(កណ្តាល)៖ លោក សរ សុវណ្ណ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ក្ដីសង្ឃឹមយ៉ាងមុតមាំ ចំពោះសិក្ខាកាមដែលបានរៀនសូត្រវគ្គបំប៉នជំនាញ ត្រូវចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនពលរដ្ឋប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល លឿនរហ័ស ។

លោកបានបានថ្លែងបែបនេះ នៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី ការងារចុះបញ្ជីដីធ្លី ជូនដល់មន្រ្តីក្រុមការងារជំនាញចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធនៅក្នុងខេត្តកណ្តាល កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤។ ពិធីនេះ ក៏មានវត្តមានលោក ប៊ុន ផេង អភិបាលរងខេត្តកណ្តាល និងលោក សុក កាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសូរិយោដី ខេត្តកណ្ដាលផងដែរ។

លោកសរ សុវណ្ណ បានថ្លែងថា ដើម្បីឲ្យការងារចុះបញ្ជីដីធ្លី នៅក្នុងខេត្តកណ្តាល ឲ្យទទួលបានឆាប់រហ័សតាមការកំណត់របស់ក្រសួង ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងទឹកដីនៃខេត្តកណ្តាល សូមឲ្យសិក្ខាកាម ដែលជាមន្ត្រីក្របខណ្ឌ មន្ត្រីកិច្ចសន្យា និងមន្ត្រីស្ម័គ្រចិត្តទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់សិក្សា ស្វែងយល់នៅបទបង្ហាញនានា របស់គ្រូឧទ្ទេស ដើម្បីយកចំណេះជំនាញទៅអនុវត្តឲ្យមានប្រសិទ្ធភាព ធ្វើយ៉ាងណាឲ្យការងារវាស់វែង ដីធ្លីនេះទទូលបានលទ្ធផល ព្រមទាំងសម្រេចបានតាមគោលដៅដែលក្រសួងចង់បាន។

លោកបានបន្តថា ប្អូនៗក្មួយៗ អ្នកស្ម័គ្រចិត្តដែលបានចូលរួម ក្នុងការចុះរៀបចំវាស់វែងដីធ្លី ដែលមានលក្ខណៈជាប្រព័ន្ធក្នុងទឹកដីនៃខេត្តកណ្តាលនេះ គឺជាការចូលរួមចំណែកមួយយ៉ាងសំខាន់ជាមួយនឹងក្រសួង ក៏ដូចជារាជរដ្ឋាភិបាល ដើម្បីធ្វើយ៉ាងណាឲ្យការងារវាស់វែងដីធ្លី ដែលមានលក្ខណៈជាប្រព័ន្ធនេះបានឆាប់រហ័ស និងទាន់ពេលវេលា ជាពិសេសបំពេញតម្រូវការដល់បងប្អូនប្រជាពលរដ្ឋដែលគាត់មិន ទាន់មានប័ណ្ណកម្មសិទ្ធិផ្ទាល់ខ្លួន ដើម្បីគាត់យកទៅប្រើប្រាស់តាមការចាំរបស់ខ្លួន។

លោក សរ សុវណ្ណ បានវាយតម្លៃខ្ពស់ និងកោតសររសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោក លោកស្រីដែលជាគ្រូបង្គោលទាំងអស់ ដែលបានខិតខំប្រឹងប្រែងយ៉ាងមមាញឹក ចូលរួមធ្វើការបង្ហាត់បង្រៀនដល់សិក្ខាកាម ក្នុងវគ្គបណ្តុះបណ្តាលនេះ។

លោកក៏សង្ឃឹមជឿជាក់ថា សិក្ខាកាមទាំងអស់នឹងយកចំណេះដឹងដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះ ទៅអនុវត្តប្រកបដោយប្រសិទ្ធភាព និងគោរពក្រមសីលធម៌ក្នុងវិជ្ជាជីវៈ ឲ្យបានខ្ជាប់ខ្ជួន ដើម្បីការងារចុះបញ្ជីដីធ្លី ឲ្យទាន់ពេលវេលា និងឆាប់រហ័សជូនប្រជាពលរដ្ឋ។

តាមរយៈរបាយការណ៍បូកសរុបលទ្ធផលវគ្គបណ្តុះបណ្តាលរបស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល រយៈពេល៣ថ្ងៃនេះ លោកសង្ឃឹមថា មន្ត្រីក្រុមចុះបញ្ជីដីធ្លីទាំងអស់ នឹងយកចំណេះដឹងទាំងនេះ ទៅអនុវត្តការងារចុះបញ្ជី ឲ្យសម្រេចបានតាមផែនការ ដែលបានគ្រោងទុកក្នុងការអនុវត្តផែនការរយៈពេល២ឆ្នាំ ឲ្យបានចប់ជាស្ថាពរក្នុងការចុះបញ្ជីដីធ្លី ក្នុងខេត្តកណ្តាល៕