(កំពង់ធំ)៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បាននាំយកសម្ភារសិក្សា ផ្តល់ជូនសិស្សានុសិស្សសាលាបឋមសិក្សាក្រសាំង «ខ» ចំនួន ៣៤០នាក់ ស្ថិតនៅក្នុងឃុំសានគរ ស្រុកកំពង់ស្វាយ នារសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤។

លោកបានសម្ដែងនូវការរីករាយ ដោយបានមកជួប និងនាំយកនូវអំណោយមកចែកជូនដល់ ចៅៗជាសិស្សានិសិស្ស ក្នុងសាលាបឋមសិក្សាក្រសាំង «ខ» ហើយលោកបានជំរុញលើកទឹកចិត្ត ឲ្យប្រឹងប្រែងសិក្សារៀនសូត្រ គោរពវិន័យសាលា ស្តាប់គ្រូពន្យល់ណែនាំ ចេះស្រឡាញ់រាប់អានគ្នា សាមគ្គីសហការរៀនជាមួយគ្នា ព្រោះយើងមិនអាចរៀនតែម្នាក់ឯងនោះទេ ព្រោះការវិវឌ្ឍបច្ចេកវិទ្យាលឿនរហ័ស ដែលទាមទារឲ្យការចែករំលែកបទពិសោធន៍ ចំណេះដឹងគ្នាទៅវិញទៅមក។

លោកបញ្ជាក់ថា នៅពេលដែលចៅៗរៀន បានពូកែមានការងារល្អធ្វើអាចរកលុយបានច្រើន ហើយមានអនាគតល្អពេលនោះនឹងមាន លទ្ធភាពមកជួយគ្រួសារ និងភូមិស្រុករបស់យើង ឲ្យមានការអភិវឌ្ឍរីកចម្រើនបន្តទៅមុខទៀត។

លោក ងួន រតនៈ បានផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ត្រូវ ចេះរក្សាអនាម័យឲ្យបាន មុនញាំអាហារត្រូវលាង សំអាតដៃឲ្យបានស្អាត មុនចូលគេងត្រូវ ធ្មេញឲ្យបានល្អ ដើម្បីមានសុខភាពល្អរឹងមាំ ជៀសវាងពីជំងឺឆ្លងបាន និងចៀសឲ្យឆ្ងាយពីគ្រឿងញៀន ដែលធ្វើឲ្យប៉ះពាល់ និងខូចអនាគតថែមទៀតផង។

សូមបញ្ជាក់ថា សៀវភៅសិក្សាដែលបានចែកជូនមានចំនួន១,៣៤០ក្បាល ប៉ិច១៣៤០ដើម ដល់សិស្សចំនួន៣៤០នាក់ ដោយម្នាក់ៗទទួលបានសៀវភៅ ៤ក្បាល ប៊ិច១ដើម៕