(កំពង់ឆ្នាំង)៖ នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ លោក យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ ហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ) បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយអំពី «កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ» នៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង។

ថ្លែងក្នុងពិធីនោះ អនុរដ្ឋលេខាធិការ បានលើកឡើងថា កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺជាកម្មវិធីកែទម្រង់គ្រប់ជ្រុងជ្រោយ និងរយៈពេលវែង ដើម្បីកែលម្អជាជំហាន ដូចជាការជួសជុលផ្ទះចាស់ ខណៈកំពុង រស់នៅ ដើម្បីរៀបចំមួយបង្គុំម្តងៗ (Block by Block) ឬមួយខឿនម្តងៗ (Platform)។

លោកបានបន្ថែមទៀតថា ពិធីនេះមានគោលបំណងដើម្បីផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងអំពីទិដ្ឋភាពរួម នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយផ្ដោតលើទស្សនាទាននៃការកែទម្រង់ការគ្រប់ គ្រងហិរញ្ញវត្ថុសាធារណៈ សមិទ្ធផលគន្លឹះ, យុទ្ធសាស្ត្រកែទម្រង់តគន្លឹះៗ និងទិសដៅកែទម្រង់ក្នុងផែនការសកម្មភាពរួម ដំណាក់កាលទី៤។ ឆ្លៀតក្នុងឱកាសនេះ ក៏មានរៀបចំពិធីប្រគល់-ទទួលកុំព្យូទ័រ និងសៀវភៅពាក់ព័ន្ធនឹងការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈជូនសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំងផងដែរ។

ជាកិច្ចស្វាគមន៍លោក គឹម រ័ត្នណារិន ប្រធានសាលាដំបូងខេត្តកំពង់ឆ្នាំង បានលើកឡើងថា កម្មវិធីផ្សព្វផ្សាយនេះគឺពិតជាមានសារៈសំខាន់បំផុត ដើម្បីពង្រឹងពុទ្ធិបន្ថែមទៀតពាក់ព័ន្ធនឹងការងារកែទម្រង់ ហិរញ្ញវត្ថុសាធារណៈ។

ឆ្លៀតក្នុងឱកាសនេះ, ប្រធានសាលាដំបូង បានសំណូមពរយ៉ាងទទូចចំពោះលោក លោកស្រី ជាចៅក្រម ឱ្យបន្តការខិតខំព្យាយាមក្នុងការផ្ដល់សេវាយុត្តិធម៌ ជូនប្រជាពលរដ្ឋ ដោយឈរលើច្បាប់ជាធរមាន និងសូមបំពេញការងារដើម្បីប្រយោជន៍អង្គភាព ប្រយោជន៍ប្រជាពលរដ្ឋទូទៅដោយយុត្តិធម៌ និងមិនលំអៀង។

សូមបញ្ជាក់ថា កម្មវិធីនេះ មានការអញ្ជើញចូលរួមដោយលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង, លោក អ៊ុំ យុទ្ធី នាយករដ្ឋបាលហិរញ្ញវត្ថុ និងត្រួតពិនិត្យនិងវាយតម្លៃ នៃអ.គ.ហ, លោកអនុប្រធាន លោក-លោកស្រីព្រះរាជអាជ្ញារង លោក-លោកស្រីចៅក្រម លោក-លោកស្រីព្រះរាជអាជ្ញារងកម្មសិក្សា លោកចៅក្រមកម្មសិក្សា, លោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ឆ្នាំង, មន្ដ្រីនៃអ.គ.ហ, ប្រធាន- អនុប្រធានលេខាធិការដ្ឋានរដ្ឋបាល លោក-លោក ស្រីក្រឡាបញ្ជីសាលាដំបូង លោក-លោកស្រីក្រឡា បញ្ជីអយ្យការ ប្រធាន-អនុប្រធានការិយាល័យ នៃលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូងខេត្តកំពង់ឆ្នាំងផងដែរ៕