(បាត់ដំបង)៖ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយឃុំតាមឺុន និងឃុំអូរតាគី លោក សួស អង្គារ៍ បានជម្រុញរំលឹកប្រាប់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដែលមានអត្តសញ្ញាណប័ណ្ណ និងមានអាយុគ្រប់បោះឆ្នោតហើយ សូមអញ្ជើញទៅចុះឈ្មោះឆ្នោតឲ្យបានគ្រប់ៗគ្នាមានរយៈពេល៩០ថ្ងៃ គឺចាប់ពីថ្ងៃទី១ខែកញ្ញាដល់ថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ២០១៦ ទើបមានសិទ្ទិទៅបោះឆ្នោតបាន។
ការអះអាងបែបនេះ បានធ្វើឡើងក្នុងឱកាសចែកមូលនិធិសម្តេចក្រឡាហោម ស ខេង ដល់ស្រ្តីសម្រាលកូននិងគ្រួសារមរណៈ នាព្រឹកថ្ងៃទី២៧ខែសីហាឆ្នាំ២០១៦ នៅតាមមូលដ្ឋានប្រជាពលរដ្ឋនីមួយៗ នៅក្នុងឃុំអូរតាគីនិងឃុំតាម៉ឺនស្រុកថ្មគោលចំនួន៥៥នាក់ក្នុងនោះ ឃុំអូរតាគីស្រ្តីសម្រាលកូន១៩នាក់ អ្នកមរណៈមាន១០នាក់ និងនៅឃុំតាម៉ឺនមានស្រ្តីសម្រាលកូន២២នាក់និងអ្នកមរណៈ៤នាក់ ដោយម្នាក់ៗទទួលបានថវិកា២០ម៉ឺនរៀលនិងឃីត១កញ្ចប់មានសម្ភារៈ៩មុខរបស់កូនងារសម្រាប់ប្រើប្រាស់។
លោក សួស អង្គារ៍ បានបញ្ជាក់ថា "ប្រជាពលរដ្ឋដែលបានទទួលមូលនិធិសម្តេចទាំងអស់គ្នាថា បើយើងមានអត្តសញញាណប័ណ្ណហើយ យើងត្រូវទៅចុះឈ្មោះឲ្យមានក្នុងបញ្ជីបោះឆ្នោត និងត្រូវទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នានាពេលខាងមុខនេះ តែបើយើងមានអត្តសញ្ញាប័ណ្ណហើយ មិនបានទៅចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតទេ គឺគ្មានសិទ្ធិបោះឆ្នោតឡើយ បានន័យថា ស្មើនិងសូន្យ គឺមិនបានបំពេញការតព្វកិច្ចខ្លួនជាប្រជាពលរដ្ឋឡើយ"។
លោកប្រធានក្រុមការងារបានបន្ថែមថា គណបក្សប្រជាជនកម្ពុជាមិនដែលសន្យាអ្វីជាមួយប្រជាពលរដ្ឋទេ តែជាក់ស្តែងបានកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ ហើយបានធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បីជូនប្រជាពលរដ្ឋរហូតមកដល់បច្ចុប្បន្ន ពិសេសមូលនិធិ សម្តេចក្រឡាហោម ដែលបានចែជូនដោយមិនប្រកាន់និន្នាការបក្សនយោបាយណាមួយឡើយ គឺមានតែគណបក្សប្រជាជនកម្ពុជា១គត់ដែលបានតស៊ូរំដោះជាតិមាតុភូមិរួចផុតពីរបបប្រល័យពូជសាសន៍ជាតិឯង៣ឆ្នាំ៨ខែ២០ថ្ងៃ និងបានកសាងប្រទេសជាតិតាំងពីបាតដៃទទេ រហូតដល់មានការរីចម្រើនលើគ្រប់វិស័យ ជាប្រវត្តិសាស្រ្តរបស់ថ្នាក់ដឹកជាន់ខ្ពស់ដ៏ឆ្នើម គឺសម្តេចទាំង៣ ពិសេសសម្តេចតេជោ នាយករដ្ឋមន្រ្តី ហ៊ុន សែន ជាប្រធានគណបក្សបច្ចុប្បន្ន។
លោកបានរំលឹកជម្រាបប្រជាពលរដ្ឋទៀតថា យើងត្រូវគិតថា បើបានហូបទឹកកុំភ្លេចបឹង បើបានហូបផ្លែឈើសូមកុំភ្លេចអ្នកដាំផង ចំណែកអ្នកតស៊ូរំដោះជាតិនិងប្រជាជនពិតប្រាកដគឺគណបក្សប្រជាជនកម្ពុជា ដូច្នេះ បងប្អូនត្រូវពិចារណាឲ្យបានច្បាស់លាស់ និងត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលនាំមកនូវសុខសន្តិភាពពេញបរិបូរណ៍ជូនជាតិនិងប្រជាជន ដើម្បីមានឱកាសបន្តដឹកនាំប្រទេសកសាងនិងអភិវឌ្ឍន៍កាន់តែរីកចម្រើនថែមទៀត។
ក្នុងឱកាសនោះដែរ លោក សួស អង្គារ៍ បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្ស ប្រធានក្រុមការងារចុះជួយខេត្ត ជាតំណាងរាស្រ្តមណ្ឌលបាត់ដំបង ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន តែងតែដឹងសុខទុក្ខបងប្អូនជានិច្ចមិនដែលភ្លេចឡើយ។
លោកបានផ្តាំផ្ញើឲ្យម្តាយយកកូនទៅចាក់ថ្នាំបង្ការតាមគ្រូពេទ្យណែនាំឲ្យបានទៀងទាត់ផង គឺរស់នៅស្អាតមានអនាម័យល្អ តាមផ្ទះម្នាក់ៗ៕