(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី២០-២១ ខែមករា ឆ្នាំ២០២៤ មានសមណសិស្សចំនួន៣៦០អង្គនាក់ បានចូលរួមប្រឡងយកវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សា ឆ្នាំ២០២៣-២០២៤ ស្ថិតនៅសាលាពុទ្ធិកវិទ្យាល័យ សម្តេចជាស៊ីម ក្នុងវត្តស្វាយ ភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាមានជ័យ។

ពិធីប្រឡងយកវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សានេះ ដោយមានការចូលរួម លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ព្រះឧត្តមសីលញ្ញាណ ធុលសុធា រាជាគណៈថ្នាក់កិត្តិយស និងជាព្រះមេគណខេត្តបន្ទាយមានជ័យ លោក បៀវ ថាន ប្រធានធម្មការសាសនាខេត្តបន្ទាយមានជ័យ និងក្រុមការងារជាច្រើននាក់ទៀត បានចូលរួមផងដែរ។

លោក បៀវ ថាន បានថ្លែងថា ការប្រឡងយកវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សា ឆ្នាំ២០២៣ឆ្នាំ២០២៤ នេះមានសមណសិស្សចូលរួមប្រឡងចំនួន ៣៦០អង្គនាក់ មកពី ក្រុង ស្រុក ទាំង៩ក្នុងខេត្តបន្ទាយមានជ័យ  ក្នុងនោះមានចំនួន ១៥បន្ទប់ ក្នុង១បន្ទប់ មានសមណសិស្ស២៤រូប។

លោកបានបញ្ជាក់ថា វិញ្ញាសាប្រឡងមានចំនួន៦ មុខវិទ្យា ១/វិញ្ញាបាលី ២/វិញ្ញាសាតែងសេចក្តី ៣/វិញ្ញាប្រវត្ត និងភូមិ វិទ្យាសាស្ត្រអនុវត្ត ៤/វិញ្ញាសា ពុទ្ជវិន័យ.ពុទ្ធប្រវត្តិ ពុទ្ធសាសនា ៥/វិញ្ញាសាសរសេរតាមអាន ៦/វិញ្ញាសាគណិតវិទ្យា។

លោក បៀវ ថាន បានបញ្ជាក់ទៀតថា សមណសិស្សដែលបានមកប្រឡងនេះ ត្រូវគោរពតាមគោលការណ៍មួយចំនួន ដែលក្រសួងធម្មការបានកំណត់ ដូចជាហាមយកថង់យាម ទូរស័ព្ទដៃ ព្រមទាំងសំណៅឯកសារពាក់ព័ន្ធផ្សេងៗ មិនអនុញ្ញាតឲ្យយកចូលក្នុងបន្ទប់ប្រឡងជាដាច់ខាត។

លោកបន្ដថា សមណសិស្សទាំងអស់ ត្រូវរក្សាភាពស្ងៀមស្ងាត់ក្នុងពេលធ្វើកិច្ចការប្រឡង ហើយមិនត្រូវប្រឆាំងតវ៉ាដោយពាក្យសំដីអសុរោះ ទៅកាន់គណៈកម្មាធិការត្រួតពិនិត្យ ដែលដកហូតសម្ភារៈ ឬសំណៅឯកសារណាមួយផ្ទុយពីលក្ខណ នៃការប្រឡងជាដាច់ខាត ហើយរាល់ចំលើយមិនត្រូវលប់ដោយទឹកស រឺធ្វើសញ្ញាសំគាល់ផ្សេងបេក្ខជននោះ និងត្រូវបានពិន្ទុសូន្យ។

លោកបានឲ្យដឹងទៀតថា បេក្ខជនត្រូវអង្គុយតាមតុរៀងខ្លួន រួចបំពេញកិច្ចការលើក្រដាសកិច្ចការ ឲ្យបានត្រឹមត្រូវមុនយកទៅជូនអនុរក្ស។ ពេលធ្វើកិច្ចការចប់ត្រូវចេញក្រៅបន្ទប់ប្រឡង មិនត្រូវឡូឡាក្នុងបន្ទប់ប្រឡង នាំឲ្យរំខានដល់បេក្ខជនដ៏ទៃទៀតឡើយ។

លោក អ៊ុំ រាត្រី បានធ្វើការកោតសរសើរដល់ព្រះមន្ត្រីសង្ឃ សាលាគណខេត្ត សាលាអនុគណគ្រប់ស្រុកក្រុង ជាពិសេសមន្ត្រី មន្ទីរធម្មការទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់ជួយធនធានព្រះសង្ឃ ដែលស្របតាមគោលនយោបាយអប់រំរបស់ រាជរដ្ឋាភិបាលរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា និងក្រោមម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រ។

លោក អ៊ុំ រាត្រី បានបញ្ជាក់ថា ការលើកតំកើង សាលាបាលីឲ្យរីកដុះដាលបន្ថែម ដែលស្របជាមួយរដ្ឋធម្មនុញ្ញបានបន្តលើកស្ទួយវិស័យពុទ្ធសិក្សា នៅក្នុងប្រទេសកម្ពុជា ឲ្យមានការរីកចម្រើនត្រង់មាត្រា ៦៨ បានចែងថា រដ្ឋបានធ្វើការផ្សព្វផ្សាយសាលាបាលី និងពុទ្ធិសិក្សា ក្នុងន័យនេះ បានបង្ហាញនូវការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការជំរុញ និងការអភិវឌ្ឍន៍ វិស័យពុទ្ធិសិក្សា។ រួមវិស័យចាប់ពីកម្រិត បឋម មធ្យម ឧត្តមនិងក្រោមឧត្ត ជាឆ្អឹងខ្នងដ៏រឹងមាំរបស់ព្រះពុទ្ធសាសនានៃយើង។ ហេតុនេះវិស័យនេះ ត្រូវតែកែទម្រង់ឲ្យបានស៊ីជម្រៅ និងគ្រប់កម្រិតដើម្បីធានានូវគុណភាព សាមណៈសិស្ស និស្សិត ឲ្យក្លាយជាធនធានមនុស្ស ប្រកបដោយចំណេះ ជំនាញ និងមានគុណធម៌ពិតប្រាកដ។

លោក អ៊ុំ រាត្រី បានបញ្ជាក់ទៀតថា ក្រៅពីកែទម្រង់លើវិស័យសិក្សា មន្ត្រីសង្ឃត្រូវជំរុញ ឲ្យមន្ត្រីសង្ឃគ្រប់ជាន់ថ្នាក់ និងព្រះសង្ឃគ្រប់អង្គ ត្រូវពង្រឹងសមត្ថភាពផ្នែកវិជ្ជាពុទ្ធសាស្ត្រ ដូចជាភាសាបាលី សំស្ក្រឹត ទ្រឹស្ដីព្រះធម៌វិន័យ  និងវិជ្ជាផ្លូវលោក។ ដើម្បីពង្រឹងស្ថាប័នព្រះពុទ្ធសាសនា ផ្សព្វផ្សាយព្រះធម៌ ឲ្យបានទូលំទូលាយភាពក្រឹត្យក្រមនៃការគោរពធម៍វិន័យនិងពង្រីកធនធានព្រះសង្ឃក្នុងទិសដៅ
ភាពស្ថិតស្ថេរជ័យភាពរបស់ព្រះពុទ្ធសាសនាផងដែរ។

លោក អ៊ុំ រាត្រី ក៏បានជំរុញឲ្យសមណសិស្សទាំងអស់ ត្រូវយកចិត្ដទុកដាក់ក្នុងការប្រឡងឲ្យបានខ្ជាប់ខ្ជួន ឲ្យបានចំណេះនៅក្នុងខ្លួនពិតៗ ដើម្បីប្រែក្លាយខ្លួនទៅជាធនធានមនុស្ស ដែលជាតិត្រូវការជាចាំបាច់មិនអាចខ្វះបាន។

គួរបញ្ជាក់ផងដែរថា ការប្រឡងយកវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សា ឆ្នាំ២០២៣-២០២៤នេះ មានរយៈពេល២ថ្ងៃពេញគីថ្ងៃទី២០ ដល់២១ ខែមករា ឆ្នាំ ២០២៤ វាមានសារៈសំខាន់ណាស់ដើម្បីវាស់ស្ទង់ និងបង្ហាញពីសមត្ថភាពប្រកបដោយគុណភាពខ្ពស់ ដែលកើតចេញពីឆន្ទះ និងការព្យាយាមសិក្សារបស់ព្រះតេជគុណគ្រប់អង្គនាក់ សមតាមពាក្យទូន្មានរបស់ព្រះជាម្ចាស់ ដែលបានបង្រៀនបរស័ទព្យាយាមមោះមុត ដើម្បីឆ្លងផុតភាពអវិជ្ជា៕