងទិសដៅពីក្រចេះទៅឆ្លូង លុះមកដល់ផ្លូវកែងភូមិព្រែកតាអាំ ចំណុចកើតហេតុខាងលើ រថយន្តក៏បានក្រឡាប់ផ្ងារជើងធ្លាក់ ប្រឡាយបណ្ដាលឱ្យអ្នកបើកបរ ត្រូវរបួសធ្ងន់ និងអ្នករួមដំណើរ១នាក់ទៀត មានវ័យចំណាស់បានគាបជាប់ក្នុងរថយន្តបណ្ដាលឱ្យស្លាប់។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ឈ្មោះ ឆោ ហាន អាយុ៧១ឆ្នាំ មានទីលំនៅភូមិថ្នល ឃុំតំបែរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ (ជាអ្នករួមដំណើរស្លាប់នៅហ្នឹងកន្លែងកើតហេតុ) និងឈ្មោះ ចាន់ ចន្ថា អាយុ២២ឆ្នាំ ជាអ្នកបើករថយន្ដ មានទីលំនៅភូមិស្រទៀប ឃុំជីរោទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ (របួសធ្ងន់) ត្រូវបានបញ្ជូនបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ៕