(ស្ទឹងត្រែង)៖ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តស្ទឹងត្រែង នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ បានបើកកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០១៣ សហវ ស្តីពីការអនុវត្តច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៤។

កិច្ចប្រជុំនេះ បានធ្វើឡើងក្រោមអធិបតីភាព លោក ថោង ស្រ៊ាន  អភិបាលខេត្តស្តីទី តំណាងលោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង និងលោក ខេង ទិត្យសីហា ប្រធានមន្ទីរសេដ្ឋកិច្ចខេត្ត, ព្រមទាំង លោក-លោកស្រី ប្រធាន អនុប្រធានមន្ទីរ និងរដ្ឋបាល គណនេយ្យករ តាមមន្ទីរអង្គភាពជុំវិញខេត្តជាច្រើននាក់ទៀត។

លោក ខេង ទិត្យសីហា បានថ្លែងថា គ្រប់អង្គភាពត្រូវគិតគូរឲ្យបានច្បាស់លាស់នូវការរៀបចំផ្នែកចំណូល-ចំណាយ របស់មន្ទីរ អង្គភាពឲ្យបានជាក់លាក់ ត្រឹមត្រូវ ទាន់ពេលវេលា និងស្របតាមតម្រូវការជាក់ស្តែង ដំណើរការអនុវត្តការងារថវិកា ស្របតម្រូវការសមិទ្ធកម្មរបស់ខ្លួន កត្តាសំខាន់គឺការអភិវឌ្ឍក្នុងមន្ទីរអង្គភាពរបស់ខ្លួន ក៏ត្រូវរំលេចនូវសកម្មភាព និងបេសកកម្មចម្បងៗរបស់ក្រសួង-ស្ថាប័ន អំពីភាពជាក់ស្ដែង នៃការអនុវត្តផែនការយុទ្ធសាស្រ្ត ថវិកាឆ្នាំកន្លងមក និងការប៉ាន់ស្មានស្ថានភាព នៃការអនុវត្តផែនការយុទ្ធសាស្រ្តថវិកាបច្ចុប្បន្ន ធៀបទៅនិងគោលដៅសូចនាករ ដែលបានកំណត់ និងលើកឡើងនូវបញ្ហាប្រឈម ដែលត្រូវដោះស្រាយ ក្នុងឆ្នាំ២០២៤ និងឆ្នាំខាងមុខទៀតផងដែរ។

លោកប្រធានមន្ទីរ បានបញ្ជាក់ថា សារាចរណែនាំលេខ ០១៣ សហវ ស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤នេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់គ្រប់អង្គភាព ត្រូវអនុវត្តន៍ប្រកបដោយ ប្រសិទ្ធភាព។

ជាមួយគ្នានោះ សារាចរនេះក៏ជាយុទ្ធសាស្ត្រសម្រាប់ការរៀបចំផែនការយុទ្ធសាស្រ្តថវិកា ក៏ត្រូវរំលេចផងដែរ អំពីវិធានការគោលនយោបាយសំខាន់ៗ ដែលក្រសួងស្ថាប័ន បានដាក់ចេញឲ្យស្របតាមទិសដៅរបស់រាជរដ្ឋាភិបាល និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍជាតិ រួមទាំងគោលនយោបាយតាមវិស័យ និងអន្តរវិស័យ ដើម្បីរៀបចំផែនការយុទ្ធសាស្រ្តថវិកា មន្ទីរអង្គភាពជុំវិញខេត្ត ក៏ត្រូវគិតគូរ យកចិត្តទុកដាក់ក្នុងការអនុវត្ត ចំណូលចំណាយថវិកាឆ្នាំ២០២៤នេះ ឲ្យបានល្អប្រសើរ។

លោក ថោង ស្រ៊ាន អភិបាលខេត្តស្ទឹងត្រែងស្តីទី បានផ្តាំផ្ញើឲ្យមន្ទីរ អង្គភាព ជុំវិញខេត្ត ត្រូវយកចិត្តទុកដាក់ ក្នុងការស្ដាប់នូវការបង្ហាញរបស់ប្រតិភូតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសូមលើកទឹកចិត្ត ឲ្យមានការចូលរួមក្នុងការសួរនូវចំណុចសំខាន់ៗ ដែលពុំទាន់យល់ច្បាស់ ដើម្បីជាមូលដ្ឋានក្នុងការរៀបចំផែនការយុទ្ធសាស្រ្តថវិកាឆ្នាំ២០២៤ ប្រកបដោយប្រសិទ្ធភាពនិងទំនួលខុសត្រូវ ព្រមទាំងការរៀបចំការគ្រប់គ្រងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៤នេះឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលាផងដែរ៕