(ព្រះវិហារ)៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ បានថ្លែងដោយការប្តេជ្ញាចិត្ត ប្រកបដោយមហិច្ឆិតាខ្ពស់ថា នឹងចេញបណ្ណកម្មសិទ្ធកាន់កាប់ដីធ្លី (ប្លង់រឹង) ជូនប្រជាពលរដ្ឋទូទាំងខេត្តព្រះវិហារ ឲ្យអស់នៅក្នុងឆ្នាំ២០២៤។

ការថ្លែងរបស់លោក គីម រិទ្ធី ក្នុងឱកាសដែលលោកអញ្ជើញចូលរួមសំណេះសំណាល និងប្រគល់រថយន្តជូនគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុករវៀង នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ ដោយមានការចូលរួម ពីលោក អ៊ុក គឹមសាន អភិបាលរងខេត្តព្រះវិហារ និងជាប្រធានក្រុមការងារថ្នាក់ខេត្តចុះមូលដ្ឋានស្រុករវៀង លោក យឹម បញ្ញា អភិបាលរងខេត្តព្រះវិហារ លោក ហោ ប៊ុនហួរ អភិបាលស្រុករវៀង ព្រមទាំងក្រុមការងារថ្នាក់ខេត្តចុះមូលដ្ឋាន ស្រុករវៀង ថ្នាក់ដឹកនាំមន្ត្រីរាជការនៃរដ្ឋបាលស្រុករវៀង លោកមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣ លោកមេឃុំ លោកមេប៉ុស្តិ៍នគរបាលរដ្ឋបាលជាច្រើនរូបទៀត។

ដើម្បីឲ្យផែនការនៃការចេញបណ្ណកម្មសិទ្ធកាន់កាប់ដីធ្លី (ប្លង់រឹង) ជូនប្រជាពលរដ្ឋទូទាំងខេត្តព្រះវិហារ ឲ្យអស់ក្នុងឆ្នាំ២០២៤ លោក គីម រិទ្ធី បានថ្លែងណែនាំដល់អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចកិច្ចពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ខ្លាំង លើការងារដោះស្រាយវិវាទដីធ្លី។ ជាមួយគ្នានេះដែរ លោកក៏បានណែនាំដល់លោកប្រធានមន្ទីរ ដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ត្រូវបើកតំបន់វិនិច្ឆ័យ ចំពោះភូមិដែលប្រជាពលរដ្ឋរស់នៅច្រើន តំបន់ទីប្រជុំជន ដោយកុំបើកតំបន់វិនិច្ឆ័យនៅក្នុងព្រៃដែលគ្មានមនុស្សរស់នៅ។

ពាក់ព័ន្ធនឹងការប្រគល់រថយន្តជូន គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុករវៀងនៅពេលនេះ លោក គីម រិទ្ធី បានថ្លែងថា នេះជារថយន្តទី២ហើយ ដែលរដ្ឋបាលខេត្តព្រះវិហារបានប្រគល់ បន្ទាប់ពីការប្រគល់រថយន្តលើកទី១ ជូនគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកស្រុកគូលែន ហើយលោកមានផែនការ នឹងប្រគល់រថយន្តជូនគណៈបញ្ជាការឯកភាព ឲ្យគ្រប់ក្រុង ស្រុក ទាំង៨ នៅពេលខាងមុខនេះ។

លោកអភិបាលខេត្តព្រះវិហារ បានបញ្ជាក់ថា រថយន្តដែលប្រគល់ជូនគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុករវៀងនាពេលនេះ គឺសម្រាប់បម្រើឲ្យការងារប្រតិកម្មរហ័សរបស់ស្រុក ក្នុងការដោះស្រាយបញ្ហាផ្សេងៗ ដែលប្រជាពលរដ្ឋតាមបណ្តាឃុំប្តឹងមក ហើយចំពោះសមាសភាពក្រុមការងារពាក់ព័ន្ធដែលជិះរថយន្តនេះសម្រាប់ចេញដោះស្រាយបញ្ហាផ្សេងៗ គឺត្រូវពាក់ឯកសណ្ឋានឲ្យបានត្រឹមត្រូវតាមជំនាញរៀងៗខ្លួន មិនមែនស្លៀកខោល្លី ពាក់អាវយឺតស៊ីវិល ទៅដោះស្រាយរឿងជូនប្រជាពលរដ្ឋនោះទេ។

ដោយឡែកលោក ហោ ប៊ុនហួរ អភិបាលស្រុករវៀង ក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ និងប្រជាពលរដ្ឋទូទាំងស្រុក បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅដល់លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ដែលបានប្រគល់រថយន្ត១គ្រឿងជូនគណៈបញ្ជាការឯកភាពស្រុក ហើយលោកប្តេជ្ញានឹងប្រើប្រាស់រថយន្តនេះ ឲ្យចំគោលដៅ និងថែរក្សាឲ្យបានល្អ ប្រយោជន៍ឲ្យការប្រើប្រាសបានយូរអង្វែង៕